ស្មេរដោយ៖ ភិក្ខុខេមធរោ អ៊ី គីម ព្រះគ្រូរតនវិសុទ្ធិកោសលជាគ្រូបង្រៀន ព្រះសង្ឃពុទ្ធិកវិទ្យាល័យរាជបូណ៌ ជាឧទ្ទេសាចារ្យពុទ្ធិកវិទ្យាល័យរាជបូណ៌
ខេត្តសៀមរាប៖ ថ្វីត្បិតតែសាលាធម្មវិន័យមានចំនួនតិច បើប្រៀបធៀបជាមួយសាលាខាងអប់រំរបស់រដ្ឋ តែសាលាធម្មវិន័យ និងសាលាពុទ្ធិកបឋមសិក្សាបានដើរតួនាទី ជួយចម្លងកុលបុត្រកុលធីតាខ្មែរឱ្យរួចផុតអវិជ្ជា ជាច្រើនជំនាន់មកហើយ។
វត្តអារាមព្រះពុទ្ធសាសនានៅតែដើរតួនាទីជួយចម្លងមនុស្សដែលខ្វះក្តីសង្ឃឹម ឱ្យមានក្តីសង្ឃឹម មិនទាន់ស្គាល់ព្រះពុទ្ធសាសនាឱ្យស្គាល់ព្រះពុទ្ធសាសនា។ ប្រសិនបើអ្នកមិនទាន់ចង់បួស ឱ្យចង់មកបួស សមាទានសីល ឬ អាចឱ្យចូលមកសិក្សាធម្មវិន័យសីលធម៌ជីវិត តាមសទ្ធាជ្រះថ្លា រៀងៗខ្លួនបាន។
ព្រះសង្ឃរាជជាម្ចាស់អារាមដែលមានបេះដូងធ្លាប់បានសិក្សាពិត អាចជួយសិស្ស/និស្សិតឱ្យមកសិក្សាហើយ នៅតែជួយផ្តល់គំនិតនិងមធ្យោបាយប្រកបដោយប្រាជ្ញាចេះច្នៃប្រឌិត និងឱ្យចេះរៀបចំជីវិតឱ្យស័ក្កិសមជាប្រជាពុទ្ធបរិស័ទល្អ ពលរដ្ឋថ្លៃថ្នូរ មានសមត្ថភាពខ្ពង់ខ្ពស់ក្នុងសង្គម។
អ្នកជួយចម្លងមានចិត្តសប្បុរសពិត គឺលោករិះរកគ្រប់មធ្យោបាយ ទម្លុះទម្លាយភាពស្មុគ្រស្មាញដែលឧបសគ្គមករារាំងនានាឱ្យជ្រះស្រឡះ ហើយតែងតែនឹកអ្នកជាសិសហសគណដែលនៅសិក្សាជានិច្ច មិនមានចិត្តបោះបង់អ្នកចោលឡើយ ។ ម្ចាស់អារាមពិត តែងភ័យខ្លាចអ្នករាល់គ្នាជាអន្តេវាសិកៈ ពុំបានរៀនសូត្រ, ភ័យខ្លាចអ្នកល្ងង់ខ្លៅខ្លីវិជ្ជា និងភ័យព្រួយអំពីអនាគតពួកដែលមកគោរពពុទ្ធសាសនា ខ្វះការសិក្សារៀនសូត្រ។
ប្រសិនបើមនុស្សប្រភេទម្ចាស់ទូកចម្លងវិញ មានលក្ខណៈផ្ទុយពីគ្នាខ្លះ។ មនុស្សទូកចម្លង,កាលណាចម្លងអ្នកដំណើរដល់ត្រើយគិតលុយកាក់ហើយ នឹងអាលមកមួយជើងទៀត ពុំបានគិតពីសុខទុក្ខនៃអ្នកដំណើរដែលអាស្រ័យជាមួយខ្លួនឯងប៉ុន្មានទេ គិតតែយកកម្រៃប្រាក់កាស់ជាធំ។ ចងកូនចៅអ្នកណាងាបរស់មិនគិតៗ តែប្រយោជន៍សួនតួនមួយគត់។
ដូច្នេះប្រសិនបើម្ចាស់វត្តអារាមព្យាយាមបណ្តុះគំនិតឱ្យមនុស្សចេះជួយលើកស្ទួយចម្លងរវាងមនុស្សនិងមនុស្សដូចគ្នា ដូចជាការផ្តល់អាហារូបករណ៍ឱ្យសិក្សារៀនសូត្រជាដើម នេះទើបជាវិធីជួយចម្លងមនុស្សជំនាន់ក្រោយៗជាយុវវ័យឱ្យមានបញ្ញាប៉ាធីជ្រៅជ្រះ ដើម្បីជួយអភិវឌ្ឍខ្លួនឯង ក៏ដូចជាជួយអភិវឌ្ឍសង្គមទាំងមូលឱ្យបានរីកចម្រើនឆាប់រហ័ស ក្នុងសម័យឌីជីថលនេះ៕ ល