ដោយៈ ម៉េងឆៃ/ ភ្នំពេញៈ មួយរយៈចុងក្រោយនេះ ការដ្ឋានសាងសង់នៅទូទាំងប្រទេស ពិសេសនៅភ្នំពេញ តំបន់អភិវឌ្ឍន៍នៅជាយៗក្រុង មានសន្ទុះយ៉ាងគំហុក ទោះបីជាវិបត្តិកូវីដ បានរាលដាលយ៉ាងណាក៏ដោយ។ សន្ទុះការដ្ឋានសាងសង់ទាំងនោះ នាំឲ្យមានឡានដឹកដី ដឹកខ្សាច់ ក្រួសថ្ម បើកចរាចរណ៍ ដឹកជញ្ជូនយ៉ាងមមាញឹក ទាំងថ្ងៃទាំងយប់។
តាមផ្លូវជាយៗក្រុង ដូចជា មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រ ផ្លូវស្របមាត់ទន្លេបាសាក់ ចំណុចគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ព្រមទាំងមហាវិថីឈ្នះឈ្នះ ឬផ្លូវទំនប់កប់ស្រូវ និងមហាវិថីហាណូយ ជាដើម មានឡានដឹកដី ដឹកខ្សាច់ ថ្ម ក្រួស បើកដឹកជញ្ជូនយ៉ាងច្រើន។ឡានដឹកដី ដឹកខ្សាច់ ថ្ម ក្រួសទាំងនោះ ទោះបីជាឡានខ្លះ មានបិទបាំង គ្របដោយតង់កៅស៊ូ ក៏នៅតែជ្រុះដី ខ្សាច់ ថ្ម ក្រួស លើផ្លូវ បង្កការលំបាកដល់អ្នកធ្វើដំណើរ ក៏ដូចជារំខានដល់អ្នករស់នៅតាមផ្លូវយ៉ាងខ្លាំង។
មិនត្រឹមតែបង្កការលំបាកក្នុងការរស់នៅ និងការធ្វើដំណើរទេ តែដី ខ្សាច់ ថ្ម ក្រួស ដែលជ្រុះពីឡានរាល់ថ្ងៃនោះ ពេលខ្លះ ក៏បានបង្កគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរ ពិសេសអ្នកធ្វើដំណើរតាមម៉ូតូ និងកង់ រអិល ដួល បណ្តាលឲ្យរបួស រហូតដល់ស្លាប់ ក៏មាន។
គេនៅចាំបាន កាលពីប៉ុន្មានឆ្នាំមុន ក្នុងអាណត្តិទី៥ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបង្កើតក្រុមការងារ ចុះត្រួតពិនិត្យ និងតម្រូវឲ្យឡានដឹកដី ខ្សាច់ ថ្ម និងដឹកក្រួសទាំងអស់ ត្រូវលាងសម្អាតឡាន មុនចេញពីការដ្ឋាន ហើយមានតង់កៅស៊ូគ្របដី ខ្សាច់ ថ្មនិងក្រួសទាំងនោះយ៉ាងត្រឹមត្រូវ។ប៉ុន្តែយុទ្ធនាការរឹតបន្តឹងលើឡានដឹកជញ្ជូនដី ខ្សាច់ ថ្ម ក្រួសនោះ ធ្វើបានតែមួយពេល ហើយក៏ស្ងាត់ទៅវិញ។
យ៉ាងណាក៏ដោយ ជាដំណោះស្រាយងាយៗ លើបញ្ហាឡានដឹកដី ខ្សាច់ ថ្ម និងក្រួស ដែលអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរសមត្ថកិច្ច តាមខណ្ឌ អាចធ្វើបានដោយងាយ នោះគឺការតម្រូវឲ្យម្ចាស់ការដ្ឋាន និងម្ចាស់ឡានដឹកជញ្ជូនទាំងអស់ ចូលរួមមុនគេ លើការលាងសម្អាតឡានរបស់ខ្លួន មុនចេញពីកន្លែងដឹកដីខ្សាច់ថ្មក្រួស ព្រមទាំងបោស ហើយលាងសម្អាតផ្លូវ។
ពោលគឺមុនការដ្ឋានសាងសង់ណាមួយ អាចបើកដំណើរការបាន គឺអាជ្ញាធរខណ្ឌ និងអាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញ សុទ្ធតែតម្រូវឲ្យមានច្បាប់ត្រឹមត្រូវ ហើយក្នុងច្បាប់សាងសង់នោះ ក៏កំណត់ពីការទទួលខុសត្រូវរបស់ម្ចាស់ការដ្ឋាន ដែលមិនបង្កផលប៉ះពាល់ដល់អ្នកជិតខាង ក៏ដូចជា ផ្លូវសាធារណៈ។
ដូច្នេះមុនគេ គឺអាជ្ញាធរសមត្ថកិច្ច តម្រូវឲ្យម្ចាស់ការដ្ឋាន និងម្ចាស់ឡានដឹកជញ្ជូនដី ខ្សាច់ ថ្ម ក្រួស ទទួលខុសត្រូវ តាមរយៈការបោស លាងសម្អាតផ្លូវ បើមិនបានរាល់ថ្ងៃ ក៏យ៉ាងហោចណាស់ ១សប្តាហ៍ ២ ទៅ ៣ដង។ ចំណែកម្ចាស់ដេប៉ូលក់ខ្សាច់ថ្មក្រួស ក៏ត្រូវចូលរួមលាងសម្អាតផ្លូវ ដែលខ្លួនបើកបរដឹកជញ្ជូន ដោយចូលរួមសហការជាមួយអាជ្ញាធរសង្កាត់ ខណ្ឌ ឲ្យបានជាប្រចាំ។
ក្នុងនោះ អាជ្ញាធរសង្កាត់ ខណ្ឌ និងអាជ្ញាធរខេត្ត រាជធានី ឬក៏ថ្នាក់ក្រសួងសមត្ថកិច្ចពាក់ព័ន្ធ ក៏គួរតែចាត់តាំងក្រុមការងារច្រើនក្រុម ចុះបោសលាងសម្អាតធូរលីដី ខ្សាច់ កម្ទេចថ្មក្រួស នៅតាមផ្លូវ ជាប្រចាំ យ៉ាងហោច ក៏ ១អាទិត្យម្តង ពិសេសនៅផ្លូវ ដែលមានឡានដឹកជញ្ជូនដីខ្សាច់ ថ្មក្រួស។
ចំណែកប្រជាពលរដ្ឋ អ្នកមានផ្ទះរស់នៅតាមផ្លូវ ដែលមានឡានដឹកខ្សាច់ ក្រួស ដី និងថ្ម ក៏គួរតែចូលរួមបោសសម្អាតមុខផ្ទះរបស់ខ្លួនជាប្រចាំ បន្ថែមលើការទទួលខុសត្រូវរបស់ក្រុមហ៊ុន ការដ្ឋាន និងម្ចាស់ឡានដឹកជញ្ជូន។
ក្នុងករណីម្ចាស់ការដ្ឋាន ក្រុមហ៊ុនម៉ៅការសំណង់ និងម្ចាស់ឡានដឹកជញ្ជូនណា មិនទទួលខុសត្រូវ បោសសម្អាត លាងផ្លូវទេ អាជ្ញាធរសមត្ថកិច្ចមានសិទ្ធិ ផាកពិន័យ ឲ្យម្ចាស់ការដ្ឋាន ក្រុមហ៊ុនម៉ៅការសំណង់ និងម្ចាស់ឡានដឹកជញ្ជូននោះ បង់ប្រាក់ ថ្លៃជួលអ្នកបោសសម្អាត និងលាងផ្លូវ ដែលមានធូលីដី ខ្សាច់ កម្ទេចថ្មក្រួសនោះ។
បើម្ចាស់ការដ្ឋាន ក្រុមហ៊ុនម៉ៅការសំណង់ និងម្ចាស់ឡានដឹកជញ្ជូនណា ឬក៏ម្ចាស់ដេប៉ូលក់ដីខ្សាច់ ថ្ម ក្រួសណា មិនសហការ មិនចូលរួមបោសសម្អាតផ្លូវ ដែលខ្លួនដឹកជញ្ជូនបង្កឲ្យមានធូរលីដីខ្សាច់ កម្ទេចថ្ម ក្រួសជ្រុះរាយប៉ាយតាមផ្លូវទេ គឺអាជ្ញាធរសមត្ថកិច្ច បិទផ្អាកការដ្ឋានសាងសង់នោះ ឬក៏បិទអាជីវកម្មដេប៉ូលក់ខ្សាច់ ថ្ម ក្រួសនោះតែម្តង។
ជាការពិតហើយ ការអភិវឌ្ឍន៍ តាមរយៈការសាងសង់អាគារផ្ទះល្វែង ឬចាក់ដីបំពេញកន្លែងទំនាប ជាដើម ត្រូវតែធ្វើក្នុងពេលស្រុកទេសរីកចម្រើននេះ ហើយការដឹកដី ដឹកខ្សាច់ ក្រួស ថ្ម ក៏ជៀសមិនផុតពីការជ្រុះតាមផ្លូវដែរ។ តែធ្វើអ្វីក៏ដោយ បើសិនជាប៉ះពាល់ដល់អ្នកដទៃ និងផលប្រយោជន៍សាធារណៈ ក៏អ្នកធ្វើនោះ គួរតែគិតដល់គេផង។
ក្នុងរឿងនេះ អាជ្ញាធរសមត្ថកិច្ច ក៏មានអំណាចពេញដៃ ដើម្បីចាប់បង្ខំឲ្យអ្នកបង្កផលប៉ះពាល់ដល់អ្នកដទៃ និងផលប្រយោជន៍សាធារណៈ ត្រូវគិតគូរដោះស្រាយ លាងសម្អាតផ្លូវឡើងវិញ កុំចាំដល់ទាល់តែពេលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរតាមឆ្លងកាត់តាមផ្លូវនេះផ្លូវនោះ ទើបផ្លូវទាំងនោះ ល្អស្អាត គ្មានធូរលីដី គ្មានសំរាម និងគ្មានដីខ្សាច់នោះ។ សូមអាជ្ញាធររាជធានីខេត្ត ពិសេសអាជ្ញាធរខណ្ឌស្រុកក្រុង កុំភ្លេចនូវបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ឲ្យ «មើលផ្លូវ!»៕