អាជ្ញាធរ​ខណ្ឌ​៧​មករា​បាន​កៀរគរ​កម្លាំង​ស្ម័គ្រចិត្ត​ដើម្បី​បោសសំអាត​តាម​ដងផ្លូវ នាឱកាស​បុណ្យចូលឆ្នាំ​

1753
ចែករម្លែក

ដោយ​: ប​.​ខុន / ភ្នំពេញ​: នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៧​ខែមេសា អាជ្ញាធរ​ខណ្ឌ​៧​មករា បាន​កៀរគរ​កម្លាំង​ស្ម័គ្រចិត្ត ប្រជា​ការពារ​ខណ្ឌ និង​កម្លាំង​សន្តិសុខ​ផ្សារ​អូរឫស្សី​ដើម្បី​ប្រមូល​សំរាម និង​បោស​សំរាម​នៅតាម​ដងផ្លូវ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ទាំងមូល​។​

​លោក លឹម សុភា អភិបាលខណ្ឌ​៧​មករា និយាយ​ដូច្នេះ​ថា នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៧ ខែមេសា ដោយ​មើលឃើញថា កម្មករ​និង​បុគ្គលិក​របស់​ក្រុមហ៊ុន​សេន​ទ្រី​នៅសល់​គ្នា​តិច​ហើយ ដើម្បី​ឲ្យ​ផ្លូវ​នៅក្នុង​ស្អាត​ថ្ងៃបុណ្យ យើង​បាន​កៀរគរ​កម្លាំង​ប្រជា​ការពារ និង​កម្លាំង​សន្តិសុខ​ផ្សារ​អូរឫស្សី​ដែល​លស់​ពី​ការ​សំរាក​ប្តូរ​វេណ​គ្នា មក​ប្រមូល​សំរាម និង​បោស​សំរាម​តាម​ដងផ្លូវ​។​

​លោក​អភិបាលខណ្ឌ​និយាយថា សំរាម​នៅតាម​ដងផ្លូវ ត្រូវបាន​ប្រមូល​ដឹក​តាម​រទេះ យកទៅដាក់​រថយន្ត​នៅ​មួយកន្លែង​រាល់ថ្ងៃ​នោះ ធ្វើ​ឲ្យ​ផ្លូវ​នៅក្នុង​ទីក្រុង​បាន​ស្អាត​ជាការ​ពិត គឺ​ទទួលយកបាន​។​

​លោក ឡេង គឹម​ស្រុង ប្រធាន​ផ្សារ​អូរឫស្សី ដែល​បាន​ដឹកនាំ​កម្លាំង​ប្រមូល​សំរាម និង​បោស​ផ្លូវ​សំខាន់ៗ នៅក្នុង​ខណ្ឌ​៧​មករា​បាន​និយាយថា ការប្រមូល​សំរាម និង​បោស​ផ្លូវ​ជំនួស​ក្រុមហ៊ុន​មួយរយៈ​ពេល​បុណ្យចូលឆ្នាំ​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ផ្លូវ​បាន​ស្អាត​ទេ គឺ​បានធ្វើ​ឲ្យ​យើង​ដឹង​រឿង​ជាច្រើន ដែល​មាននៅ​សងខាង​ផ្លូវ​ទាំងនោះ រាប់ទាំង ផ្លូវ​ខូច មាត់​លូ​បាក់បែក​និង​បញ្ហា​ផ្សេងៗ​ទៀតផង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម