មន្ត្រី​នៃ​អង្គការសហប្រជាជាតិ​ឲ្យ​ដឹងថា ក្នុងចំណោម​មនុស្ស​មួយ​ពាន់​លាន​នាក់ មាន​២​ភាគ​៣ ជួប​បញ្ហា​សន្តិសុខ​ស្បៀង​

1403
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: លោកស្រី​បណ្ឌិត Li Yutong នាយក​មជ្ឈមណ្ឌល​គ្រឿងយន្ត​កសិកម្ម​សមស្រប​របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម សម្រាប់​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UN-ESCAP) បាន​បញ្ជាក់ថា ការធានា​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ ដែល​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​បាននិងកំពុង​ជួបប្រទះ បើតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​មនុស្ស ០១​ពាន់​លាន -​នាក់ មាន​២/៣ កំពុងតែជួបប្រទះ​បញ្ហា​សន្តិសុខ​ស្បៀង​ក្នុង​តំបន់​។​

​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា នៅក្នុង​សិក្ខា សាលា​ថ្នាក់​តំបន់ ស្តីពី​តួនាទី​គ្រឿងយន្ត​កសិកម្ម​ក្នុងការ​ពង្រឹង​ភាព​បន្សាំ​របស់​កសិករ​ខ្នាតតូច​ដោយ ប្រើប្រាស់​បច្ចេកទេស​ដើម្បី​អភិរក្ស​កសិកម្ម​ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅនេះ លោកស្រី​បណ្ឌិត Li Yutong លើកឡើង​បន្តថា ការប្រែប្រួល​អាកាសធាតុ និង​ឱន ភាព​ដី​ក៏​ជា​បញ្ហាសំខាន់​ដែល​បាននិងកំពុង​ជះឥទ្ធិពល​ជា​អវិជ្ជមាន​យ៉ាងខ្លាំង​លើ​វិស័យ​កសិកម្ម​ទាំងមូល ទាំង​ក្នុង​ថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​។

​ទន្ទឹមនេះ លោកស្រី​បានបញ្ជាក់​ពី​គោលនយោបាយ និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព សម្រាប់​ឆ្នាំ​២០៣០ រួមមាន​ការលុបបំបាត់​ភាពក្រីក្រ ការបញ្ចប់​ភាពអត់ឃ្លាន ការធានា​ឲ្យ​បាន​នូវ​សន្តិសុខ ស្បៀង ការលើកកម្ពស់​អាហារូបត្ថម្ភ ការធ្វើ​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​ការប្រយុទ្ធប្រឆាំង​ការ ប្រែប្រួល​អាកាសធាតុ​និង​ឱនភាព​ដី​។

​ដោយឡែក លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ ថា វិស័យ​កសិកម្ម​នាពេល​បច្ចុប្បន្នកំពុង​ប្រឈម​និង​បញ្ហា​មួយចំនួន ដូចជា​ការធ្លាក់ចុះ​កំ​កម្លាំង​ពលកម្ម ការ ប្រែប្រួល​អាកាសធាតុ​និង​ឱ​ឱនភាព​ដី ដែល​ធ្វើ​ឲ្យ​វិស័យនេះ​មិនអាច​ឈានទៅ​សម្រេចបាន ឬ​បំពេញ​ឲ្យ​អស់ លទ្ធភាព​នូវ​សក្តានុពល​របស់ខ្លួន​ដែលមាន​។ ដូច្នេះ ការអភិវឌ្ឍ​គ្រឿងយន្ត​កសិកម្ម ការធ្វើ​ទំនើបកម្ម​កសិកម្ម គឺជា​ដំណោះស្រាយ​មួយ​ដ៏​សមស្រប​ក្នុងការ​បង្កើន​សមត្ថភាព​ដល់​មនុស្ស​ដែល​នាំទៅរក​ការពង្រឹង​និង​បង្កើន​ផលិតភាព​កសិកម្ម កាត់បន្ថយ​កម្លាំង​មនុស្ស ប្រើប្រាស់​ដី​ឲ្យ​អស់​លទ្ធភាព​និង​ទទួលបាន​ប្រសិទ្ធភាព សំដៅ ធានា​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​។

​សូមបញ្ជាក់​បន្ថែមថា សិក្ខាសាលា​ខាងលើនេះ​នឹង​ប្រព្រឹត្តទៅ​រយះពេល​០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ ធ្វើឡើង​ក្នុង​បំណង​លើកកម្ពស់​យ​ន្តូ​ប​នីយកម្ម​កសិកម្ម ទំនើបកម្ម​កសិកម្ម កំណត់​បញ្ហា​ប្រឈម និង​រក​ដំណោះស្រាយ​ឲ្យ​បាន​សមស្រប ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម ធានាបាន​នូវ សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​កំណើន​សេដ្ឋកិច្ចជាតិ ដែល​នាំទៅរក​ការកាត់បន្ថយ​ភាពក្រីក្រ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម