ដោយ: សរិទ្ធ / ភ្នំពេញ: មន្ត្រីនគរបាលនិងមន្ត្រីជាប់កិច្ចសន្យាបំរើការនៅការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៦នាក់ បានត្រូវសមត្ថកិច្ចនគរបាលខេត្តកណ្តាលឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២០ រួចបញ្ជូនមកសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរករណីដើរលក់បំពង់ពន្លត់អគ្គិភ័យ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀនក្រុងតាខ្មៅខេត្តកណ្តាលពោលគឺខុសដែនសមត្ថកិច្ច។
រហូតមកដល់រសៀលថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរមន្ត្រីទាំង៦នាក់នេះ។
មន្ត្រីទាំង៦នាក់នេះមាន១- អនុសេនីយ៍ឯក ហែម ហ៊ុំ អត្តលេខ៣១៥៦១ ជាមន្ត្រីចូលនិវត្តន៍បច្ចុប្បន្នជាជាមន្ត្រីជាប់កិច្ចសន្យា ២- អនុសេនីយ៍ទោ ឌួង ចាន់សិត្យា ឋាន:មន្ត្រី, ៣- ឈ្មោះសាន វឌ្ឃន: ជាមន្ត្រីជាប់កិច្ចសន្យា(អ្នកបើកបរ), ៤-ឈ្មោះ ហៀក វិរ:សាក ជាមន្ត្រីជាប់កិច្ចសន្យា, ៥-ឈ្មោះ ថោង ថាន់ ជាមន្ត្រីជាប់កិច្ចសន្យា, និង៦-ឈ្មោះ ដែក សម្បត្តិ ជាមន្ត្រីជាប់កិច្ចសន្យា។
ពាក់ព័ន្ធនឹងបញ្ហានេះសមត្ថកិច្ចបានឲ្យដឹងថានគរបាលប៉ុស្តិ៍ដើមមៀនបានទទួលព័ត៌មានថា មាននគរបាលផ្នែកបង្ការ ពន្លត់អគ្គិភ័យចំនួន៦នាក់ ដើរលក់បំពង់ពន្លត់អគ្គិភ័យនៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន។ ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលរដើមមៀនបានចុះដល់ រួចឃាត់ខ្លួនអ្នកទាំង៦នាក់នោះមកប៉ុស្តិ៍ដើម្បីសួរនាំ។ ចំណែកមធ្យោបាយធ្វើដំណើរសម្រាប់ធ្វើសកម្មភាពលក់ រួមមាន៖ រថយន្តម៉ាកFORD RANGER ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 2AQ-0304 និងម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AX-6848៕ ល