ដោយ: បាយ័ន/សៀមរាប: ស្រូវពូជចំនួន១០តោនជារបស់រាជរដ្ឋាភិបាល ត្រូវបានចែកជូនកសិករនៅឃុំចំនួន០៣ ក្នុងស្រុកក្រឡាញ់ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ដែលស្រូវពូជនេះ ជាស្រូវសែនក្រអូប ផលិតដោយអង្គភាពប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជាប្រភេទពូជស្រូវមិនប្រកាន់រដូវ មានអាយុកាលចាប់ពីគ្រាប់ស្រូវធ្លាក់ដល់ដី រហូតដល់ពេលវេលាប្រមូលផល ត្រឹមតែ១១០ថ្ងៃប៉ុណ្ណោះ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាកសិករចំនួន១០០គ្រួសារ មកពី៣ឃុំក្នុងស្រុកក្រឡាញ់ រួមមាន ៖ ឃុំកំពង់ថ្កូវ , ឃុំតាអាន និងឃុំចន្លាសដៃ ដែលបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេក្នុងចំណោមឃុំទាំង១០របស់ស្រុក ដោយសារគ្រោះជំនន់ទឹកភ្លៀងកាលពីកន្លងទៅនេះ។
អភិបាលរងខេត្តសៀមរាប បាននិយាយថា ក្រោយពីជំនន់ទឹកភ្លៀងត្រូវបានថមថយទៅវិនេះរាជរដ្ឋាភិបាលកម្ពុជា លើវិធានការស្តារវិស័យកសិកម្មឡើងវិញ ពិសេសចំពោះមុខ គឺសំដៅទៅលើការគិតគូអំពីដំណាំស្រូវ ដែលត្រូវរងការបំផ្លិចបំផ្លាញ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានឲ្យដឹងថា ស្រុកក្រឡាញ់ គឺជាស្រុកគោលដៅទី៦ និងជាស្រុកចុងក្រោយគេ ដែលអាជ្ញាធរខេត្តសៀមរាប ត្រូវបញ្ចប់យុទ្ធនាការចែកស្រូវពូជជូនដល់ប្រជាកសិករ ដែលរងផលប៉ះពាល់ខូចខាតស្រូវស្រែដោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក ក្នុងនោះមាន ៖ ស្រុកជីក្រែង , ស្រុកសូទ្រនិគម , ស្រុកប្រាសាទបាគង , ស្រុកក្រឡាញ់ , ស្រុកពួក និង ក្រុងសៀមរាប ដែលសរុបពូជស្រូវចែកអស់ជាង ៨០តោន ខណៈផ្ទៃដីដែលរងការខូចខាតធ្ងន់ធ្ងរ និងត្រូវស្តារឡើងវិញ មានទំហំប្រមាណជាង៨០០ហិកតា ក្នុងចំណោមផ្ទៃដីដែលទទួលរងផលប៉ះពាល់ប្រមាណជាង១ម៉ឺនហិកតា៕ ល