ដោយៈ គូលែន / សៀមរាបៈ មនុស្សចំនួន ៤ នាក់ បានរងរបួសធ្ងន់ស្រាល ដោយសាររថយន្តដឹកទ្រុងមាន់ និងរថយន្តកាម៉ាស់ សណ្តោង ដែលមានផ្ទុកជ័រទឹក ពេញទ្រុងរថយន្ត បានបុកគ្នា ក្នុងទិសដៅបញ្ច្រាសគ្នា នៅវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ ឈានចូល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៦ ក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល ស្រុកពួក បានឱ្យដឹង ពាក់ព័ន្ធនឹង ករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅថ្ងៃទី១០ វិច្ឆិកានេះថាៈ រថយន្ត ទម្ងន់ពីរ តោនកន្លះ ពាក់ស្លាកលេខ សៀមរាប 3A-2246 ដឹកទ្រុងដាក់មាន់ បានបើកបរ មកពីទិសខាងលិច ឆ្ពោះទៅខាងកើត បានរេចង្កូត ចូលគន្លងផ្លូវ ខាងឆ្វេង ហើយបានទៅបុកជាមួយ រថយន្តកាម៉ាស់ សណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ 4A-0673 បើកបរមកពីទិសខាងកើត ទៅទិសខាងលិច ដែលមានផ្ទុកជ័រទឹក ពេញទ្រុងរថយន្ត បណ្ដាលឱ្យរថយន្តកាម៉ាស់ រេចង្កូតទៅខាងឆ្វេង ហើយបានធ្លាក់ក្បាលរថយន្ត ចូលស្រះទឹក ទៅបុកដីមាត់ស្រះ ធ្វើឱ្យខូចខាតផ្នែកខាងមុខ និងធ្វើឱ្យជ័រទឹក ធ្លាក់រាយពេញទឹកស្រះ ហើយចំពោះរថយន្តដឹកទ្រុងដាក់មាន់ ដែលជាអ្នកបង្ក ក៏បានក្រឡាប់នៅលើទ្រូងផ្លូវ ខូចខាតធ្ងន់ធ្ងរ។
លោកបានបន្តថាៈ ចំពោះអ្នកបើកបរ រថយន្តទាំងពីរ និងអ្នករួមដំណើរ បានរងរបួសធ្ងន់ ៣ នាក់ ស្រាលម្នាក់។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាមកពីអ្នកបើកបរ រថយន្តដឹកទ្រុងមាន់ បើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ ក្នុងស្ថានភាពងងុយដេក ។ ជនរងគ្រោះ កំពុងសង្គ្រោះ នៅមណ្ឌលសុខភាព ឃុំព្រៃជ្រូក និងបានសង្គ្រោះបន្ត នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ។
លោកបានបន្តទៀតថាៈ ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានចុះវាស់វែង កន្លែងកើតហេតុ។ ចំពោះ រថយន្តទាំង ២ គ្រឿង ត្រូវបានកម្លាំងជំនាញ អូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកពួក ដើម្បីធ្វើការដោះស្រាយ ទៅតាមនីតិវិធីច្បាប់៕/V