កង្កែប​ ​កង្កែបកូប​ កង្កែបប្រុយ​ កង្កែបអាចម៍គោ​

457

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​
​កង្កែប​
​នាមសព្ទ​
​ឈ្មោះ​សត្វ​ទឹក​មួយ​ប្រភេទ មាន​ជើង ៤ ចេះ​ហែល​ទឹក​, មុជទឹក​, លោត​លើគោក​ក៏បាន ច្រើន​នៅ​អាស្រ័យ​នឹង​ទី​ក្បែរ​មាត់ទឹក ឬ​នឹង​រន្ធ​ដី​ក៏​នៅបាន ។ កង្កែប​បោប សាច់​កង្កែប​ដែល​គេ​ធ្វើជា​ម្ហូប​ហៅថា បោប ។​

​កង្កែបកូប​
​នាមសព្ទ​
​កង្កែប​ដែលមាន​រូប​ធំ យំ​ឮសូរ​កូបៗ ។​

​កង្កែបប្រុយ​
នាមសព្ទ​
​ឈ្មោះ​កង្កែប​មួយ​ប្រភេទ មាឌតូច​ដងខ្លួន​វែង ជើងវែង ៗ​, អ្នកស្រុក​ខ្លះ​ហៅ កូនស្ងើន ។​

​កង្កែបអាចម៍គោ​
(—​អាច់​—)
​នាមសព្ទ​
​ឈ្មោះ​កង្កែប​មួយ​ប្រភេទ មាឌតូច​ប៉ុនគ្នា​នឹង​កង្កែបប្រុយ​ដែរ ប៉ុន្តែ​ដងខ្លួន​ខ្លី ជើង​ក៏​ខ្លី ៗ ដែរ សម្បុរ​ស្ទើរ​លឿង នៅតែ​ក្នុង​កំពាយ​អាចម៍គោ​លើគោក​
​កង្កែបអាចម៍គោ​ហ៊ាន​លោត​ខាំ​ពស់វែក មានន័យថា រាស្ត្រ​តូចតាច​ហ៊ាន​ប្រណាំងប្រជែង​ជាមួយនឹង​មន្ត្រី​មាន​ស័ក្តិធំ ( ព​. ទ​. បុ​. ) ។​