ដោយៈប.ខុន/ភ្នំពេញៈភ្លៀងដោយសារឥទ្ធិពលព្យុះទី២១ កំពុងធ្លាក់រាយប៉ាយនៅលើតំបន់ខ្ពង់រាបភាគឦសាននៃប្រទេសកម្ពុជាជាមួយនឹងខ្យល់បក់តិចៗ អាកាសធាតុ ចុះត្រជាក់ដល់រង្វង់កម្រិត ១៨អង្សាសេ និង ផ្ទៃមេឃងងឹតគ្មានពន្លឺថ្ងៃ នៅលើខេត្តមណ្ឌលគីរី។
លោកខែម ភារម្យ ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តមណ្ឌលគិរី បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០ថា ភ្លៀងរលឹមបានចាប់ ផ្តើមធ្លាក់មកលើខេត្តមណ្ឌលគិរី តាំងពីម៉ោង៣ទាបភ្លឺថ្ងៃនេះ(១០វិច្ឆិកា) រហូតមក ដល់ពេលនេះ(ម៉ោង៨ព្រឹក)មេឃងងឹតគ្មានពន្លឺថ្ងៃភ្លៀងនៅតែបន្តធ្លាក់ជាមួយនិងខ្យល់បក់តិចៗ ធាតុអាកាសត្រជាក់បានចុះដល់រង្វង់កម្រិត១៨អង្សាសេកាលពីពេលព្រឹក។
ប្រធានមន្ទីរខាងលើនិយាយឱ្យដឹងទៀតថា កាលពីថ្ងៃទី៩ខែវិច្ឆិកាសីតុណ្ហ ភាពពេលព្រឹកនៅក្នុងរង្វង់១៩អង្សាសេ។ នៅពេលនេះភ្លៀងរលឹមកម្រិតច្រើនបានកំពុងបន្តធ្លាក់ជាមួយផ្ទៃមេឃងងឹតដោយសារឥទ្ធិពលព្យុះ។
លោកម៉ៅ ប៊ុនធឿនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរីបាន ប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១០ ខែវិច្ឆិកាថា ភ្លៀងផ្សែងក្រូចបានចាប់ផ្តើមរោយ តាំងពីយប់មកដល់ព្រឹកមានកម្រិត២មីលីម៉ែត្រហើយនៅតែបន្តធ្លាក់មកទៀតជាមួយនឹងអាកាសធាតុត្រជាក់ចុះដល់រង្វង់១៩អង្សាសេ ដែលកាលពីថ្ងៃម្សិលមិញមានកម្រិតត្រឹម២២អង្សាសេ។ ផ្ទៃមេឃគ្មានពន្លឺថ្ងៃនិងគ្មានខ្យល់។
ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រ កាសព័ត៌មានថានៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះវិសម្ពាធ (Tropical Depression) បាន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងនឹងធ្វើដំណើរឆ្ពោះ មកទិសបស្ចឹម ដោយបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី២១ឈ្មោះអ៊ីតូ(ETAU) នៅថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២០ ។
តាមការព្យាករព្យុះនេះ នឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) ពេលចូលដល់លើឆ្នេរភាគ ខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបន្ទាប់មកទៅ ជាសម្ពាធទាប (Low Pressure) ពេលចូលមកដល់លើភាគខាងកើត ប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណា ចក្រកម្ពុជាចាប់ពីយប់ថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានស្ថានភាពដូចជានៅរាជធានីភ្នំពេញនិងខេត្តនៅតំបន់ ខ្ពង់រាប ភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងខេត្តភាគខាងត្បូង នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិតពីបង្គួរទៅច្រើន។ ខេត្តនៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិតពីតិចទៅបង្គួរនិងរលកសមុទ្រមានកម្ពស់មធ្យម៕