ដោយ: បាយ័ន / សៀមរាប: ព្រះសង្ឃនិងប្រជាពលរដ្ឋនៅខេត្តសៀមរាប រៀបចំពិធីអន្ទងព្រលឹងថ្វាយសម្តេចអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០ ដោយរៀបចំដោយព្រះគុណ្ណវិឌោ សន សារិទ្ធ ព្រះសមុហ៍អនុគណក្រុងសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រឹន្ទ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប និង មន្ត្រីសង្ឃជាច្រើនអង្គ រួមជាមួយលោក ទេព សំអាន អគ្គរងហិរញ្ញវត្ថុ និងភស្តុភារក្រសួងការពារជាតិ និង សិស្សគុណព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានរៀបចំពិធី អន្ទងព្រះព្រលឹង ប្រគេនថ្វាយសព្វសាធុការដល់សម្តេចអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានរោគាពាធ សូមឱ្យព្រលឹងព្រះអង្គចូលមកសណ្ថិតនៅក្នុងព្រះកាយរបស់ព្រះអង្គ និងឱ្យព្រះអង្គបានរួចចាក់ផុតពីទុក្ខភ័យទាំងឡាយទាំងពួង ដែលកំពុងតែយាយីដោយព្រះរោគាព្យាធិនៃព្រះកាយរបស់ព្រះអង្គ ដើម្បីឱ្យព្រះអង្គបានឆាប់ជាសះស្បើយពីព្រះរោគា ដើម្បីឱ្យព្រះអង្គបំពេញព្រះរាជកិច្ចដឹកនាំវិស័យសាសនា បន្តទៅទៀត ។
ការរៀបចំពិធីអន្ទងព្រលឹងឬហៅព្រលឹងនេះ គឺបានបង្ហាញអំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿ និងសង្គម ដែលជាជំនឿបែបអរូបីយមួយ តាំងពីបុរាណកាលមកម្ល៉េះ ហើយក៏មានប្រជាពលរដ្ឋ នៅតាមទីជនបទជាពិសេសក្នុងតំបន់ អង្គរ និងភូមិស្រុកមួយចំនួនក៏នៅតែមានជំនឿ និងរៀបចំធ្វើពិធីមួយនេះឡើងមកផងដែរ ហើយបើតាមចាស់ៗថា ពិធីអន្ទងព្រលឹងនេះ មានច្រើនបែបច្រើនយ៉ាង និង ការរៀបចំ ក៏មានភាពខុសៗគ្នា ទៅតាមគ្រូដែលរៀបចំពិធីនោះដូចគ្នាដែរ៕ ល