ដោយៈ បាយ័ន / សៀមរាបៈ សមណសិស្សច្បង វត្តគិរីដោយគង្គា (ដំណាក់ស្តេច) បានជួបជុំគ្នា ដើម្បីធ្វើគម្រោងមូលនិធិ ទ្រទ្រង់សាលាពុទ្ធិកបឋមសិក្សាបន្ត។ ពិធីនេះ បានធ្វើឡើង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នេះជាសង្ឃដីការរបស់ភិក្ខុ ខេមធរោ អ៊ី គីម ព្រះគ្រូរតនវិសុទ្ធិកោសល ជាគ្រូបង្រៀន ព្រះសង្ឃពុទ្ធិក វិទ្យាល័យ រាជបូណ៌ ជាឧទ្ទេសាចារ្យពុទ្ធិកវិទ្យាល័យរាជបូណ៌ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ភិក្ខុ ខេមធរោ អ៊ី គីម ព្រះគ្រូរតនវិសុទ្ធិកោសល បានបញ្ជាក់ថាៈ គោលបំណងសិស្សច្បង វត្តដំណាក់ស្តេចៈ ១.តបគុណសាលា តាមរយៈបណ្តុះស្មារតីសាមគ្គី ជួយទ្រទ្រង់សាលា ដែលយើងធ្លាប់ ស្នាក់នៅរៀនសូត្រ ឱ្យក្លាយជាសាលាអប់រំ មានគុណភាព។ ២. រួមគ្នាជួយគ្រាហ៍ និងអូសទាញសិស្សប្អូន ឱ្យខំរៀនសូត្រ ក្នុងសាលាពុទ្ធិកសិក្សា ឱ្យបានច្រើន ទាំងបរិមាណ ទាំងគុណភាព ។ ៣.ពេលយើងនៅសិក្សា ធ្លាប់ឈឺចាប់ ជួបទុក្ខលំបាកគ្រប់យ៉ាង រាប់មិនអស់ ឥឡូវនេះ ពួកយើង រិះរកវិធីបញ្ចៀសទុក្ខលំបាក ដែលធ្លាប់ជួបទាំងនោះ កុំឱ្យវាកើតមាន ដល់សមណសិស្សប្អូន បន្តទៀត ។ ៤.សមណសិស្សច្បង សម្រេចចិត្តបរិច្ចាគ ១រូប ត្រឹម ១០.០០០ រៀលឡើង ក្នុង១ខែ នេះជាជំហានសាមគ្គី មុនដំបូង ហើយយើងសង្ឃឹមថា នឹងអាចធ្វើបានល្អ លើសពីនេះទៀត ទៅថ្ងៃអនាគត ជាបន្តបន្ទាប់ខាងមុខ ។
ព្រះសង្ឃ ធ្វើសកម្មភាពគំរូ ថ្ងៃនេះ គ្រហស្ថបរិស័ទ នឹងធ្វើតាមថ្ងៃស្អែក៖ ១.ជួយខ្លួនឯង ឱ្យរឹងមាំសិន សឹមឱ្យដទៃ មកជួយជ្រោមជ្រែង និងមានអ្នកជួយ លើកតម្កើងកិត្តិយស សាលាពុទ្ធិក ជាខាងក្រោយ បន្តបន្ទាប់ ។ ២.ធ្វើខ្លួនជាសមណសិស្សគំរូ និងមានចំណេះដឹង ច្បាស់លាស់ ទើបគេហ៊ានដើរតាមពីក្រោយ យើងថា ជាសមណសិស្ស សាលាពុទ្ធិកសិក្សារ បស់យើងល្អ ពិតប្រាកដមែន។ ៣.បើសមណសិស្សច្បងខ្លាំង ទើបសាលាយើង ល្បីល្បាញ, បើសមណសិស្ស ច្បងយើង អន់ខ្សោយ ហើយកេរ្តិ៍ឈ្មោះ សាលាពុទ្ធិក ក៏អ័ព្ទឱនអន់ខ្សោយ ទៅតាមនោះដែរ។ ៤.ទង្វើល្អរបស់សមណសិស្សច្បង គឺជាមន្តស្នេហ៍ ដ៏វិសេសស័ក្តិសិទ្ធិ សម្រាប់ស្រូបទាញ បណ្តាលឱ្យសាលាពុទ្ធិកបឋមសិក្សា របស់យើង អាចល្បីល្បាញ ទៅគ្រប់ទិសទីបាន។
ដូច្នេះ ដើម្បីឱ្យគម្រោងការនេះ បានសម្រេចតាមអ្វី ដែលអង្គពិភាក្សា បានលើកឡើង ក្នុងក្តីរំពឹងទុកខាងលើនេះ គឺប្រាកដជាមានកត្តា ដ៏ចម្បងមួយ ដែលតម្រូវឱ្យសមណសិស្សច្បង គ្រប់ៗរូប វត្តគិរីគង្គា (ដំណាក់ស្តេច) ស្ថិតនៅភូមិគោកដូងចាស់ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប មានការសាមគ្គី និងមានចិត្តក្លាហាន ហ៊ានលះបង់សេចក្តីសុខ តិចតួចផ្ទាល់ខ្លួន ប្តូរយកសេចក្តីសុខធំទូលាយ ឧទ្ទិសចំពោះគុណសាលាពុទ្ធិកសិក្សា បានដូចសេចក្តីប៉ងប្រាថ្នា របស់យើង ៕/V