Home ព័ត៌មានជាតិ នយោបាយ ក្រសួងសុខាភិប...

ក្រសួងសុខាភិបាល​ប្រកាសថា​រកឃើញ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​បីរូប​មាន​វិជ្ជមាន​កូ​វីដ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈនៅ​ព្រលប់​ថ្ងៃទី​៩​ខែវិច្ឆិកា​នេះ​ក្រសួងសុខាភិបាល បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បន្ទាន់​មួយ ដោយ​បញ្ជាក់​ជា​ផ្លូវការ​ថា មាន​មន្ដ្រី​ចំនួន​បី​រូប​ទៀត រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ដែលមាន​ការប៉ះពាល់​ជាមួយ​រដ្ឋមន្ដ្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា (​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​)​។​

​ ​ប្រភព​ដដែល​បង្ហាញថា​មន្ត្រី​ទាំងបី​រូប​ ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ នោះ​រួមមាន​៖ លោក សួស យ៉ា​រ៉ា តំណាងរាស្ដ្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​, លោក សរ ចិ​ត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​និង​បុរស​ជនជាតិ​ហុង​គ្រី​អាយុ ៦៨​ឆ្នាំ ជា​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​សម្រាប់​កម្ពុជា និង​វៀតណាម ស្នាក់នៅ ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា​។​នេះ​គឺ​លទ្ធផល​វិភាគ​វត្ថុ សំណាក​លើក​ទី​២ ជូន​ដល់​អ្នក​ប៉ះពាល់​នៅក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា គិត​ត្រឹម​ម៉ោង​៥​ល្ងាច​នៃ​ថ្ងៃទី​០៩ ខែ វិច្ឆិកា ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។​។ បច្ចុប្បន្ន អ្នកជំងឺ​ខាងលើ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូម​កត់សម្គាល់ថា ករណី​សរុប​ដែល​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ នៅក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា គិត ត្រឹម​ម៉ោង​៥​ល្ងាច​នៃ​ថ្ងៃទី​៩ ខែវិច្ឆិកា នេះ មាន​ចំនួន ៤​នាក់​។ ក្រុមការងារ​ក្រសួងសុខាភិបាល កំពុង បន្ត​ការយក​វត្ថុ​សំណាក​អ្នក​ប៉ះពាល់​លើក​ទី​២ និង​កំពុង​រងចាំ​លទ្ធផល​ដែល​ត្រូវ​ផ្តល់​មក​ក្រសួង​ជា​បន្តបន្ទាប់ នៅពេល​ធ្វើ ការវិភាគ​រួច ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​ក្រសួង នឹង​បន្ត​ជូនដំណឹង​ជូន​សាធារណជន​បន្តទៀត នៅពេល​ទទួល បាន​លទ្ធផល ជា​បន្តបន្ទាប់ និង​ប្រសិនបើ​មានការ​វិវត្តន៍​ថ្មីៗ​ពាក់ព័ន្ធ​ទៅ​នៃ​ព្រឹ​ត្ត​ការណ៍​០៣​វិច្ឆិកា​នេះ​។​

​ប្រភព​ដដែល​បន្តថា​យោងតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងសុខាភិបាល សូម​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ជាពិសេស សាលា​រាជធានី​ភ្នំពេញ ចាត់តាំង​កម្លាំង ធ្វើការ​តាមដាន​ការអនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នក​ប៉ះពាល់​ទាំងអស់ ទៅតាម​ដែន​សមត្ថកិច្ច​របស់ខ្លួន ដោយ​រួមជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី -​ខេត្ត ដែល​ពាក់ព័ន្ធ ដើម្បី​ចូលរួម ត្រួតពិនិត្យ និង​តាមដាន​សុខភាព​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ប្រកបដោយ​ការទទួលខុសត្រូវ និង​រួមគ្នា​ទប់ស្កាត់ ការចម្លង​ចូលក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ ធំ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...