ប្រែសម្រួល : កញ្ញាដាលីស/បាងកក ៖ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) បាននិយាយថា គណបក្សកាន់អំណាចរបស់មីយ៉ាន់ម៉ាមួយនេះឈ្នះសំឡេងឆ្នោតគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល។
អ្នកនាំពាក្យគណបក្ស NLD លោក ម៉ូនីវ៉ា អ៊ុង ស៊ីន បានប្រាប់សារព័ត៌មាន The Straits Times កាលពីថ្ងៃចន្ទទី៩វិច្ឆិកាថា”យើងមានអាសនៈគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិបាលឬប្រហែលជាមានសំឡេងច្រើនជាងតម្រូវការទៅទៀត”។
ទោះបីជាលទ្ធផលផ្លូវការមិនទាន់ត្រូវបានប្រកាសក៏ដោយ ក៏លោកបានបញ្ជាក់ថាមេដឹកនាំគណបក្ស NLD និងទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសានស៊ូជីបានទទួលជោគជ័យក្នុងការការពារអាសនៈសភាជាន់ទាបរបស់លោកស្រីនៅសង្កាត់ក្កាវមូនៃទីក្រុងយ៉ាំងហ្គោន។
លោកបាននិយាយថា ប្រធានាធិបតី វីន មីន តំណាងគណបក្ស NLD នៅក្នុងសង្កាត់ថាមវ៉េក្នុងទីក្រុងយ៉ាំងហ្គោនក៏បានផ្តួលគូប្រជែងដទៃទៀតដែរ។
នេះជាការបោះឆ្នោតលើកទី២ ហើយចាប់តាំងពីប្រទេសមីយ៉ាន់ម៉ាបានងាកចេញពីការគ្រប់គ្រងដោយយោធាកាលពីឆ្នាំ ២០១១ ។
នៅក្រោមប្រព័ន្ធចែកអំណាចដែលរៀបចំឡើងដោយរបបយោធា អាសនៈ ២៥ ភាគរយក្នុងចំណោមអាសនៈសភាទាំងអស់ត្រូវបានបម្រុងទុកសម្រាប់យោធា ដែលគ្រប់គ្រងផងដែរលើក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការព្រំដែន៕
ពួកគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)អបអរជ័យជម្នះក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យលើកទី២