ដោយ: មុនីរ័ត្ន / ភ្នំពេញ: មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១០ខែវិច្ឆិកានេះ បានបដិសេធចំពោះព័ត៌មានចចាមអារ៉ាមថា មានប្រជាពលរដ្ឋខេត្តព្រះវិហារមួយចំនួន បានឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍០៣វិច្ឆិកា។
មន្ទីរសុខាភិបាលខេត្តព្រះវិហារបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ននេះក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ មិនទាន់រកឃើញអ្នកឆ្លងជំងឺកូវីដ–១៩ ពីព្រឹត្តិការណ៍ ០៣ វិច្ឆិកា នៅឡើយទេ ដោយក្រុមឆ្លើយតបបន្ទាន់នៃ មន្ទីរសុខាភិបាលបានរកឃើញអ្នកសង្ស័យបានប៉ះពាល់ផ្ទាល់ ឬប្រយោលពីព្រឹត្តិការណ៍ខាងលើនេះចំនួន ២៥នាក់ និងបានដាក់ពួកគាត់នៅចត្តាឡីស័កកម្រិត២ ផ្ទះសំណាក់គ្រូបង្រៀនចំនួន០៩ នាក់ នៅ ចត្តាឡី ស័កកម្រិត១ នៃស្រុកគូលែនចំនួន ១៦ នាក់ និង បានយកសំណាកជូនពួកគាត់បានចំនួន ៩នាក់(ចត្តាឡី ស័កកម្រិត២ ផ្ទះសំណាក់គ្រូបង្រៀន) រួចរាល់ និង បន្តយកសំណាកនៅព្រឹកស្អែកសម្រាប់អ្នកនៅសេស សល់( ចត្តាឡីស័កកម្រិត ១ ស្រុកគូលែន)។
លើសពីនោះក្រុមការងារមន្ទីរសុខាភិបាលបាន និងកំពុងបន្តស្វែងរកអ្នកសង្ស័យដែលបានប៉ះពាល់ដោយ ផ្ទាល់ និង ដោយប្រយោល ពីព្រឹត្តិការណ៍ខាងលើនេះ។ មន្ទីរសុខាភិបាលក៏បានធ្វើការណែនាំដល់អ្នកសង្ស័យដែលបានប៉ះពាល់ដោយប្រយោល លើប្រយោលអោយគាត់ធ្វើចត្តាឡីស័កនៅផ្ទះ។
មន្ទីរសុខាភិបាលបន្តថា អ្នកដែលបានប៉ះពាល់ដោយប្រយោល ទាំងនោះមានសុខភាពល្អជា ធម្មតាទេ។ មន្ទីរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រះវិហារសូមមេត្តាចូលរួមការពារខ្លួនពីជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា៕ ល