ដោយ:ម៉េងឆៃ
កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសបន្ទាន់ជាសំឡេង ដោយសម្តេចបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាក់ទងនឹងកូវីដ១៩ និងមិនត្រូវភ័យស្លន់ស្លោទេ តែក៏ត្រូវគោរពឲ្យបានតាមវិធានការរបស់ក្រសួងសុខាភិបាល។
ក្នុងសារជាសំឡេង ដែលត្រូវបានផ្សព្វផ្សាយដល់បណ្តាញសារព័ត៌មាន សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកាបានបង្កឲ្យមានស្ថានភាពរំជើបរំជួលនៅក្នុងទីក្រុងភ្នំពេញនិងខេត្តកណ្ដាលហើយទៅដល់ខេត្តពោធិ៍សាត់។ ខេត្តបន្ទាប់ទៅខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ដោយឡែក ភាពធ្ងន់ធ្ងរនៅក្នុងទីក្រុងភ្នំពេញ ហើយអាចមានផ្នែកខ្លះ នៅខេត្តកណ្ដាល ជាទីកន្លែងតំបន់អង្គរក្សរស់នៅ ជាដើម គឺនៅក្នុងដែនដីខេត្តកណ្ដាល បានបង្កនូវការភ័យខ្លាច សម្រាប់ប្រជាជន ក្នុងទីក្រុងភ្នំពេញ និងនៅក្នុងខេត្តកណ្ដាល។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីថ្ងៃទី៩វិច្ឆិកា បន្ទាប់ពីការធ្វើតេស្តលើកទី២ គឺបានឃើញវិជ្ជមានចំនួន បីនាក់ នៅក្នុងនោះ មន្ត្រីជាន់ខ្ពស់កម្ពុជា ចំនួន ២នាក់ បូកជាមួយនឹងអគ្គរដ្ឋទូតហុងគ្រីម្នាក់ទៀត ហើយបើរាប់ទាំងអង្គរក្សការពាររដ្ឋមន្ត្រីការបរទេសហុងគ្រី ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ បានឡើងទៅដល់ ៤នាក់ហើយ។
ចំពោះមុខនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ បានសម្រេចបិទស្តាតអូឡាំពិក បិទសាលារៀនទាំងរដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ជាបណ្ដោះអាសន្ន ក្នុងរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី៨វិច្ឆិកា។ KTV ក្លិបកម្សាន្ត និងសារមន្ទីរ ក៏ត្រូវបានប្រកាសបិទជាបណ្តោះអាសន្នផងដែរ។
ក្នុងសារដដែលសម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការភ័យស្លន់ស្លោ ចំពោះមុខសភាពការណ៍នេះ ព្រោះយើងអាចគ្រប់គ្រងបាន។តែសម្តេចមានកង្វល់ពិតប្រាកដទាក់ទងទៅនឹងការធ្វើចត្តាឡីស័កហើយសុំអំពាវនាវសាជាថ្មីម្ដងទៀត ចំពោះមន្ត្រី អ្នកជាប់ពាក់ព័ន្ធទាំងអស់ សូមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវបំផុត មិនថា ខ្លួនផ្ទាល់នោះទេ សូម្បីតែប្រពន្ធកូនយើង។
សម្តេចតេជោស្នើដោយទទូច ចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ រួមទាំងប្រពន្ធកូន និងក្រុមគ្រួសារ នៅក្នុងផ្ទះ ត្រូវធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ ព្រោះនេះ ជាបញ្ហាសំខាន់ យើងមិនត្រូវនាំខ្លួនយើងចម្លងមេរោគឱ្យអ្នកដទៃ ឲ្យទៅសង្គមនោះទេ។ ចង់បញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា ឲ្យបានឆាប់ ជម្រើសតែមួយគត់របស់យើង គឺការធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ បើមិនដូច្នេះទេយើងអាចដើរទៅចម្លងនៅខាងក្រៅ អ្វីដែលគ្រោះថ្នាក់ជាងនេះទៅទៀត ការបាត់អ្នកខាងក្រៅ រឿងចម្លងទីកន្លែងផ្សេងៗ គឺជាការចម្លងចូលសហគមន៍ ដោយគ្មានដានទាល់តែសោះ នោះហើយគឺជាមហន្តរាយវានឹងកើតរីកមិនត្រឹមតែទីក្រុងភ្នំពេញនោះទេ អាចរីករាលដាលទៅដល់ទូទាំងប្រទេសទៀតផង ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចេញបញ្ជាឲ្យគ្រប់ទីកន្លែងទាំងអស់ ដែលមានអ្នកធ្វើចត្តាឡីស័ក ត្រូវធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវបំផុត នៅតាមផ្ទះ និងនៅកន្លែងធ្វើចត្តាឡីស័ក ដែលអាជ្ញាធរសមត្ថកិច្ច រៀបចំឲ្យ។ ក្នុងនោះ អាជ្ញាធរមូលដ្ឋាន ត្រូវតែរៀបចំពិនិត្យតាមដានឱ្យបានច្បាស់លាស់។ ប្រសិនបើគេមិនធ្វើបានត្រឹមត្រូវ សុំប្រញាប់ប្រញាល់អញ្ជើញពួកគាត់ ទៅកាន់ទីកន្លែងធ្វើចត្តាឡីស័ក ដែលរៀបចំឡើងដោយផ្នែកសុខាភិបាល។
សម្តេចតេជោ តែងតែរម្លឹកហើយរម្លឹកទៀត ពីជោគជ័យរបស់កម្ពុជាយើងក្នុងរយៈពេលជាង ១០ខែកន្លងមក ដែលការពារបាននូវការឆ្លងជំងឺកូវីដ១៩ មិនឲ្យរាលដាលចូលសហគមន៍ គឺដោយសារតែការធ្វើចត្តាឡីស័កដ៏ត្រឹមត្រូវ។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលមួយចំនួន ក្នុងនោះ និយាយឲ្យចំលើក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់ ក៏ដូចជាអ្នកកាសែតផ្ទាល់តែម្តង។ គឺអ្នកមួយចំនួននោះ មិនបានធ្វើចត្តាឡីស័ក នៅតាមផ្ទះឲ្យបានត្រឹមត្រូវឡើយ។
ក្រោយទៅយកព័ត៌មាន និងចូលរួមកម្មវិធីជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី នៅថ្ងៃទី៣វិច្ឆិកា គឺនៅយប់ថ្ងៃទី៣វិច្ឆិកា និងបន្តដល់ព្រឹកថ្ងៃទី៤វិច្ឆិកា ទាំងមន្ត្រីជាន់ខ្ពស់ និងទាំងអ្នកកាសែត បានទៅឡូកលំជាមួយក្រុមគ្រួសារ និងក្រុមការងារ ហើយមានរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ខ្លះ ចុះមូលដ្ឋាន ដល់ខេត្តព្រៃវែង និងខេត្តពោធិ៍សាត់ ជាដើម។
នៅពេលដឹងថា រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី កើតជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី៤វិច្ឆិកា ក៏នៅតែមានក្រុមគ្រួសារ មន្ត្រីជាន់ខ្ពស់ និងអ្នកកាសែតមួយចំនួន នៅតែមិនបានធ្វើចត្តាឡីស័កតាមផ្ទះឲ្យបានត្រឹមត្រូវ តាមវិធានសុខាភិបាលនោះឡើយ។ អ្នកធ្វើចត្តាឡីស័កជំពូកនោះ ដល់ថ្នាក់ដឹកនាំកក្រសួង ក៏នៅដើរហាត់ប្រាណ នៅតាមផ្លូវសាធារណៈ ដូចអត់មានរឿងអីកើតឡើង។ ចំណែកអ្នកនៅផ្ទះជួល បន្ទប់តែឯង បានចេញក្រៅផ្ទះ ដើម្បីទិញបាយទឹក។ រីឯអ្នកខ្លះទៀត ក៏នៅឡូកលំជាមួយប្រពន្ធកូន និងក្រុមគ្រួសារ ដោយសំអាងថា ខ្លួនមិនអី មិនកើតអីទេ ជាដើម។
ដោយសង្កេតឃើញការអនុវត្តមិនត្រឹមត្រូវដូច្នេះ ទើបសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ រៀបចំបើកសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ នៅជ្រោយចង្វារ ទល់មុខព្រះបរមរាជវាំង ដើម្បីឲ្យអ្នកដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័ក ដោយខ្លួនឯង នៅផ្ទះឲ្យបានត្រឹមត្រូវ ទៅស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ។
ក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ បន្ទប់សណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួន ៤០០ បន្ទប់ ដែលត្រៀមបម្រុងសម្រាប់អ្នកធ្វើចត្តាឡីស័ក ដោយមិនគិតថ្លៃ មានទាំងអាហារ ៣ពេល និងការមើលថែទាំយ៉ាងត្រឹមត្រូវ បែរជាមានអ្នកទៅធ្វើចត្តាឡីស័ក តែជាង ១០នាក់ប៉ុណ្ណោះ ខណៈដែលអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា មានចំនួនដល់ទៅ ១១៦៦នាក់ ដែលបានទៅធ្វើតេស្តលើកទី១ និងលើកទី២។
ដូច្នេះដើម្បីអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ផង និងដើម្បីចូលរួមការការពារការចម្លងវីរុសកូវីដ១៩ ទៅសហគមន៍ផង គួរតែអ្នកធ្វើចត្តាឡីស័កទាំងអស់ បើធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល ១៤ថ្ងៃ ហើយធ្វើតេស្តតាមការកំណត់របស់ក្រសួងសុខាភិបាល។
ការធ្វើតេស្តនេះទៀតសោត ក៏ក្រសួងសុខាភិបាល គួរតែគិតឡើងវិញ ព្រោះថា អ្នកធ្វើចត្តាឡីស័ក នៅផ្ទះ ដល់ពេលធ្វើតេស្ត ត្រូវឲ្យពួកគាត់ធ្វើដំណើរពីផ្ទះ ទៅធ្វើតេស្ត នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សំណួរសួរថា ពីផ្ទះ ទៅកន្លែងធ្វើតេស្ត តើអ្នកធ្វើចត្តាឡីស័ក ត្រូវធ្វើដំណើរ ឆ្លងកាត់អ្វីខ្លះ? ប៉ះពាល់នឹងអ្នកដំណើរយ៉ាងណាខ្លះ? នេះជាចំណុចគួរគិតគូរឡើងវិញ។
បើយកល្អ គួរតែប្រមូលក្រុមអ្នកធ្វើចត្តាឡីស័កទាំងអស់ ទៅកន្លែងមួយ ឬក៏នៅសណ្ឋាគារ ដែលក្រសួងសុខាភិបាល រាជរដ្ឋាភិបាលរៀបចំ ហើយពេទ្យ ចុះទៅពិនិត្យធ្វើតេស្ត នៅទីនោះតែម្តង។ ចំពោះអ្នកធំៗ ដែលធ្វើចត្តាឡីស័ក តាមផ្ទះ ក៏គួរតែចាត់ពេទ្យ ឲ្យទៅធ្វើតេស្តដល់ផ្ទះ ដូចករណីសម្តេចតេជោ និងរដ្ឋមន្ត្រីមួយចំនួន។ កងកម្លាំងមានសមត្ថកិច្ច ក៏ត្រូវតែដាក់ពង្រាយប្រចាំការ យាមកាមជាប់ជានិច្ច នៅកន្លែងធ្វើចត្តាឡីស័ក ដើម្បីឲ្យប្រាកដថា មិនមានអ្នកចេញក្រៅមណ្ឌលចត្តាឡីស័ក។តែបើនៅតាមផ្ទះប្រហែលជាពិបាកក្នុងការគ្រប់គ្រងបន្តិចតាមសង្គមយើងសព្វថ្ងៃ។
ទន្ទឹមនេះដែរក្រសួងសុខាភិបាល ដាក់ចេញវិធានការសំខាន់អំឡុងពេលចត្តាឡីស័ក ។ក្នុងនោះមានៈ ត្រូវនៅដាច់ដោយឡែក ១៤ថ្ងៃ។តាមដានរោគសញ្ញា។នៅដាច់ដោយឡែកពីសមាជិកគ្រួសារ។ប្រើសម្ភារៈដាច់ដោយឡែក។លាងសម្អាតដៃ។ខ្ទប់មាត់ ច្រមុះពេលក្អក ឬកណ្ដាស់។ ហូបអាហារឆ្អិន។អនាម័យល្អកន្លែងរស់នៅ និងរក្សាអារម្មណ៍ឱ្យនឹងនរ។
ក្រសួងបានបញ្ជាក់ថា បុគ្គលល្មើសនឹងត្រូវពិន័យជាប្រាក់ពី ពីរសែនរៀល ដល់ មួយលានរៀល ឬទោសព្រហ្មទណ្ឌ ជាធរមាន៕សរន