ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានដឹកនាំសិស្សចៅក្រម ជំនាន់ទី៩ និងសិស្សចៅក្រមផ្ទៃក្នុង នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ចុះធ្វើកម្មសិក្សា នៅកន្លែងបទល្មើស ជាក់ស្តែង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងនោះ បានបង្រាបបទល្មើសនេសាទ ខុសច្បាប់ នៅតាមដងទន្លេសាប ក្នុងស្រុកជលគីរី នៃខេត្តកំពង់ឆ្នាំង ។
ក្នុងការចុះធ្វើកម្មសិក្សា ក៍ដូចជា ការអនុវត្តនូវនីតិវិធីច្បាប់ ក្នុងករណីបង្ក្រាបបទល្មើសនេសាទ ដោយខុសច្បាប់ ជាក់ស្តែងនេះ ក៏មានការចូលរួមសហការ ពីកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង ផងដែរ ។ កម្មសិក្សាបែបនេះ បានធ្វើឡើង៣លើក រួចមកហើយ ដើម្បីធ្វើយ៉ាងណា ឱ្យកម្មសិក្សាការីចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានស្វែងយល់ អោយកាន់តែច្បាស់ អំពីទិដ្ឋភាព និងនីតិវិធី ក្នុងការបង្រាបបទល្មើស ជាក់ស្តែង ថាតើមានបញ្ហាប្រឈម និងផលវិបាកអ្វីខ្លះ នៅក្នុងការអនុវត្តច្បាប់ ។
នៅក្នុងឱកាសនោះ លោក អ៊ិត សុធា បានផ្តាំផ្ញើដល់សិស្សចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នៅក្នុងកម្មសិក្សាទាំងអស់ អោយបង្កើន ការយកចិត្តទុកដាក់ សិក្សាដកស្រង់បទពិសោធន៍ ក្នុងកម្មសិក្សា ៦ ខែនេះ ធ្វើយ៉ាងណា ពង្រឹងសមត្ថភាពអោយកាន់តែល្អប្រសើរ នៅមុនពេលចេញធ្វើការ ពិតប្រាកដ តាមបណ្តាអង្គភាពផ្សេងៗ ៕/V