Home ព័ត៌មានជាតិ នយោបាយ តុលាការនឹងបើក...

តុលាការនឹងបើកសវនាការកាត់ទោស សម រង្ស៊ី និងបក្ខ៨នាក់ទៀត នៅថ្ងៃទី១១ ខែវិច្ឆិកា

ដោយៈ មុនីរ័ត្ន /ភ្នំពេញៈ តុលាការនឹងបើកសវនាការកាត់ទោសមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងបក្ខពួកចំនួន ៨រូបផ្សេងទៀតដែលកំពុងតែគេចខ្លួននៅក្រៅប្រទេស លើសំណុំរឿងឧបឃាតឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះ។ មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងបក្ខពួក ត្រូវបានចោទប្រកាន់ពីបទ ឧបឃាត ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈផែន ការនៃការវិលត្រលប់មកកម្ពុជាវិញរបស់សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជនជាប់ចោទមានដូចជាៈ ១. សម រង្ស៊ី ២. អេង ឆៃអ៊ាង ៣. មូរ សុខហួរ ៤. អ៊ូ ច័ន្ទឫទ្ធិ ៥. ហូរ វ៉ាន់ ៦. ឡុង រី ៧. ម៉ែន សុថាវរិន្ទ្រ ៨. ជូឡុង សូមូរ៉ា និង៩. នុត រំដួល។

យោងតាមមាត្រា ៤៥១ ៖ បទឧបឃាត គឺជាការប្រព្រឹត្តអំពើហិង្សាមួយ ឬច្រើន ក្នុងគោល បំណង បង្កឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា ឬនាំឲ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិ។ បទឧបឃាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ តុលាការបានចេញដីកាឲ្យចាប់ខ្លួន សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង ចំនួន៨រូបផ្សេងទៀត។ ដីកាចាប់ខ្លួននេះ ធ្វើឡើងក្រោមបទចោទ «ឧបឃាត» ឬ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» តាមរយៈផែនការនៃការវិលត្រលប់មកកម្ពុជាវិញរបស់ សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

មនុស្សទាំង៩នាក់នេះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៦៥៣៦ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ពីបទ «ឧបឃាត» តាមមាត្រា ២៧ និងមាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ជាបទចោទពាក់ព័ន្ធនឹងអង្គហេតុនៃ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រលប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី» ដោយមានការអំពាវនាវ និងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular