ដោយៈសរិទ្ធ/ភ្នំពេញៈបុរសជនជាតិនីហ្សេរីយ៉ាម្នាក់បើករថយន្តបញ្ច្រាសផ្លូវហើយយកប្រាក់ដុល្លារក្លែងក្លាយមកបង់ថ្លៃផាកពិន័យបានត្រូវនគរបាលចរាចរណ៍ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចនគរបាលខណ្ឌដង្កោចាត់ការតាមច្បាប់ស្រាប់តែរកឃើញមានកញ្ឆាក្រៀមមួយកញ្ចប់ទៀតដែលលាក់ទុកក្នុងរថយន្ត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ២១៧ក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ ។
មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថាជនជាតិនីហ្សេរីយ៉ារូបនេះបានបើករថយន្តព្រូសពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2BC 9125 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១មកដល់ចំណុចស្តុបអតីតស្ពានដែកភ្លើងស្តុបបានលោតសញ្ញាភ្លើងក្រហម។ប៉ុន្តែជនជាតិនីហ្សេរីយ៉ារូបនេះមិនបានឈប់ទេគឺបានបើកបំពានភ្លើងស្តុបរួចបត់ឡើងមកផ្លូវ២១៧ (ផ្លូវចំការដូង)ក៏ត្រូវនគរបាលចរាចរណ៍ដែលឈរនៅគោលដៅបានឃាត់ដើម្បីធ្វើការផាកពិន័យតាមច្បាប់។
ប្រភពដដែលបន្តថាពេលបង់ថ្លៃផាកពិន័យជនជាតិបរទេសនេះបានឲ្យក្រដាសប្រាក់មួយរយដុល្លារអាមេរិក។ប៉ុន្តែសមត្ថកិច្ចគ្មានលុយរាយអាប់ក៏បានយកទៅដូរនៅទីតាំងដូរលុយចំនួន២កន្លែងតែគេបញ្ជាក់ថាលុយនោះជាលុយក្លែងក្លាយ។ពេលយកមកប្រគល់ឲ្យវិញស្រាប់តែជនជាតិនីហ្សេរីយ៉ាទាញយកមកហែកចោលមុខនគរបាលដោយមិនចង់បង់ថ្លៃផាកពិន័យ។ដូចនេះសមត្ថកិច្ចក៏បានឃាត់ខ្លួនប្រគល់មកឲ្យកម្លាំងនគរបាលខណ្ឌដង្កោដើម្បីធ្វើការសាកសួរបន្ត។
នគរបាលខណ្ឌដង្កោបានបញ្ជាក់ថាជុំវិញករណីនេះកម្លាំងសមត្ថកិច្ចបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីដោយសារជនជាតិនីហ្សេរីយ៉ានេះប្រើប្រាស់លុយក្លែងក្លាយនិងនៅក្នុងរថយន្តរកឃើញមានកញ្ឆា មួយកញ្ចប់ទៀត ៕