SCG និង​ដៃគូ ១៨០​ស្ថាប័ន រួមគ្នា​អនុវត្ត​សេដ្ឋកិច្ច​’​វិលជុំ​’​ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​សាកល តាមរយៈ​ដំណោះស្រាយ ៤​យ៉ាង

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ វិស័យ​ឯកជន​នៅ​ប្រទេស​ថៃ​បាន​អំពាវនាវ​ឲ្យ​មានការ​ព​ន្លឿ​ន​ការអនុវត្ត​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ (circular economy) ដើម្បី​ជំរុញ​ជីវភាព​ប្រសើរឡើង​រប​ស់​ប្រជាជន និង​ដោះស្រាយ​បញ្ហា​ធំៗ ដូចជា គ្រោះរាំងស្ងួត ភាពក្រីក្រ ធូលី​បំពុល​ខ្យល់ PM 2.5 និង​បញ្ហា​សំណល់ ។ ការអំពាវនាវ​នេះ​ធ្វើឡើង​នៅឯ​សន្និសីទ SD ឆ្នាំ​២០២០ ស្ដីពី “​សេដ្ឋកិច្ច​វិលជុំ ៖ សកម្មភាព​ដើម្បី​អនាគត​ប្រកបដោយ​ចីរភាព​” ដែល​ឆ្នាំនេះ​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ​។

​នៅក្នុង​សន្និសីទ​នេះ ក្រុមហ៊ុន SCG និង​ដៃគូ​ទាំង ១៨០ បានប្រកាស​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​សេដ្ឋកិច្ច​វិលជុំ​នា​ឆ្នាំកន្លងមក និង​សម្រាប់​ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន​និង​ដៃគូ​បាន​ដាក់ចេញ​នូវ​ដំណោះស្រាយ ៤​ចំណុច ដែល​ចាំបាច់​ត្រូវ​ធ្វើការ​ជាបន្ទាន់ រួមមាន ៖ ១. ដោះស្រាយ​គ្រោះរាំងស្ងួត ដោយ​ប្រើ​ប្រព័ន្ធ​ទឹក​វិលជុំ​, ២. កាត់បន្ថយ​ធូលី​បំពុល​ខ្យល់ PM 2.5 ដោយ​អនុវត្ត​កសិកម្ម​ដែល​គ្មាន​ការដុត​១០០% ព្រមទាំង​ការផ្ដល់​លទ្ធភាព​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​កសិកម្ម​ដល់​កសិក​រ ដើម្បី​បង្កើត​ចំណូល​ប្រកបដោយ​និរន្តរភាព​, ៣. ស្នើ​ឲ្យ​ដាក់បញ្ចូល​ការគ្រប់គ្រង​សំណល់​ផ្លា​ស្ទិ​ក​ទៅក្នុង​របៀបវារៈ​ជាតិ​, និង ៤. ស្វែងរក​ការយកចិត្តទុកដាក់​ពី​រដ្ឋាភិបាល​ដើម្បី​គាំទ្រ​ដល់​សំណង់​បៃតង​និង​បរិស្ថាន​មេត្រី ។
​លោក Roongrote Rangsiyopash ប្រធាន​និង​អគ្គនាយក SCG បាន​ថ្លែងថា សន្និសីទ SD នេះ ធ្វើឡើង​ក្នុង​បំណង​បំផុសគំនិត​ដើម្បី​ដោះស្រាយ​ភាព​ប្រឈម​ចំពោះ​ជាតិ និង​ប្រជាជន ដែល​កំពុង​កើតមាន ដូចជា របៀប​កាត់បន្ថយ​ផលប៉ះពាល់​ពី​បញ្ហា​អាកាសធាតុ ធូលី​បំពុល​ខ្យល់ PM 2.5 គ្រោះរាំងស្ងួត ទឹកជំនន់ កង្វះ​ធនធានធម្មជាតិ ការកើនឡើង​នូវ​សំណល់​ផ្លា​ស្ទិ​ក​ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩ ។


​លោក Roongrote បាន​និយាយថា “​ភាពជា​ដៃគូ​ពហុ​វិស័យនេះ បាន​ពង្រីក​ខ្លួន​កាន់តែ​ធំ ពោលគឺ​តាំងពី​មាន​ដៃគូ​ត្រឹម ៤៥​ក្រុមហ៊ុន​-​ស្ថាប័ន កាលពី​ឆ្នាំទៅ​មិញ រហូត​មាន​ដៃគូ​ដល់​ទៅ ១៨០​ក្រុមហ៊ុន​-​ស្ថាប័ន នៅ​ឆ្នាំនេះ ដោយ​ប្រមូល​ស្ថាប័ន​នានា​មក​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ និង​ដាក់បញ្ចូល​ទៅក្នុង​កិច្ចសហប្រតិបត្តិការ នូវ​កត្តា​មូលដ្ឋាន​សំខាន់ៗ​ចំនួន ៤ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង ជាមួយនឹង​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ ។​”
១. កសាង​ប្រព័ន្ធ​ទឹក​វិលជុំ ៖ ជាការ​ត្រៀមលក្ខណៈ​ដើម្បី​ទប់​ទល់នឹង​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​ខាងមុខ កិច្ចសហប្រតិបត្តិការ​នេះ មាន​គោលដៅ​ជំរុញ​កសិករ​ឲ្យ​មាន​ភាពស៊ាំ​ក្នុងការ​រៀនសូត្រ​អំពី​វិធីសាស្ត្រ​កែសម្រួល​ដី រួមជាមួយ​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា ។ លើសពីនេះ​ទៀត ដើម្បី​អប់រំ​កសិករ​និង​កសិករ​ថ្មី​ដែល​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ដោយសារ​ផលប៉ះពាល់​សេដ្ឋកិច្ច​ពី​កូ​វីដ​-១៩ និង​ពង្រីក​គំនិត​ទាំងនេះ​ទៅ​ទូទាំងប្រទេស យើង​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចូលរួម​នៅក្នុង​គម្រោង​នេះ ។ គោលបំណង​នៃ​គម្រោង​នេះ គឺ​ដើម្បី​កាត់បន្ថយ​វិសមភាព​សង្គម ស្ដារ​សេដ្ឋកិច្ច​សហគមន៍ និង​បង្កើន​ផលដំណាំ​កសិកម្ម​របស់​ប្រទេស ដើម្បី​ឲ្យ​ប្រទេស​ថៃ​ក្លាយជា​ផ្ទះបាយ​របស់​ពិភពលោក ។
២. ជំរុញ​កសិកម្ម​ដែល​គ្មាន​ការដុត​ភ្លើង ១០០% នៅក្នុង​ឆ្នាំ​២០២២ ដោយ​អនុវត្ត​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ ដោយ​ច្នៃ​ប្រើប្រាស់​ឡើងវិញ​នូវ​សម្ភារ​សំណល់ ដូចជា គល់​កញ្ជ្រាំង ស្លឹក​អំពៅ ចំបើង ដោយ​បំប្លែង​វា​ទៅជា​ថាមពលជំនួស ជីវម៉ាស ចំណី​សត្វ ជាដើម ហើយ​ការ​វេច​ខ្ចប់​ដោយ​ប្រើ​រុក្ខជាតិ នឹង​កាត់បន្ថយ​ធូលី PM 2.5 និង​បង្កើត​ចំណូល​បាន ២៥.០០០​លាន​បាត ក្នុង​មួយឆ្នាំ ។ បន្ថែម​លើ​នេះ គឺ​ការណែនាំ​អំពី​គោល​គំនិត​
​សេដ្ឋកិច្ច​ចែករំលែក (sharing economy) នៅក្នុង​ការបង្កើត​មូលនិធិ​គ្រឿងចក្រ​សហគមន៍ ដែល​អនុញ្ញាត​ឲ្យ​កសិករ​ប្រើប្រាស់​គ្រឿងចក្រ​កសិកម្ម​សម្រាប់​ការកែលម្អ​ការដាំដុះ និង​ការប្រមូល​ផល ព្រមទាំង​បង្កើន​ទិន្នផល​របស់​ពួកគាត់ ដោយ​មិនចាំបាច់​វិនិយោគ​ទៅលើ​គ្រឿងចក្រ​ដោយ​ខ្លួនឯង​ឡើយ ។
៣. ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​ការគ្រប់គ្រង​សំណល់​ផ្លា​ស្ទិ​ក​ជា​របៀបវារៈ​ជាតិ ។ ប្រទេស​ថៃ​ត្រូវតែ​អនុវត្ត​ច្បាប់​គ្រប់គ្រង​សំណល់​ឲ្យ​បាន​ហ្មត់ចត់ ។ រដ្ឋាភិបាល​ក៏ត្រូវ​បាន​ជំរុញ​ផងដែរ ឲ្យ​ជួយ​សម្របសម្រួល​និង​ដាក់ចេញ​នូវ​បទ​ប្បញ្ញត្តិ​នានា ដើម្បី​អាចធ្វើ​ការរួម​គ្នា​នៅលើ​បញ្ហា​នេះ​បាន ។ ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការគ្រប់គ្រង​សំណល់​ផ្លា​ស្ទិ​ក ត្រូវការ​ចាំបាច់​នូវ​ក្របខ័ណ្ឌ​រឹងមាំ និង​ដំណើរការ​ការងារ​ច្បាស់លាស់ ។ ស្ថាប័ន​និយ័តកម្ម ត្រូវ​ដឹកនាំ​ភាពម្ចាស់ការ​នៅក្នុង​ការដោះស្រាយ​បញ្ហា​នេះ នៅក្នុង​ខ្សែចង្វាក់​តម្លៃ​ទាំងអស់ ដោយ​រាប់​ចាប់តាំងពី​ការកែសម្រួល​រចនាសម្ព័ន្ធ​ពន្ធ និង​ការផ្ដល់​បុព្វសិទ្ធិ​ពន្ធ​ដល់​ធុរកិច្ច​គ្រប់គ្រង​និង​កែច្នៃ​សំណល់ ។​
៤. ជំរុញ​សេដ្ឋកិច្ច​វិលជុំ​នៅក្នុង​វិស័យ​សំណង់ ។ នៅ​ក្នុងការ​ប្រែក្លាយ​វិស័យ​សំណង់​ឲ្យ​ទៅជា​វិស័យ​បៃតង​និង​បរិស្ថាន​មេត្រី រដ្ឋាភិបាល​ចាំបាច់​ត្រូវតែដើរ​តួនាទី​ដឹកនាំ​។​រដ្ឋាភិបាល​ត្រូវដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​លទ្ធកម្ម​ថ្មី​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ។ ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ធនធាន​ឲ្យ​មាន​ប្រសិទ្ធ​ផល​អតិបរមា និង​កាត់បន្ថយ​សំណល់​គ្រឿងសំណង់ ក៏​ចាំបាច់​ត្រូវដាក់​បញ្ចូល​នៅក្នុង​គោលការណ៍​ណែនាំ​នេះ​ផងដែរ ឬ​ម្យ៉ាងទៀត ត្រូវ​ផ្ដល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​ដល់​អ្នកម៉ៅការ​គម្រោង​សាងសង់ ដើម្បី​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ងាក​ទៅប្រើ​ប្រាស់​វត្ថុធាតុដើម​បរិស្ថាន​មេត្រី ឬ​ច្នៃ​ប្រើប្រាស់​វត្ថុធាតុដើម​ឡើងវិញ នៅក្នុង​ការសាងសង់ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...