Home ព័ត៌មានជាតិ សន្តិសុខ ​ប៉ូលិស​កំពុង...

​ប៉ូលិស​កំពុង​ស្រាវជ្រាវ​រកមុខ​ម្ចាស់​កាំភ្លើង​ជិត ១០​ដើម​និង​គ្រាប់​ជាច្រើន ដែល​យកទៅ​ប្លុង​ចោល​ក្បែរ​មាត់បឹង​

​ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ​រកមុខ​ម្ចាស់​កាំភ្លើង​វែង​ខ្លី​ជិត ១០​ដើម និង​គ្រាប់​ជាច្រើន ដែល​បាន​យកទៅ​ប្លុង​ចោល នៅ​ចំណុច​មាត់បឹង ស្ថិត​ក្នុង​​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ហើយ​មកដល់ពេលនេះ សមត្ថ​កិច្ច​នៅ​មិនទាន់​កំណត់​មុខសញ្ញា​បាន​នៅឡើយ​ទេ​។​

​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រលប់​ថ្ងៃទី​៩ ខែវិច្ឆិកា ថា “​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ មិនទាន់​កំណត់​មុខសញ្ញា​បាន​នៅឡើយ​ទេ​”​។​


​ ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ម៉ោង​ប្រហែល​ជាង ១១​ព្រឹក ខ្លួន​បានធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅរក​បេះ​បន្លែ​នៅ​មាត់បឹង (​កន្លែងកើតហេតុ​) ស្រាប់តែ​ខ្លួន​បាន​ប្រទះឃើញ​កេស​ដែក​បិត​មាត់ជិត​។ ឃើញ​ដូច្នេះ​ខ្លួន​ក៏​យកដៃ​ទៅ​ទាញ​បង្ហើប​មើលឃើញ​មាន​អាវុធ​ហើយ​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​ព្នៅ​។​
​បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រា​ជ្រាវ​ដល់​កន្លែងកើតហេតុ និង​យក​អាវុធ​លើ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​ព្នៅ​។​


​កាំភ្លើង និង​គ្រាប់​ដែល​ប្រទះឃើញ​រួមមានៈ​១. អាវុធ​វែង​ម៉ាក​កា​រ៉ា​ប៊ី​ន ចំនួន មួយ​ដើម​។​ ២. អាវុធ​វែង ម៉ាក M16 ចំនួន មួយ​ដើម​។ ៣. អាវុធ​ខ្លីម៉ាក K៥៤ ចំនួន​បី​ដើម​។ ៤. អាវុធខ្លី ម៉ាក P08 ចំនួន​ពីរ​ដើម​។​៥. បង់​អាវុធ ម៉ាក K៥៤ ចំនួន​បី​បង់ មាន​គ្រាប់​ចំនួន ១០៩​គ្រាប់​។​៦. បង់​អាវុធ ម៉ាក M16 ចំនួន​បី​បង់ មាន​គ្រាប់​ចំនួន ៦០​គ្រាប់​។​៧. បង់​អាវុធ ម៉ាក​កា​រ៉ា​ប៊ី​ន ចំនួន ពីរ​បង់ មាន​គ្រាប់​ចំនួន ប្រាំបួន​គ្រាប់​។ ៨. ស្រោម​អាវុធខ្លី ចំនួន​មួយ​ដើម​។​៩. កាំបិត​ខ្លី ចំនួន មួយ​ដើម​។​១០. ស្ព្រា​យ​ព៌​ណ​ខ្មៅ ចំនួន​មួយ​ដប​និង​១១. កេះ​ដែក​ទំហំ (៣០​ស​.​ម​x៦០​ស​.​ម​) ចំនួន​មួយ​កេស​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular