អាស៊ី​កំពុង​រសាប់រសល់​រង់​ចាំ​ថា​តើ បៃ​ដិន នឹង​ធ្វើ​អ្វី​?

​ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​៖ ​នៅពេល​មាន​ការរំពឹង​ខ្លាំង​ថា លោកចូ បៃ​ដិន នឹង​ចូល​ជំនួស​ដូណាល់ ត្រាំ​ជា​ប្រធានាធិបតី​អាម៉េរិក​បន្ទាប់ បណ្តា​រដ្ឋាភិបាល​នៅ​អាស៊ី​ក៏​កំពុង​រង់ចាំ​យ៉ាង​រសាប់រសល់​ចិត្ត​ថា​​តើ​នឹង​មាន​អ្វី​ប្រែប្រួល​ទេ​អំពី​ទំនាក់ទំនង​ការទូត សេដ្ឋកិច្ច​និង​សន្តិសុខ​ជាមួយ​រដ្ឋាភិបាល​អាម៉េរិក​។​

​ចាប់តាំងពី​សន្តិសុខ​ដល់​ពាណិជ្ជកម្ម​និង​ការប្រែប្រួល​អាកាសធាតុ មហាអំណាច​អាម៉េរិក​មាន​ឥទ្ធិពល​ស្ទើរ​គ្រប់​ច្រកល្ហក​នៃ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។ ក្នុងអំឡុងពេល​កាន់តំណែង​៤​ឆ្នាំ ប្រធានាធិបតី​អា​ម៉េ​​រិក ដូ​ណា​ល់ ត្រាំ បាន​ចាប់​អង្រួន​គ្រឹះ​ទំនាក់ទំនង​របស់​អាម៉េរិក​នៅទីនេះ នៅ​ពេល​លោក​បាន​ព្យាយាម​ទាក់ទាញ​គូប្រជែង​ជា​ប្រពៃណី និង​វាយប្រហារ​សម្ពន្ធមិត្ត​យ៉ាង​សប្បាយ​។​

​ឥឡូវ​នៅពេល​លោកបៃ​ដិន សម្លឹង​ទៅ​ដោះស្រាយ​បញ្ហា​ក្នុងស្រុក​ដ៏​ធំ​សម្បើម មាន​ការព្រួយបារម្ភ​ជាទូទៅ​ថា អាស៊ី​នៅ​ទី​បំផុត​ទៅ​នឹង​ត្រូវ​ទុក​ដោះស្រាយ​ក្រោយ​។​សម្ពន្ធភាព​នឹង​ក្លាយ​ជា​ការ​មិន​ចាំបាច់ ហើ​​យ​ការប្រកួតប្រជែង ជាពិសេស​ជាមួយ​ចិន ដែល​ជា​គូប្រជែង​ធំ​មហិមា​របស់​អាម៉េរិក​សំរាប់​ឧត្តមភាព​តំបន់ ក៏​អនុញ្ញាតអោយ​វា​ទៅ​ស្រេច​តែ​វា​ទៅ​ហើយ​នៅពេល​វា​ទំនងជា​អន្តរកាល​សេត​វិមាន​ដ៏​ប្រទាំង​​ប្រទើស​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាម៉េរិក ចូរ​ប៉ាន់ស្មាន​មើល​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​បន្ទាប់​ចំពោះ​អាស៊ី​និង​តំបន់​ពេល​បៃ​ដិ​ន អង្គុយ​ក្នុង​សេត​វិមាន​៖

ប្រធានាធិបតីចិ​ន ចាប់ដៃ លោកបៃដិន កាលពីលោកនៅជាអនុប្រធានាធិបតី។មានការរំពឹងទុកច្រើនថា ទំនាក់ទំនងរវាងចិននិងអាម៉េរិកងាកមកល្អឡើងវិញខ្លះនៅក្រោមការដឹកនាំរបស់បៃដិន

-​ចិន​

​បៃ​ដិន នឹង​ទំនងជា​យកចិត្តទុកដាក់​ចិន​មុនគេ​។​ប្រទេស​ទាំង​ពីរ​ប្រជែង​គ្នា​ទាំង​សេដ្ឋកិច្ច​និង​នយោបាយ និង​សូម្បីតែ​វត្តមាន​យោធា​អាម៉េរិក​នៅ​ប៉ាស៊ីហ្វិក​ក៏ ដើម្បី​ទប់ទល់​នឹង​ដែន​ឥទ្ធិពល​ចិន​នៅ​​ទី​នេះ​ដែរ​។​

​ក្រោម​ការដឹកនាំ​របស់​ត្រាំ គូប្រជែង​ទាំងពីរ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​នឹង​គ្នា និង​វាយប្រហារ​គ្នា​ដោយ​ពាក្យសម្តី​លើ​រណសិរ្ស​ជាច្រើន​។

​អា​ឡិច​សង់ឌ័​រ ហួ​ង សាស្ត្រាចារ្យ​ខាង​យុទ្ធសាស្ត្រ​នៅ​សកល​វិទ្យាល័យ Tamkang University​នៅ​ក្រុង​តៃប៉ិះ បាន​និយាយថា​«​ខ្ញុំ​រំពឹងថា បៃ​ដិន នឹង​ងាក​មក​រក​មធ្យោបាយ​កណ្តាល​មិនសូវ​ប្រទាំង​ប្រទើស​​កាលពី​សម័យ​លោក​បា​រ៉ាក់ អូ​បា​ម៉ា ចំពោះ​ទំនាក់ទំនង​ចិន​-​អាម៉េរិក​»​។​

​បើ​តាម​លោក​ហួង ការ​ចូល​ពាក់ព័ន្ធ​ជាមួយ​ចិន​កាន់តែខ្លាំង នាំ​អោយ​អាម៉េរិក​បន្ថយ​ការគាំទ្រ​តៃវ៉ាន់ ដែល​ចិន​អះអាងថា​ជា​ទឹកដី​របស់​ខ្លួន​និង​មិន​ចាំបាច់​កាត់បន្ថយ​ការតាំង​ចិត្ត​របស់​អាម៉េរិក​ក្នុងការ​​ធានា​ការពា​រកោះ​នេះ​ពី​ការ​គំរាម​របស់​ចិន​ទេ​។​

-​កូរ៉េ​

​អាច​និយាយថា លា​ហើយ​ជំនួប​កំពូល​ដ៏​ល្បីល្បាញ​។​ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ធ្វើដំណើរ​ពី​ការ​គំរាម​គ្នា​ទៅ​កាន់ការ​អង្គុយ​និយាយ​គ្នា​៣​ដង ដែល​ជា​ព្រឹត្តិការណ៍​សារព័ត៌មាន​ធំ​បំផុត​​តែ​វា​មិន​បាន​បំផ្លាញ​ចោល​កម្មវិធី​កាំជ្រួច​ឬ​នុយគ្លេអ៊ែរ​របស់​កូរ៉េខាងជើង​ទេ​។​

​លោក​គីម ឥឡូវ ត្រូវ​សម្រប​ខ្លួន​ទៅ​នឹង​បុរស​ម្នាក់ ដែល​ប្រព័ន្ធ​ឃោសនា​របស់​លោក បាន​ហៅ​ថា​ជា​«​ឆ្កែឆ្កួត​មួយ​ក្បាល​ដែល​ត្រូវតែ​វ៉ៃ​អោយ​ងាប់​»​។​

​ចំណែក លោកបៃ​ដិន បាន​ហៅ​លោក​គីម ថា​« ឃាតករ​»​និង​«​ឧក្រិដ្ឋជន​» និង​បាន​និយាយថា លោក​ត្រាំ​បាន​ជូន​កាដូ​ដល់​ជន​ផ្តាច់ការ​នេះ​នូវ​ភាពស្របច្បាប់​ជាមួយនឹង​«​ជំនួប​កំពូល​៣​លើក​»​ដែល​មិន​​បាន​នាំ​ដល់​ការរំសាយ​សព្វាវុធ​អី​សោះ​។​

​បៃ​ដិនបាន​អនុវត្ត​មធ្យោ​បាន​យឺត​ជាង​ចេញ​ពី​ជំនួប​ថ្នាក់​ការងារ និង​បាន​និយាយថា លោក​នឹង​រឹតបន្តឹង​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង រហូត​ទាល់តែ​ប្រទេស​នេះ​ចាត់វិធានការ​មាំទាំ​ឡើង​ក្នុង​ការរំសាយ​ចោល​​នុយគ្លេអ៊ែ​រ​។​

​ចំពោះ​កូរ៉េខាងត្បូង ប្រធានាធិបតី​ថ្មី​នឹង​ទំនងជា​បង្ហាញ​ការគោរព​ខ្លាំង​ឡើង​ចំពោះ​សម្ពន្ធមិត្ត​របស់​ខ្លួន​ជាង​ត្រាំ ដែល​បាន​កាត់បន្ថយ​ការ​ការហ្វឹកហាត់​យោធា​រួមគ្នា និង​គិតតែ​ទាមទារ​ដំឡើង​ថ្លៃ​ដាក់​​កងទ័ព​អាម៉េរិក​ចំនួន​២៨.៥០០​នាក់​នៅ​ទីនោះ​ដើម្បី​ការពារ​កូរ៉េ​ខាងត្បូង​ពី​ការ​គំរាម​មក​ពី​កូរ៉េខាងជើង​។​

-​ជប៉ុន​

​ការលាឈប់​របស់​នាយ​ក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អាបេ នៅ​ឆ្នាំ​នេះ បានបញ្ចប់​ទំនាក់ទំនង​ស្និទ្ធស្នាល​ដែលមាន​តិចតួច​បំផុត​របស់​ត្រាំ ជាមួយ​មេដឹកនាំ​បរទេស​ណា​ម្នាក់​។​

​មាន​ការរំពឹង​នៅ​ក្រុង​តូ​ក្យូ​ថា គោល​នយោបាយ​បរិស្ថាន​រីកចំរើន​ជាង​របស់​បៃ​ដិ​ននឹង​ជួយ​បណ្តា​ក្រុមហ៊ុន​បរិស្ថាន​ជប៉ុន និង​ថា លោក​នឹង​ប្រកាន់​គោលជំហរ​តឹង​មួយ​លើ​ចិន​ដែល​ជប៉ុន​ជា​គូប្រជែង​មួយ​។​

​តែ​ក៏​មាន​ការបារម្ភ​ខ្លះ​ដែរ​ថា នៅក្រោម​បៃ​ដិ​ន «​អាម៉េរិក​មិនអាច​មើលថែ​ប្រទេស​ដទៃ​ទៀត និង​ផ្តល់​អាទិភាព​លើ​ការស្ថាបនា​ខ្លួនឯង​ឡើងវិញ​» នេះ​បើ​តាម​លោក ហ៊ី​រ៉ូ អាយ​ដា សាស្ត្រាចារ្យ​នៅ​សកល​វិទ្យា​​ល័យ​Kansai University​។​

​រីឯ​លោក ផេ​ធឺ តា​សគឺ អ្នកវិភាគ​នៅ​មជ្ឈមណ្ឌល​Arcus Research​បាន​និយាយថា នៅពេលបៃ​ដិន​រវល់​តែ​បញ្ហា​ក្នុងស្រុក​ជា​ច្រើន ចាប់​ពី​ពូជសាសន៍ រហូត​ដល់​សេដ្ឋកិច្ច សុខាភិបាល​និង​វីរុស​កូរ៉ូណា ជប៉ុន​អាច​នឹង​ត្រូវ​ទុកចោល នៅពេល​ចិន​បន្ត​មហិច្ឆតា​ទឹកដី ហើយ​កូរ៉េខាងជើង​បន្ត​ពង្រីក​ការងារ​នុយគ្លេអ៊ែរ​របស់គេ​។​

-​អូស្ត្រាលី​និង​នូវែ​លសេ​ឡង់​

​នាយករដ្ឋមន្ត្រី​និយម​អភិរក្ស​របស់​អូស្ត្រាលី​ដែល​នៅក្នុង​តំណែង​ពេល​ត្រាំ​ជាប់ឆ្នោត​នោះ លោក​ម៉ាល់​ខូម ធឺ​ន​ប៊ុល បាន​បង្ហោះ​សារ​អបអ​របៃ​ដិន ថា​« ធូរ​អារម្មណ៍​អី​ម្លេះ​ទេ ដែល​អ្នក​បានឈ្នះ​»​។​

​មានការ​រំពឹងថា បៃ​ដិ​ននឹង​ធ្វើ​បាន​ល្អ​ជាង​រដ្ឋការ​ត្រាំ ដែល​បាន​លើកលែង​ពន្ធ​ដល់​ឧស្សាហករ​ដែក​និង​អាលុយមីញ៉ូម​អូស្ត្រាលី​នៅ​ឆ្នាំ​២០១៨ តែ​បាន​ដួរចិត្ត​នៅមួយ​ឆ្នាំក្រោយ​។​

​ចំណែក​នូវែល​សេឡ​ង់​មានបំណ​ងលក់​ទឹកដោះគោ​និង​សាច់គោ​ច្រើន​ទៀត នៅក្រោម​រដ្ឋការ​អាម៉េរិក​មួយ​ដែល​បើកចំហ​ឡើង​ចំពោះ​ពាណិជ្ជកម្ម​សេរី​។​

​នូវែ​លសេ​ឡង់​និង​បណ្តា​ប្រទេសនៅ​សមុទ្រ​ប៉ាស៊ីហ្វិក ក៏​សង្ឃឹម​ថា លោកបៃ​ដិន​អាច​ជួយ​សម្រាល​ភាពតា​ន​តឹង​ជាមួយ​ចិន​ផង​ដែរ​។​នូវែ​លសេ​ឡង់​កំពុង​មើល​ឃើញ​ថា​ខ្លួនឯង​ជាប់​នៅ​ចន្លោះ​មហាអំណាច​ពីរ​​នៅ​ពេល​ខ្លួន​ពឹង​ចិន​ខាង​ពាណិជ្ជកម្ម តែ​ត្រូវ​រក្សា​ទំនាក់ទំនង​យោធា​និង​ចារកម្ម​ជាមួយ​អាម៉េរិក​ផងដែរ​។​

-​ឥណ្ឌា​

​នឹង​មិន​មាន​ការប្រែប្រួល​ច្រើន​ទេ​អំពី​ទំនាក់ទំនង​យោធា​និង​សន្តិសុខ​រវាង​ឥណ្ឌា​និង​សហរដ្ឋ​អាម៉េរិក​។​តែ​រដ្ឋការ​លោកបៃ​ដិន អាច​ពិនិត្យពិច័យ​ខ្លាំង​ឡើង​លើ​ប្រវត្តិ​សិទ្ធិមនុស្ស​និង​សេរីភាព​សាសនា​របស់​​ឥណ្ឌា ដែល​បញ្ហា​ទាំង​ពីរ​នេះ​ត្រូវ​រដ្ឋការ​ត្រាំ​មិន​អើពើ​ទេ​។​

​បៃ​ដិ​នក៏​ប្រហែលជា​នឹង​ម៉ឺងម៉ាត់​ឡើង​អំពី​គោលនយោបាយ​ជាតិនិយម​ហិណ្ឌូ​របស់​នាយក​រដ្ឋមន្ត្រី​ណា​រេ​នដ្រា ម៉ូ​ឌី ដែល​ពួក​អ្នក​រិះគន់​និយាយថា វា​គាបសង្កត់​ក្រុម​សម្លេង​ភាគតិច​ឥណ្ឌា​។​

​ប្រទេស​ទាំង​២​នឹង​ធ្វើការ​រួម​គ្នា​កាន់តែ​ជិតស្និទ្ធ​ឡើង​ដើម្បី​ទប់ទល់​នឹង​ចិន ដែល​ជា​គូប្រជែង​រួម​របស់​គេ​។​សេត​វិមាន​របស់​បៃ​ដិ​ននឹង​មិន​ប្រឈម​ជាមួយ​ប្រទេស​ណា​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គិតថា​​ជា​នុយ​យុទ្ធសាស្ត្រ​ល្អ​បំផុត​របស់​អាម៉េរិក​នៅ​អាស៊ី​ខាងត្បូង​ទេ​, នេះ​បើ​តាម​លោក​គូ​ជែល​មែននៅ​អង្គការ Asia Program ។​

-​អាស៊ីអាគ្នេយ៍​

​ប្រ៊ី​ហ្គេត វ៉ែលស៍ នៅ​សកល​វិទ្យាល័យ​ម៉ាឡេស៊ី​មួយ​បាន​និយាយថា ប្រទេស​ខ្លះ​នៅក្នុង​តំបន់​នេះ ដូចជា​ម៉ាឡេស៊ី​ងាក​ទៅរក​ចិន​ដោយសារតែ​ការវិនិយោគ​ក្រាស់ក្រែល​និង​ផ្តោត​លើ​ការ​រើប​រើ​ឡើងវិញ​នៃ​​សេដ្ឋកិច្ច ដូច្នេះ​«​វា​ត្រូវ​ចំណាយពេល​ដើម្បី​អាម៉េរិក​សាង​ទំនុកចិត្ត​ឡើងវិញ​»​។​

​ចំណែក​លោក រី​ឆាត ហេ​សា​រៀន អ្នកវិភាគ​នៅ​ហ្វីលីពីន បាន​និយាយថា លោក បៃ​ដិន ក៏​ទំនង​ជា​ប្រយ័ត្នប្រយែង​ខ្លាំង​ឡើង​ក្នុង​ការទាក់ទង​ជាមួយ​បុរស​ខ្លាំង​មួយ​ចំនួន​នៅក្នុង​តំបន់​នេះ​ដើម្បី​រក្សាស្ថិរ​​ភាព​ទំនាក់ទំនង​ជាមួយ​សម្ពន្ធមិត្ត​និង​ដៃគូ​នៅ​អាស៊ី​អាគ្នេយ៍​និង​ក្នុង​តំបន់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...