ដោយៈសរិទ្ធ/ភ្នំពេញៈជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់បានសម្រេចហើយតែជិះម៉ូតូគេច ខ្លួនជ្រុលទៅបុកម៉ូតូអ្នកដំណើរបណ្ដាលឱ្យដួលបានត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ឃាត់ខ្លួនបានភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចផ្លូវលេខ២៧៤កែងផ្លូវលេខ២០៥ ក្រុម៣៣ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ចាន់ មនោរង្សី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរដឹកអីវ៉ាន់អនឡាញ មានប្រើប្រាស់នូវសារ ធាតុញៀន ស្នាក់នៅផ្ទះលេខ២៦ផ្លូវលេខ២១៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ ច្រឹង លាងអ៊ីភេទស្រី អាយុ ២៧ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះជួលក្នុងភូមិពោធិញាណ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា PCX ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1HJ-9779 មកដល់ចំណុចផ្លូវលេខ២៧៤ កែងផ្លូវលេខ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ មានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កួពី ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IL-1681 មកពីក្រោយរួចធ្វើសម្មភាពលូកដៃឆ្វេងឆក់យកខ្សែករបស់ជនរងគ្រោះបានសម្រេចហើយ ក៏ជិះម៉ូតូគេចខ្លួន ។ ភ្លាមៗនោះ ជនរងគ្រោះក៏បានស្រែកថាចោរៗធ្វើឲ្យជនសង្ស័យភ័យក៏បើកម៉ូតូជ្រុលទៅបុកជាមួយនឹងម៉ូតូអ្នកធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យដួល។បន្ទាប់មកកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដែលល្បាតបានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ដើម្បីសាកសួរតែម្ដង៕