ប្រែសម្រួល : កញ្ញាដាលីស/លីស្បន, ព័រទុយហ្គាល់ ៖ ព័រទុយហ្គាល់និងហុងគ្រីកាលពីថ្ងៃចន្ទទី៩វិច្ឆិកាបានក្លាយជាប្រទេសចុងក្រោយបង្អស់នៅទ្វីបអឺរ៉ុបដែលដាក់ចេញបម្រាមគោចរទប់ទល់នឹងការកើនឡើងនៃការឆ្លងវីរុសកូរ៉ូណានិងការស្លាប់ដោយកូវីដ១៩ ដែលកំពុងកើតមាននៅទ្វីបនេះនិងធ្វើឱ្យណែនតាមមន្ទីរពេទ្យ។
ប៉ុន្តែពន្លឺនៃក្តីសង្ឃឹមបានលេចចេញពីបារាំងបែលហ្ស៊ិកនិងកន្លែងផ្សេងទៀត កន្លែងដែលការរឹតត្បិតតឹងតែងចាប់ផ្តើមបង្ហាញប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺ។
ព័រទុយហ្គាល់ ដូចបណ្តាប្រទេសអឺរ៉ុបដទៃទៀត បានឃើញករណីថ្មីៗនិងការចូលដេកមន្ទីរពេទ្យកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ប្រទេនេះបានដាក់ចេញស្ថានភាពអាសន្ននិងបានបញ្ជាឱ្យប្រជាជនប្រហែល ៧ លាននាក់ដែលស្មើនឹង ៧០ភាគរយនៃប្រជាជនរបស់ខ្លួន ស្នាក់នៅក្នុងផ្ទះនៅថ្ងៃធ្វើការចាប់ពីម៉ោង ១១ យប់រហូតដល់ម៉ោង ៥ ព្រឹក យ៉ាងហោចណាស់រយៈពេល២សប្តាហ៍បន្ទាប់។ បម្រាមនឹងកាន់តែតឹងរ៉ឹងបន្ថែមទៀតនៅចុងសប្តាហ៍ ដោយអនុញ្ញាតឱ្យចេញក្រៅតែពេលព្រឹករហូតដល់ម៉ោង ១រសៀល លុះត្រាតែចេញទៅទិញរបស់ចាំបាច់នៅផ្សារទំនើប។
បុគ្គលិកបោកគក់ឈ្មោះ មៀរីយ៉ាម ហ្វើរ៉េរ៉ា អាយុ ៤៤ ឆ្នាំនៅទីក្រុងលីស្បន បាននិយាយថា “ប្រជាជនត្រូវគោរពតាម។ បើពួកគេមិនគោរព យើងនឹងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនហើយ”។
រដ្ឋាភិបាលព័រទុយហ្គាល់បានព្រមានថា វិធានការនេះអាចត្រូវបានពង្រីកនិងអូសបន្លាយពេល ប្រសិនបើពួកវានៅមិនទាន់គ្រប់គ្រាន់ដើម្បីរឹតត្បិតការឆ្លងរាលដាល។
ហុងគ្រីក៏បានដាក់ចេញនូវវិធានការតឹងរ៉ឹងបំផុតរបស់ខ្លួនផងដែរ គឺបម្រាមគោចរចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ព្រឹកត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រី វីកទ័រ អឺបាន។រាល់អាជីវកម្មទាំងអស់ត្រូវតែបិទត្រឹមម៉ោង ៧ យប់។
ការរឹតបន្តឹងនេះចាប់ផ្តើមនៅថ្ងៃអង្គារទី១០វិច្ឆិកានេះនៅពាក់កណ្តាលអធ្រាត្រហើយនឹងមានរយៈពេលយ៉ាងហោចណាស់ ៣០ ថ្ងៃ៕
ប្រជាជនត្រូវបានធ្វើតេស្តិ៍រកវីរុសកូរ៉ូណានៅបារាំងកាលពីថ្ងៃ៩វិច្ឆិកា