ប្រែសម្រួលៈវាសនា/ឡុងដ៍៖ ការទម្លុះទម្លាយភាពទាល់ច្រកមួយត្រូវបានប្រកាសឡើងពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវបង្កើតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ឬវីរុសកូរ៉ូណា នៅពេលក្រុមហ៊ុនឱសថPfizerបានរកឃើញថា វ៉ាក់សាំងកំពុងពិសោធន៍របស់ខ្លួនមានប្រសិទ្ធភាពលើ៩០ភាគរយ។
ក្រុមហ៊ុនឱសថនេះនិងដៃគូរបស់វាBioNTech បាននិយាយថា លទ្ធផលបណ្តោះអាសន្នបានបង្ហាញថា ការចាក់វ៉ាក់សាំងរបស់ខ្លួនអាចរារាំងមិនអោយមនុស្សកើតកូវីដ១៩បាន។
វេជ្ជបណ្ឌិត អាល់ប៊ឺត បោឡា ប្រធានPfizer បាននិយាយថា «ថ្ងៃនេះជាថ្ងៃអស្ចារ្យមួយសំរាប់វិទ្យាសាស្ត្រនិងមនុស្សជាតិ»។
ចំណែកលោក ផេធឺ ហ័រប៊ី សាស្ត្រាចារ្យខាងជំងឺឆ្លងនិងសុខភាពសកលនៅសកលវិទ្យាល័យអុកស្វត បាននិយាយថា «ព័ត៌មាននេះធ្វើអោយខ្ញុំញញឹមដល់ត្រចៀកតែម្តង»នៅពេលលោកសាស្ត្រាចារ្យ គ្រីស វ៉ាយធី មន្ត្រីវេជ្ជសាស្ត្រអង់គ្លេស បាននិយាយថា ការរកឃើញនេះបង្ហាញ«អំណាចវិទ្យាសាស្ត្រប្រឆាំងនឹងកូវីដ។យើងត្រូវពិនិត្យមើលទិន្នន័យសុវត្ថិភាពនិងប្រសិទ្ធភាពចុងក្រោយរបស់វាបន្ថែម តែដំណឹងនេះគួរអោយលើកទឹកចិត្តណាស់»។
វ៉ាក់សាំងនេះត្រូវបានពិសោធន៍លើមនុស្ស៤៣.៥០០នាក់នៅ៦ប្រទេស និងមិនបានបង្ហាញផលអវិជ្ជមានលើសុខភាពអ្នកស្ម័គ្រចិត្តពិសោធន៍ទេ។
ទន្ទឹមគ្នានេះ Pfizer និងBioNTechមានផែនការដាក់ពាក្យសុំការអនុម័តផលិតនិងប្រើវ៉ាក់សាំងរបស់ខ្លួននៅចុងខែនេះទៅកាន់រដ្ឋបាលស្បៀងនិងឱសថអាម៉េរិក។
នៅលើពិភពលោកសព្វថ្ងៃ មានវ៉ាក់សាំងកូវីដ១៩ប្រមាណ១២ដែលកំពុងត្រូវបានពិសោធន៍នៅដំណាក់កាលចុងក្រោយ តែវ៉ាក់សាំងរបស់Pfizerជាវ៉ាក់សាំងដំបូងគេដែលរាយការណ៍អំពីលទ្ធផល៕
Pfizer និង BioNTech រំពឹងថានឹងផលិតវ៉ាក់សាំង៥០លានដូសនៅឆ្នាំ២០២០ និង១,៣ពាន់លានដូសនៅឆ្នាំ២០២១