ដោយៈគាត ស្រីឡែន បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ប៉ុល សុខា មានអាយុ៦១ឆ្នាំ រស់នៅភូមិអន្ទ្រងសាមគី្គសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ សុខា មានប្រពន្ធឈ្មោះ ទេព សាមីអាយុ៥២និងមានកូន៧នាក់បានរៀបរាប់ពីរឿងរ៉ាវដែលបានឆ្លងកាត់របបខ្មែរក្រហមដូច ខាងក្រោម ៖
រូបថតៈប៉ុល សុខា មានអាយុ៦១ឆ្នាំ រស់នៅភូមិអន្ទ្រងសាមគី្គសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
ខ្ញុំមានស្រុកកំណើតនៅភូមិប្រងើយទីពីរ ឃុំថ្មពួន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូន៧នាក់ ប៉ុន្តែបានស្លាប់២នាក់ ក្នុងអំឡុងពេលសង្គ្រាមទសវត្សរ៍ឆ្នាំ៧០។ ក្នុងឆ្នាំ១៩៧២ ខ្ញុំបានបួសរៀនរយៈពេល៣ឆ្នាំ នៅវត្តបាស្រែ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
នៅឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចខ្ញុំបានសឹក និងរស់នៅជាប្រជាពលធម្មតាវិញ។ ក្រោយមក ខ្មែរក្រហមបានចាត់តាំងខ្ញុំចូលធ្វើការនៅក្នុងកងចល័ត លើកទំនប់ ដកស្ទូវ ភ្ជួរស្រែ ជីកប្រឡាយ និងជីកព្រែក ប៉ុន្តែខ្ញុំមិនដែលមានអាហារហូបគ្រប់គ្រាន់ឡើយ។ ខ្ញុំធ្វើការនៅក្នុងកងចល័តបានរយៈពេលមួយឆ្នាំ គឺនៅចុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានបញ្ជូនខ្ញុំមកធ្វើការនៅរោងចក្រជ័រកៅស៊ូក្រែប នៅជប់ ក្នុងខេត្តកំពង់ចាមវិញ។ នៅពេលខ្ញុំទៅដល់ជប់ ដំបូងខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យសង់អាងដាក់ជ័រក្រែប។ មួយរយៈក្រោយមក ខ្មែរក្រហមបានជ្រើសរើសអ្នកចេះអក្សរ និងចេះលេខនព្វន្តមកធ្វើការនៅមន្ទីរពិសោធន៍ជ័រក្រែប។ដោយសារខ្ញុំបានរៀនសូត្រនិងធ្លាប់បួសរៀនទើបខ្មែរក្រហមជ្រើសរើសខ្ញុំមកធ្វើការនៅក្នុងមន្ទីរពិសោធន៍ជ័រក្រែបនេះ។
ខ្ញុំបានឃើញគណៈប្រតិភូចិនមកទស្សនកិច្ចនៅក្នុងរោងច្រកជ័រកៅស៊ូរបស់ខ្ញុំនិងត្រួតពិនិត្យមើលគុណភាពជ័រកៅស៊ូក្រែបដើម្បីបែងចែកប្រភេទលេខ១ លេខ២ ព្រមទាំងបង្ហាញពីបចេ្ចកទេសក្នុងការផលិតជ័រកៅស៊ូក្រែបទៀត។ គណៈប្រតិភូចិនដែលមកទស្សនៈកិច្ចនោះដឹកនាំដោយឈ្មោះ ឈិន យ៉ុងគួយ។ ចំណែកភាគីខ្មែរក្រហមរួមមាន ប៉ុល ពត, សោ ភឹម និង ភួង។ នៅពេលនោះខ្មែរក្រហមតម្រូវឲ្យកម្មករដែលធ្វើការនៅក្នុងបន្ទប់ពិសោធន៍ទាំងអស់ស្លៀកពាក់អាវពណ៌ស និងខោខ្មៅ លើកលែងថ្ងៃធ្វើការធម្មតាកម្មករទាំងអស់តម្រូវឲ្យស្លៀកពាក់ខោខ្មៅអាវខ្មៅ។ នៅពេលដែលគណៈប្រតិភូចិន ឈិន យ៉ុងគួយ និយាយ គឺមានអ្នកបកប្រែពីភាសាចិនមកខ្មែរ។
គណៈប្រតិភូចិនបានមកទស្សនកិច្ចនៅរោងចក្រជ័រកៅស៊ូក្រែបរយៈពេល២០នាទីក៏ត្រឡប់ទៅវិញ។
នៅចម្ងាយពីរោងចក្រជ័រកៅស៊ូក្រែបនេះប្រហែល១គីឡូម៉ែត្រមានមន្ទីរមួយឈ្មោះថា មន្ទីរក្រហម ដែលសាងសង់តាំងពីសម័យបាំរាំងសម្រាប់គ្រប់គ្រងចម្ការកៅស៊ូ។ ក្នុងរយៈពេលមួយសប្តាហ៍ម្តង ខ្មែរក្រហមបានចាក់បញ្ចាំងខ្សែភាពយន្តឯកសារឲ្យកម្មករទាំងអស់គ្នាមើលនៅមន្ទីរក្រហមនោះ។ ភាពយន្តឯកសារនោះភាគច្រើននិយាយអំពីការតស៊ូប្រឆាំងនឹងចក្រពត្តិ និងធ្វើការងារពលកម្ម ដូចជាធ្វើស្រែ លើកទំបន់ ជីកព្រែកនិងជីកប្រឡាយ។នៅពេលដែលមើលភាពយន្តចប់ខ្មែរក្រហមតែងតែណែនាំឲ្យកម្មករទាំងអស់យកគំរូតាមភាពយន្តឯកសារទាំងនោះ ដោយឲ្យខំប្រឹងប្រែងធ្វើការងារឲ្យអស់ពីកម្លាំងកាយ និងចិត្ត។
នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានបញ្ជូនកម្មាភិបាល និងយោធាមកពីខាងភូមិភាគនិរតីឲ្យមកគ្រប់គ្រងនៅភូមិភាគបូព៌ា។ យោធាមកពីខាងភូមិភាគនិរតីទាំងនោះបានដេញចាប់ និងសម្លាប់កម្មាភិបាល និងយោធានៅភូមិភាគបូព៌ាស្ទើរទាំងអស់។ កម្មាភិបាល និងកម្មករដែលធ្វើការនៅមន្ទីរពិសោធន៍នៃរោងចក្រជ័រកៅស៊ូក្រែបទាំងអស់ ក៏ត្រូវបានចោទប្រកាន់ថា ជាក្រុមក្បត់ «ក្បាលយួនខ្លួនខ្មែរ» ដែរ។ នៅក្នុងឆ្នាំ១៩៧៨នេះដែរ ខ្ញុំបានឃើញខ្មែរក្រហម ដឹកសាកសព សោ ភឹម ដែលជាលេខាភូមិភាគបូព៌ាតាមរថយន្ត ដើម្បីបង្ហាញឲ្យប្រជាជនបានឃើញ។ ខ្មែរក្រហមបាននិយាយថា មើលទៅនេះជាជនក្បត់កុំយកគំរូតាម។ដោយសារខ្លាចកម្មាភិបាលខាងនិរតីសម្លាប់ខ្ញុំបានរត់ចូលព្រៃជាមួយកម្មករពីរបីនាក់ទៀត។ ពេលនៅក្នុងព្រៃក្រុមរបស់ខ្ញុំគ្មានអាហារហូបទេដូច្នេះនៅពេលយប់ខ្ញុំត្រូវចូលទៅក្នុងភូមិដើម្បីលួចអង្គរពីសហករណ៍។ បន្ទាប់មកខ្ញុំបានចូលធ្វើកងទ័ពរំដោះ ដើម្បីវាយប្រឆាំងនឹងរបបខ្មែរក្រហមវិញ។
នៅថ្ងៃ៧មករាឆ្នាំ១៩៧៩ខ្ញុំបានត្រឡប់មកជួបជុំឪពុកម្តាយនៅស្រុកកំណើត។បន្ទាប់មកខ្ញុំបានចូលធ្វើកងទ័ពរបស់ស្រុកកញ្ជៀចនិងត្រូវបានបញ្ជូនទៅរៀនពេទ្យបឋមនៅទីរួមខេត្តព្រៃវែងរយៈពេល៥ទៅ៦ខែទៀត។ នៅឆ្នាំ១៩៨១ ខ្ញុំបានរៀបការប្រពន្ធ ប៉ុន្តែដោយសារយើងរស់នៅមិនចុះសម្រុងគ្នាយើងក៏បានលែងលះគ្នានៅឆ្នាំ១៩៨៤។
បន្ទាប់មក ខ្ញុំបានផ្លាស់មករស់នៅស្រុកមេមត់ ខេត្តកំពង់ចាម និងបានរៀបការប្រពន្ធថ្មី។ ដោយសារការរកស៊ីមិនកាកកប ខ្ញុំបានធ្វើចំណាកស្រុកទៅរកស៊ីជីកមាសនៅតំបន់អន្ទ្រងក្នុងទឹកដីខេត្តមណ្ឌលគិរី ដែលមានព្រំប្រទល់ជាប់នឹងខេត្តក្រចេះ។ក្នុងរយៈពេលបួនប្រាំថ្ងៃឬមួយសប្តាហ៍ខ្ញុំបានយកមាសដែលជីកបានទៅលក់នៅផ្សារស្វាយជួរក្នុងខេត្តក្រចេះ ដើម្បីទិញអង្ករម្ហូបអាហារ និងថ្នាំពេទ្យ រួចហើយត្រឡប់ទៅជីករកមាសនៅអន្ទ្រងវិញ។ នៅពេលនោះមានកម្មករជីកមាសជាច្រើនបានស្លាប់ ដោយសារជំងឺគ្រុនចាញ់ និងមិនមានថ្នាំព្យាបាលត្រឹមត្រូវ។ ពេលខ្លះយោធាខ្មែរក្រហមបានមកប្លន់យកមាសប្រាក់ និងបានបាញ់សម្លាប់កម្មករថែមទៀត។
នៅឆ្នាំ១៩៨៧ កម្មករ និងប្រជាជនដែលមករកស៊ីជីកមាសនៅតំបន់អន្ទ្រងភាគច្រើនបានចូលធ្វើយោធាខ្មែរក្រហម ដូច្នេះខ្ញុំក៏បានចូលធ្វើយោធាខ្មែរក្រហមដែរ។ ខ្ញុំនៅក្នុងវរសេនាតូចរបស់ ប៉ោង ចក់ កងពលលេខ១០៥។ សមាជិកកងពលលេខ១០៥ភាគច្រើនជាជនជាតិភាគតិចរស់នៅក្នុងខេត្តមណ្ឌលគិរី។ខ្ញុំត្រូវបានមេបញ្ជាការខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើប្រតិបត្តិការនៅតាមសមរភូមិជាច្រើននៅក្នុងខេត្តក្រចេះ និងនៅតំបន់ភ្នំជី ក្នុងខេត្តកំពង់ធំ។
នៅឆ្នាំ១៩៩៧ ខ្ញុំនិងកងទ័ពខ្មែរក្រហមដ៏ទៃទៀតនៅតំបន់អន្ទ្រងបានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា។ បន្ទាប់មកខ្ញុំនិងក្រុមគ្រួសារក៏បានសម្រេចចិត្តរស់នៅតំបន់អន្ទ្រង។សព្វថ្ងៃតំបន់អន្ទ្រងត្រូវបានរាជរដ្ឋាភិបាលបង្កើតជាភូមិអន្ទ្រងសាមគ្គីសែនជ័យ ដែលជាភូមិឧបសម្ព័ន្ធ ស្ថិតក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕សរន