​ដោយៈ តាកែវ / តាកែវៈ នៅ​ព្រឹក​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ កម្មការិនី​សិប្បកម្ម​កាត់ដេរ នៅក្នុង​ក្រុង​ដូន​កែវ មួយកន្លែង នាំគ្នា​មក​តវ៉ា នៅមុខ​មន្ទីរ​ការងារ ដោយ​ស្នើសុំ​ឱ្យជួយ​ពួកគាត់ លើ​ករណី​បាត់​ម៉ូតូ ដែល​ចត​ផ្ញើ នៅក្នុង​សិប្បកម្ម ពេល​ចូលធ្វើការ តែ​ម្ចាស់​ជា​ជន​ជាតិចិន មិន​ព្រម​ទទួលខុសត្រូវ​ឡើយ លើ​ករណី​បាត់​ម៉ូតូ​នេះ​។​

​ក្រុមអ្នកតវ៉ា បាន​បញ្ជាក់ថា ការនាំគ្នា​មក​តវ៉ា ពី​ក្រុម​កម្មការិនី​ទាំងនោះ នៅ​មន្ទីរ​ការងារ​ខេត្តតាកែវ​នេះ គឺ​ពួកគាត់ មាន​គោលបំណង ចង់ឱ្យ​ខាង​មន្ទីរ​ការងារ ចូលរួម​ជួយ​ដល់​ពួកគាត់ លើ​ការដោះស្រាយ ជាមួយនឹង​ម្ចាស់​សិប្បកម្ម ជា​ជន​ជាតិចិន ដែល​មិន​ព្រម​ទទួលខុសត្រូវ លើ​ករណី​បាត់​ម៉ូតូ របស់​កម្មការិនី ដែល​ចត​នៅ​កន្លែង​ផ្ញើ ដែលមាន​សន្តិសុខ​យាមកាម របស់​ម្ចាស់​សិប្បកម្ម កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ឋិត​នៅ​ចំណុច​បេន​កំពង់ទូក​ក្រោម ភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​ចំពោះ​បញ្ហា​កម្មការិនី​សិប្បកម្ម​នេះ មក​ធ្វើ​ការតវ៉ា​លើ​ករណី​បាត់​ម៉ូតូ ក្នុង​សិប្បកម្ម ពេល​កំពុង​ចូលធ្វើ​ការងារ សុំ​ឲ​មន្ទីរ​ការងារ​ជួយ​នោះ លោក ម៉ឺង វី​រី​យ៉ា ប្រធាន​មន្ទីរ​ការងារ បាន​ប្រាប់​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី ១០ វិច្ឆិកា​នេះ​ថាៈ លោក​នៅ​មិនទាន់​ដឹង​ជុំវិញ បញ្ហា​នោះ​នៅឡើយ​ទេ ហើយ​លោក នឹង​ឱ្យ​មន្ត្រី​ជំនាញ​របស់លោក ធ្វើការ​សួរនាំ​ពី​ដើមហេតុ នៃ​រឿង​ទាំងនេះ ។ ក្នុងនោះដែរ លោក​បាន​បញ្ជាក់ថា ក្នុង​ច្បាប់​ការងារ គឺ​មិនទាន់មាន​ចែងថា ត្រូវឱ្យ​ម្ចាស់​សិប្បកម្ម ឬ​រោងចក្រ ត្រូវ​ទទួលខុសត្រូវ លើ​ករណី​បាត់​របស់របរ ឬ​មធ្យោបាយ ប្រើប្រាស់​របស់​កម្មករ និយោជិត នៅក្នុងពេល​ធ្វើការ​នោះទេ​។​

​បើតាម​សម្តី​របស់​ម្ចាស់​ម៉ូតូ ដែល​បាត់ គឺ​កម្មការិនី​ឈ្មោះ សួរ វណ្ណ​តុល អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ធ្នង់ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ បាន​និយាយ​រៀបរាប់ថាៈ ម៉ូតូ​ដែល​បាត់​នោះ ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២០ ជា​ម៉ូតូ​ទិញ​បង់​រំ​លោះ មិនទាន់​ដាច់​ផង​។ នាង​បាន​ទិញ ដើម្បី​ជា​មធ្យោបាយ មក​ធ្វើ​ការងារ នៅ​សិប្បកម្ម​គ្មាន​ឈ្មោះ មួយកន្លែង ឋិត​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ លុះដល់​ពេលចេញ​ពី ធ្វើ​ការងារ សម្រាក​បាយ​ថ្ងៃត្រង់ ស្រាប់តែ​ម៉ូតូ​របស់​នាង បាន​បាត់ នៅសល់តែ​មួកសុវត្ថិភាព នៅក្នុង​កន្លែង​ផ្ញើ របស់​សិប្បកម្ម ។ នាង និង​ក្រុម​កម្មការិនី​ផ្សេងទៀត បាន​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​អធិការដ្ឋាន​ក្រុង​ដូន​កែវ រួចរាល់ មកទល់​ប៉ុន្មាន​ថ្ងៃនេះ រក​មិនឃើញ​នោះទេ ទើប​ពួកគាត់ នាំគ្នា​ស្នើសុំ​ឱ្យ​ខាង​មន្ទីរ​ការងារ ជួយ​ដោះស្រាយ ជាមួយ​ម្ចាស់​សិប្បកម្ម ដេរ​សម្លៀកបំពាក់ ដែល​គ្រប់គ្រង​ដោយ ជនជាតិ​ចិន​នោះ ជួយ​ទទួលខុសត្រូវ លើ​ករណី​បាត់​ម៉ូតូ នៅក្នុង​កន្លែងធ្វើការ​ងា​រ ៕​/V