ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានបណ្តេញលោកម៉ាក អ៊ីសភើ ចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិចំពេលលោកប្រធានាធិបតីមួម៉ៅនឹងលទ្ធផលឆ្នោតនិងខឹងនឹងប្រមុខមន្ទីរបញ្ចកោណរូបនេះថាលោកមិនស្មោះត្រង់។
ការដករដ្ឋមន្ត្រីការពារជាតិនេះ អាចធ្វើអោយសម្ពន្ធមិត្តអន្តរជាតិនិងក្រុមមេដឹកនាំក្រសួងការពារជាតិជ្រួលច្រាលអារម្មណ៍ និងបន្ថែមភាពមិនប្រាកដប្រជាមួយទៀតទៅក្នុងអន្តរកាលអំណាចដ៏រកាំរកូសក្នុងពេលលោកចូ បៃដិន ត្រៀមបន្តតំណែងប្រធានាធិបតី។
តាមទម្លាប់ ប្រធានាធិបតីជាប់ឆ្នោតឡើងវិញតែងតែដូរសមាជិកគណៈរដ្ឋមន្ត្រី រួមមានរដ្ឋមន្ត្រីការពារជាតិ តែប្រធានាធិបតីបាត់បង់តំណែង តែងរក្សាទុកមេៗក្រសួងការពារជាតិរហូតដល់ថ្ងៃប្រធានាធិបតីថ្មីចូលកាន់តំណែង ដើម្បីរក្សាស្ថិរភាពនិងសន្តិសុខជាតិ។
លោកត្រាំបានប្រកាសថា លោកគ្រីស្តូហ្វ័រ មីលលឺ នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មនឹងចូលជំនួសជា រដ្ឋមន្ត្រីស្តីទី។
ការបណ្តេញលោកអ៊ីសភើភ្លាមៗបែបនេះនាំអោយមានសំណួរថាតើត្រាំនឹងអាចធ្វើអ្វីនៅប៉ុន្មានខែទៅមុខមុនលោកចាកចេញពីតំណែង រួមទាំងការកែសម្រួលកងកម្លាំងយោធាអាម៉េរិកនៅបរទេស ឬការផ្លាស់ប្តូរសន្តិសុខជាតិដទៃទៀត៕
ទំនាក់ទំនងមិនល្អស្រាប់របស់លោកអ៊ីសភើជាមួយត្រាំ ប៊ិះឈានដល់ទីបញ្ចប់តំណែងរដ្ឋមន្រ្តីការពារជាតិកាលពីរដូវក្តៅមុន ក្នុងអំឡុងពេលអាម៉េរិកផ្ទុះចលាចលស៊ីវិល ដោយសារអ៊ីសភើជំទាស់នឹងការប្រើទាហានក្នុងភារកិច្ចសកម្មដើម្បីបង្ក្រាបការប្រឆាំងតវ៉ានៅក្រុងវ៉ាស៊ីនតោន ដែលនាំអោយត្រាំផ្ទុះកំហឹងជាខ្លាំង