Home ព័ត៌មានជាតិ សង្គម ក្រសួង​ការងារ...

ក្រសួង​ការងារ រំ​ឮ​ក​ដល់​រោងចក្រ សហគ្រាស អំពី​វិធាន​ការបង្ការ​ជំងឺ​កូ​វីដ​-១៩

ដោយ​:​ម៉ា​ដេប៉ូ​/​ភ្នំពេញ​: ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង​រំ​ឮ​ក​សារជាថ្មី​ម្តងទៀត ដល់​ម្ចាស់​រោងចក្រ សហគ្រាស ជាពិសេស​រោងចក្រ​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប នៅក្នុង​ប្រទេស​កម្ពុជា ឱ្យ​បន្ត​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ តាម​សេចក្តីណែនាំ​របស់​ក្រសួង ដើម្បី​បន្ត​បង្កើន​ការយកចិត្តទុកដាក់ និង​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា ដើម្បី​បន្ត​បង្កើន​ការយកចិត្តទុកដាក់ និង​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តាម​សេចក្តីណែនាំ​នានា​របស់​ក្រសួងសុខាភិបាល រោងចក្រ សហគ្រាស​ទាំងអស់ ត្រូវអនុវត្ត​ដូចតទៅ​៖

១) ចាត់ចែង​ឱ្យមាន​អ្នករដ្ឋបាល ឬ​អ្នកគ្រប់គ្រង​ចំនួន ២​នាក់ ឬ​ប្រគល់​សិទ្ធិ​ដល់​គណៈកម្មការ​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ (OSH Committee) ឬ​គណៈកម្មការ​អេដស៍ និង​គ្រឿងញៀន របស់​រោងចក្រ ខ្លួន​ឱ្យធ្វើ​ការផ្សព្វផ្សាយ និង​ណែនាំ ជាប្រចាំ​ដល់​កម្មករនិយោជិត​អំពី​វិធាន​អនាម័យ សុវត្ថិភាព និង​សុខភាព ការងារ ជាពិសេស​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​រៀងរាល់ថ្ងៃ​សៅរ៍ ឬ​ច្រើនជាង​នេះ រហូតដល់​ករណី​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់​។​

២) គ្រប់គ្រង តាមដាន កត់ត្រា និង​តម្កល់​ឱ្យបាន​ល្អជា​ប្រចាំថ្ងៃ​អំពី​ការអនុវត្ត​នូវ​វិធានការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ផ្តល់ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងករណី​ចាំបាច់​។​

៣)​រៀបចំ​ឱ្យមាន​ទឹក​អាល់កុល ឬ​ជែ​ល​លាងដៃ ឬ​សាប៊ូ​លាងដៃ​នៅតាម​មាត់ច្រក​ចេញចូល​អគារ សម្រាប់​កម្មករនិយោជិត​លាង​សម្អាត​ដៃ​មុនពេល​ចូលក្នុង​រោងចក្រ សហគ្រាស​។​

៤) រៀបចំ​ឱ្យមាន​ការ​វាស់​កម្តៅ​គ្រប់​កម្មករនិយោជិត​ទាំងអស់ មុនពេល​អនុញ្ញាត​ឱ្យចូល​ក្នុង​បរិវេណ​រោងចក្រ សហគ្រាស ជាពិសេស​អគារ​ផលិតកម្ម និង​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ឬ​លេខ​ទូរស័ព្ទ​ដែល​ផ្តល់​ដោយ​ក្រសួងសុខាភិបាល ប្រសិន​ជាមាន​កម្មករ​និយោជិត​ណា​ម្នាក់​មាន​កម្តៅ​លើសពី ៣៧,៥​អង្សា និង​មាន​រោគសញ្ញា​មួយ​យ៉ាងតិច ដូចជា​ក្អក ហៀរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី ឬ​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​តំបន់​ដែលមាន​កើត​ជំងឺ​កូ​វីដ​-១៩ ឬ​បាន​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ឬ​អ្នកស្លាប់​ដោយសារ​ជំងឺ​ស្រួចស្រាល់​ដោយ​មិនដឹង​ពី​អត្តសញ្ញាណ ឬ​ប៉ះពាល់​ជាមួយ​សត្វ​ឈឺ​ក្នុងអំឡុងពេល ១៤​ថ្ងៃ មុន​ចេញ​រោគសញ្ញា​។​

៥) រៀបចំ​បម្រុង​ទុក​ម៉ាស់​ឱ្យបាន​គ្រប់គ្រាន់ សម្រាប់​បើក​ផ្តល់​ដល់​កម្មករនិយោជិត តាម​វេជ្ជបញ្ជា​របស់​ពេទ្យ អាស្រ័យ​លើ​ស្ថានភាព​សុខភាព និង​ស្ថានភាព​ទូទៅ​របស់​កម្មករនិយោជិត​ម្នាក់ៗ​។​

៦) រំ​ឮ​ក​កម្មករនិយោជិត​នៅពេលដែល​ក្អក ឬ​កណ្តាស់ ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ ដោយ​ប្រើ​កន្សែង ក្រមា ឬ​កែងដៃ បន្ទាប់មក​ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់កុល​។​

សេចក្តីជូនដំណឹង​ខាងលើ​របស់​ក្រសួង​ការងារ​នេះ​បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស សមា​គម​​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចាត់វិធានការ​បន្ថែម​ជា​វិជ្ជមាន​នានា នាំឱ្យ​សម្រេចបាន​នូវ​សុវត្ថិភាព និង​សុខភាព​របស់​កម្មករ​និយោជិត​នាពេល​កន្លងមក​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular