Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​កម្ពុ​ជាៈជាង...

​កម្ពុ​ជាៈជាង ១០​ឆ្នាំ​ចុងក្រោយៈ ការ​បរបាញ់​សម្លាប់សត្វ​ដំរីព្រៃ​ដើម្បី​យក​ភ្លុក និង​កន្ទុយ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​

ដោយ​: មុនី​រ័ត្ន / ដេប៉ូ​ ភ្នំពេញៈ នៅក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​ចុង​ក្រោយនេះ កម្រិត​នៃ​បទល្មើស​បរបាញ់​សម្លាប់​សត្វ​ដំរីព្រៃ​ដើម្បី​យក​ភ្លុក និង​កន្ទុយ​ប្រើប្រាស់​តាម​ជំនឿ​ពី​បុរាណ​មក​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ស្ទើរតែ​គ្មាន ដោយសារតែ​ការអនុវត្ត​ច្បាប់​តឹងរឹង​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង​របស់លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន

​លោក នេត្រ ភក្ត្រា បានកត់សម្គាល់​ឃើញថា ជម្លោះ​រវាង​មនុស្ស​និង​សត្វ​ដំរីព្រៃ​បានកើត​ឡើង​នៅតាម​តំបន់ការពារធម្មជាតិ​មួយចំនួន ដោយសារតែ​ការផ្លាស់​ទី​ទាំង​ចម្ងាយ​ឆ្ងាយ​និង​ចម្ងាយ​ជិត​តាម​រដូវ​កាល និង​ការស្វែងរក​ចំណី​អាច​រង​ការរំខាន​ដោយសារតែ​វត្តមាន​របស់​មនុស្ស​នៅក្នុង​តំបន់​ដែន​ជម្រក​របស់​ពួក វា​និង​លើសពីនេះ ដំរីព្រៃ​អាច​ទទួលរង​ការ​វាយតប​ពី​សំណាក់​ប្រជាជន​រហូតដល់​រងរ​បួស ឬ​ឈានដល់​ការ សម្លាប់​ជាការ​សងសឹក​នឹង​ដំរីព្រៃ​ដែល​បាន​ចូលមក​ស៊ី​ដំណាំ​របស់​ពួកគេ​។​

​អ្នកនាំពាក្យ​បានឱ្យដឹងថា កម្រិត​នៃ​ការ​បរបាញ់​សត្វ​ដំរីព្រៃ​ត្រូវបាន​កត់សម្គាល់​ឃើញថា មានការ​ធ្លាក់ចុះ​ខ្លាំង​ស្ទើរតែ​គ្មាន​ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​មកនេះ​ដោយសារតែ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពង្រឹង​ការអនុវត្ត​ច្បាប់​បាន​យ៉ាង​ល្អ ខណៈ​ពី​ជាង ៣ ឆ្នាំមុន ការ​បរបាញ់​បានសម្លាប់​សត្វ​ដំរីព្រៃ​អស់​ជាច្រើន​ក្បាល​។ នៅក្នុង​ប្រទេស​កម្ពុជា​ប​ច្ចុ​ប្បន្ន​នេះ ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ​ចន្លោះ​ពី ៤០០ ទៅ ៦០០ ក្បាល ដែល​ភាគច្រើន​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្តមណ្ឌលគិរី ដែលជា​តំបន់​ជីវៈចម្រុះ​ដ៏​សំបូរបែប ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយផល​ដល់​ការរស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ចំណែក​ដំរី​ស្រុក​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ចំនួន ៧១ ក្បាល​។

​លោក នេត្រ ភក្ត្រា បាន​បន្តថា យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ ក្នុង​រយៈពេល ៦០ ទៅ ៧០ ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​ដំរី អាស៊ី​នៅលើ​ពិភពលោក​បាន​ថយចុះ​ប្រហែលជា ៥០% ចំណែកឯ​ទីជម្រក​របស់​វា​បាន​បាត់បង់​អស់​ជិត ៩០​ភាគ​គរ​យ​។ ក្នុងចំណោម​ដំរី​អាស៊ី​សរុប​ប្រមាណ​ពី ៣៩ ៤៦៣ ក្បាល​ទៅ ៤៧ ៤២៧ ក្បាល​ដែល​កំពុង​រស់នៅ​ក្នុងព្រៃ​សត្វ​ថ្ងៃ ក្នុងនោះ​ប្រហែល ៧៥% រស់នៅក្នុង ប្រទេស​ឥណ្ឌា និង​ស្រីលង្កា​។ ដំរី​អាស៊ី​ត្រូវបាន​ចាត់ទុកថា​ជា​ប្រភេទ​សត្វ​បង្គោល​ដ៏​សំខាន់​ដោយសារ​សារៈ សំខាន់​ផ្នែក​វប្បធម៌ តួនាទី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្តានុពល​ដែល​អាច​ការពារ​ប្រភេទ​សត្វ​ផ្សេងទៀត​នៅ ក្នុង​ដែន​ជម្រក​របស់​វា​។

​លោក​បាន​បញ្ជាក់ថា ដំរី​អាស៊ី​កំពុងតែ​ទទួលរង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ដែន​ជម្រក​របស់​វា​នៅលើ​សកលលោក ហើយ​ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN)​។ ការ​រិច​រិល​ទីជម្រក​បានធ្វើឱ្យ​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពីគ្នា​និង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថិរភាព​យូរអង្វែង​របស់​ប្រភេទ​ដ៏​សំខាន់​នេះ​។ លោក​បាន​បន្តទៀតថា យោងតាម​របាយការណ៍​សិក្សា នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ មិនមាន​របាយការណ៍ ណាមួយ​ស្តីពី​ឧបទ្ទវហេតុ​នៃ​ការ​បរបាញ់​សត្វ​ដំរី​ខុសច្បាប់​តាំងពី​ឆ្នាំ​២០០៣ មកម្ល៉េះ​។

​លោក​បាន​លើកឡើងថា នៅក្នុង​តំបន់​ទេសភាព​ភាក​ខាងកើត មានការ​កត់សម្គាល់ថា​មាន​ដំរី​ស្លាប់​ចំនួន ៨ ក្បាល​ក្នុងនោះ​មាន​ទាំង​កូនដំរី និង​ដំរី​ធំ​ដែល​ករណី​ដំរី​ធំ​ស្លាប់​ត្រូវបាន​សង្ស័យថា​មានការ​ពាក់ព័ន្ធ​នឹង​ការ​បរបាញ់​។​កាលពីដើមឆ្នាំ​២០១៩ សត្វ​ដំរីព្រៃ​វ័យ​ចំណាស់​មួយ​ក្បាល​ត្រូវបាន​ប្រទះឃើញ​ស្លាប់ ដោយ​ត្រូវគេ​បាញ់​ងាប់​នឹង​គ្រាប់កាំភ្លើង​កែច្នៃ​នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី​របស​ប្រជាពលរដ្ឋ នៅក្បែរ​ដែនជម្រកសត្វព្រៃ​កែ​សីមា ស្ថិតក្នុង​ខេត្តមណ្ឌលគិរី ហើយ​ភ្លុក​និង​កន្ទុយ​របស់​វា​ត្រូវបាន​គេ​លួច​កាត់​យកទៅ​បាត់​។ នៅ​ឆ្នាំ​២០២០​នេះ កូនដំរី​ព្រៃ​ចំនួន ២ ក្បាល​បាន​រកឃើញ​ស្លាប់​នៅក្នុង​ខេត្តមណ្ឌលគិរី ក្នុងនោះ ១ លង់ទឹក​ស្លាប់​ដោយសារ​ជើង​ជាប់​នឹង​ល្បាក់​ថ្ម និង​មួយទៀត​កើតមក​មិនមាន​សុខ ភាពល្អ បាន​ស្លាប់​ទៅវិញ​ក្រោយ​ក្រុមមន្ត្រី​ជួយសង្គ្រោះ​។

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា តាម​លទ្ធផល​ពី​ការបំពាក់​ម៉ា​ស៊ី​ថត​ស្វ័យប្រវត្តិ​នៅក្នុង​ឧទ្យាន​ជាតិ​ជូរ​ភ្នំក្រវាញ​ខាងត្បូង​ថ្មីៗ​នេះ ក្នុងចំណោម​កូនដំរី ៧ ក្បាលមាន ៤​ក្បាល​ដែលមាន​អន្ទាក់​នៅ ជាប់​នឹង​ជើង​របស់​ពួកវា ហើយក៏​មានកូន​ដំរីព្រៃ​មួយ​ក្បាល​ដែរ​ដែល​បាន​ស្លាប់​ដោយ​ជាប់អន្ទាក់​។

​លោក​បាន​បន្តថា​ភស្តុតាង​នេះ​បាន​បញ្ជាក់ថា​ការប្រើប្រាស់​អន្ទាក់​សម្រាប់​ចាប់​សត្វព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​នៅតែ​ជា​ក្តី​ព្រួយបារម្ភ​ដ៏​ចម្បង​នៅឡើយ ហើយក៏​ជា​គ្រោះថ្នាក់​ដល់​សត្វ​ដំរី​អាស៊ី​ផង ដែរ​ព្រោះ​វា​អាច​បណ្តាលឱ្យ​សត្វ​ដំរី​រងរបួស និង​ស្លាប់​បាន​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន ឱ្យដឹងថា​នៅក្នុង​រយៈពេល ១០ ខែ​នៃ​ឆ្នាំ​២០២០ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​និង​សហគមន៍​តំ បន់​ការពារ​ធម្មជាតិ​ដែល​ចុះ​ល្បាត​ក្នុង​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ទាំង ៦៨ កន្លែង​ដែលមាន​ផ្ទៃដី​សរុប​ជាង ៧,៣ លាន​ហិកតា ប្រមាណ​៤១​ភាគរយ​នៃ​ផ្ទៃ​ប្រទេស​កម្ពុជា​បាន​ដក​អន្ទាក់​បាន​ប្រមាណ ៣០០០០ អន្ទាក់ និង​ជួយសង្គ្រោះ​សត្វព្រៃ​ជាច្រើន​ក្បាល​។​

​ជាមួយគ្នានេះ អ្នកជំនាញ​ក៏បាន​ព្រមាន​ផងដែរ​ថា ដោយសារតែ​រយៈពេល​នៃ​ការបន្ត​ពូជ​របស់​ដំរី​អាស៊ី​យឺត (​ប្រាំ​ឆ្នាំ​បង្កើត​បានកូន​មួយ​) បើសិន​អាត្រា​ស្លាប់​នៃ​កូនដំរី​ព្រៃ​ខ្ពស់​ដោយសារតែ​រងរបួស​ពី​អន្ទាក់ នោះ​ចំនួន​ដំរីព្រៃ​នៅ​កម្ពុជា អាចមាន​បញ្ហា​ប្រឈម​ខ្ពស់​ក្នុងការ​ផុត​ពូជ​។ ពលរដ្ឋ​ខ្លះ​បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ ដើម្បី​រំខាន​ដំរី​ដូចជា​ការធ្វើ​ក្តារ​ដាំ​ដែកគោល​ដាក់​តាមផ្លូវ ដើម្បី​កុំឱ្យ​ដំរី​ចូល​ស៊ី​ដំណាំ​របស់ខ្លួន​ជាដើម​។ ការសាងសង់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ផ្ទះសម្បែង និង​ការដាំ​ដំណាំ​នៅតាម​ច្រករបៀង​ដែល​សត្វ​ដំរី ឆ្លងកាត់​ក៏​ជា​បញ្ហា​មួយ​ចោទ​ផងដែរ​។

ចំពោះមុខ​នៃ​ការគំរាមកំហែង​នេះ លោក នេត្រ ភក្ត្រា បាន​ថ្លែងថា​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួងបរិស្ថាន​បាន​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី​។

«​ក្រុម​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា​(CECG) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥ ដោយមាន​ការចូលរួម​ពី​ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ​ដើម្បី​អភិរក្ស​ដំរី​អាស៊ី​នៅ​កម្ពុជា តាមរយៈ​ការរក្សា​ស្ថិរភាព​និង​ជំរុញឱ្យមាន​កំណើន​ចំនួន​ប្រភេទ​នេះ​នៅក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា ហើយ​ផែនការ​សកម្មភាព​ដើម្បី អភិរក្ស​សត្វ​ដំរី​អាស៊ី​ឱ្យនៅ​គង់វង្ស​ត្រូវបាន​រៀបចំឡើង​សម្រាប់​រយៈពេល ១០ ឆ្នាំ គឺ​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៩​ដោយបាន​កំណត់​នូវ​បញ្ហា​អាទិភាព​ចំនួន ៦ ក្នុងនោះ​រួមមាន ១) ការកាត់បន្ថយ​ការបាត់បង់​ទីជម្រក ២)​អភិរក្ស​និង​ត​ភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរីព្រៃ​ឡើងវិញ ៣) ពង្រឹង​ការអនុវត្ត​ច្បាប់ ៤) បង្ការ​មិនឱ្យ​មានការ​ចាប់​ដំរីព្រៃ​មក​ចិញ្ចឹម ៥)​បន្ធូរបន្ថយ​ជម្លោះ​រវាង​សត្វ​ដំរីព្រៃ​និង​មនុស្ស ៦)​អប់រំ​ផ្សព្វផ្សាយ និង​ដាក់ចេញ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​។ យោងតាម​ការប៉ាន់ស្មាន​ផែនការ​សកម្មភាព​រយៈ​ពេល ១០ ឆ្នាំ ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី​នេះ​ត្រូវការ​ថវិកា​ចំនួន​៤០,៥​លាន​ដុល្លារ​អាមេរិក​ដែលជា​គម្រោង​ថវិកា​រំពឹងថា នឹង​បានមកពី​ប្រភព​រួមបញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular