ដោយ: ចាន់តូ / ភ្នំពេញ: ជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់បានសម្រេច ក្រោយមកក៏បានជិះម៉ូតូរត់គេចខ្លួន តែជនសង្ស័យភ័យក៏បើកម៉ូតូជ្រុលទៅបុកនឹងម៉ូតូអ្នកធ្វើដំណើរតាមផ្លូវ បណ្ដាលឲ្យដួល ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចផ្លូវ២៧៤កែង២០៥ ក្រុម៣៣ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ រង្សី ហៅ រង្សី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកទំនិញអនឡាញ (ប្រើប្រាស់នូវសារធាតុញៀន) ស្នាក់នៅផ្ទះលេខ២៦ ផ្លូវ២១៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះឈ្មោះ ច្រឹង លាងអ៊ី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះជួល ភូមិពោធិញៀន សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ មួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IL-1681 (ជាមធ្យោបាយធ្វើសកម្មភាពរបស់ជនសង្ស័យ), ទូរស័ព្ទមួយគ្រឿង, ខ្សែករលោហធាតុពណ៌លឿងទុំ បន្តោងគ្រប់មូល ចំនួនមួយខ្សែ ជារបស់ជនរងគ្រោះដែលដកហូតពីជនសង្ស័យ ហើយបានប្រគល់ឲ្យជនរងគ្រោះវិញ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធី៕ ល