ដោយៈ ប.ខុន / ភ្នំពេញៈ ព្រមពេលព្យុះទី២១ ឈ្មោះ អ៊ីតូ ដើរកាន់តែមកកៀក ឆ្នេរខាងក្រោម ភាគកណ្តាល នៃប្រទេវៀតណាម នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា នេះ វិសម្ពាធ TD នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ភាគអគ្នេយ៍ នៃប្រទេសហ្វីលីពីន កាលពីពេលព្រឹក បានវិវត្តទៅ ជាព្យុះទី ២២ ឈ្មោះ វ៉ាមកូ (VAMCO )។ តាមការព្យាករ របស់អ្នកជំនាញឧតុនិយមថា ព្យុះនេះ មានដំណើរចូលមក ក្នុងសមុទ្រចិនខាងត្បូង ហើយទៅរកឆ្នេររបស់ ប្រទេសវៀតណាម ដូចព្យុះមុនៗទៀត។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់រស្មីកម្ពុជា កាលពីព្រឹកថ្ងៃទី៩ វិច្ឆិកា នេះថា ព្យុះទី២១ ឈ្មោះ អ៊ីតូ ( ETAU ) មានដំណើរទៅរកឆ្នេរ ក្រោមភាគកណ្តាល របស់ប្រទេសវៀតណាម ដែលជាកន្លែងព្យុះ ពីរ បី កន្លងទៅ បានឆ្លងកាត់។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ បានបញ្ជាក់ថា ព្យុះទី២១ នេះ មានដំណើរលឿន និងមានឥទ្ធិពលទឹកភ្លៀង ដល់ប្រទេសកម្ពុជា នៅអំឡុងពីថ្ងៃទី១០-១២ ខែវិច្ឆិកា ។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ វិច្ឆិកា បានប្រកាសព័ត៌មានថា នៅថ្ងៃទី៨ ខែវិច្ឆិកា វិសម្ពាធ ( Tropical Depression ) បាននិងកំពុងស្ថិតនៅក្នុង សមុទ្រចិនខាងត្បូង នឹងធ្វើដំណើរឆ្ពោះមកទិសបស្ចឹម ដោយបង្កើនឥទ្ធិពលរបស់ខ្លួន ទៅជាកូនព្យុះទី២១ ឈ្មោះ អ៊ីតូ ( ETAU ) នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថា តាមការព្យាករ ព្យុះនេះ នឹងថមថយឥទ្ធិពល ទៅជាវិសម្ពាធ ( Tropical Depression ) ពេលចូលដល់លើឆ្នេរ ភាគខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី១០ វិច្ឆិកា ហើយបន្ទាប់មក ទៅជាសម្ពាធទាប ( Low Pressure) ពេលចូលមកដល់ លើភាគខាងកើត ប្រទេសកម្ពុជា នៅថ្ងៃទី១១ វិច្ឆិកា ។
តាមសេចក្តីជូនដំណឹងដដែល បានសរសេរទៀតថា លក្ខណៈបែបខាងលើ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីយប់ថ្ងៃទី១០ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានស្ថានភាពដូចជា នៅរាជធានីភ្នំពេញ និងខេត្ត នៅតំបន់ខ្ពង់រាប ភាគឦសាន ខេត្តភាគខាងកើត ជាប់ព្រំដែនប្រទេសវៀតណាម និងខេត្តភាគខាងត្បូង នឹងអាចមានភ្លៀងខ្យល់ ក្នុងកម្រិតពីបង្គួរ ទៅច្រើន ។ ខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្យល់ ក្នុងកម្រិតពីតិច ទៅបង្គួរ និងរលកសមុទ្រ មានកម្ពស់មធ្យម ។
ក្នុងសេចក្តីប្រកាសដំណឹងនេះ បានសរសេរបន្ថែមថា យោងលើស្ថានភាព អាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន ពិសេស បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរ តាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ ។ ក្រសួងធនធានទឹក និងឧតុនិយមបាននិងកំពុងបន្ត តាមដានយ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មាន ជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុ មានការប្រែប្រួល ៕/V