ដោយៈសរិទ្ធ/ភ្នំពេញៈកាលព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំការមននិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ជាមួយក្រុមការងារបានយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលឆេះផ្ទះចំនួន៦គ្រួសារ កាលពីពេលយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។ អំណោយមនុស្សធម៍ដែលបានផ្តល់ជូន១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, កន្ទេល១, ក្រមា១, ស្ករស១គីឡូក្រាម, សាប៊ូ១ដុំ, អាល់កុល១ដប, ម៉ាស់១ដុំ, សម្ភារផ្ទះបាយ៥មុខ និងថវិកា២០ម៉ឺនរៀល។
លោក ថេង សុថុល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឃួងស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនិងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវទុក្ខលំបាកជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ និងអំពាវនាវដល់បងប្អូនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នជានិច្ចនូវភ្លើងទៀនធូប ចង្ក្រាន ហ្គាសនិងវត្ថុផ្សេងៗដែលងាយឆាបឆេះស្របពេលនេះគឺជារដូវរំហើយដោយធ្លាក់ខ្យល់មកពីទិសខាងជើងផងដែរ ហើយការតបណ្តាញអគ្គិសនីប្រើប្រាស់ត្រូវរកអ្នកជំនាញបច្ចេកទេសមកតឲ្យបានច្បាស់លាស់ដើម្បីចៀសវាងនូវគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ។
ជាមួយគ្នានេះលោកអភិបាលខណ្ឌចំការមនបានណែនាំដល់បងប្អូនប្រជាជនទាំងអស់ត្រូវយកចិត្តទុកដាក់ពីសុខភាពត្រូវមានអនាម័យ ត្រូវបរិភោគអាហារចម្អិនបានឆ្អិនល្អ ពិសារទឹកដាំពុះដើម្បីជៀសវាងជំងឺផ្សេងៗ៕