Home ព័ត៌មានជាតិ នយោបាយ លោក ហ៊ុន ម៉ា​...

លោក ហ៊ុន ម៉ា​ណែ​ត ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តបន្ទាយមានជ័យ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្នុង​ពិធី​សំណេះសំណាល លោក ហ៊ុន ម៉ា​ណែ​ត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ជាមួយ​ការ​ជូនពរ​ប្រជាពលរដ្ឋ​ឱ្យមាន​សុខភាព​ល្អ និង​អាច​ស្តារ​ជីវភាព​បាន​ប្រសើរ​ឡើងវិញ​។ ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ ០៣ វិច្ឆិកា ក្នុងនាម​ជា​មេដឹកនាំ​គំរូ សម្តេច​ត្រូវ​ស្ថិតនៅក្នុង​ការធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​លោក​ពិតជា​សោកស្តាយ ដែល​មិន​អាចមក​ចូលរួម​ផ្ទាល់ ដូចដែល​បានធ្វើ​នៅក្នុង​ដំណាក់កាល​សង្គ្រោះ កាលពី​ប្រហែលជា ០៣ សប្តាហ៍​កន្លងទៅនេះ ប៉ុន្តែ​បាន​ចាត់​តំណាង​ចូលរួម​ទៅកាន់​ខេត្ត​គោលដៅ​តាម​ផែនការ​កំណត់ ដោយ​តាមដាន​ការអនុវត្ត​ចាប់​ជាប្រចាំ ព្រោះ​ការចែក​ស្បៀង និង​ស្រូវពូជ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ផ្ទាល់ដៃ និង​ទាន់ពេលវេលា នៅក្នុង​ដំណាក់កាល​ស្តារឡើងវិញ​នេះ គឺជា​កិច្ចការ​អាទិភាព​សំខាន់​ចាំបាច់ ដោយ​មិនអាច​ពន្យារពេលបាន​។​

​លោក​សូម​អរគុណ​ក្រុមការងារ​ខេត្ត ស្រុក ឃុំ និង​ក្រុមការងារ​ពាក់ព័ន្ធ នៅក្នុង​ការរៀបចំ​កម្ម​វិធី​នេះ​បាន​ទាន់ពេលវេលា​បន្ទាន់​នេះ ដោយ​គ្មាន​ការយឺតយ៉ាវ រួមទាំង​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ និង​ស្បៀង ក្នុង​ដំណើរ​ទៅមក​ដោយ​សុវត្ថិភាព សម្រេចបាន​តាម​ការគិត​គូរ​យកចិត្តទុកដាក់​ល្អិតល្អន់​របស់ សម្តេច​តេ​ជោ ដែល​ខ្វល់​បារម្ភ​ចំពោះ​ការលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​បញ្ហា​តូចធំ​ទាំងអស់​។ ភាពជា​អ្នកដឹកនាំ​របស់ សម្តេច​តេ​ជោ គឺ​ការ​នៅជាប់​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ដំណាក់កាល​លំបាក​បំផុត​។ ក្នុង​ជា​មេដឹកនាំ​ដែល​ទទួលខុសត្រូវ ទោះបី​មានការ​ហត់នឿយ ប៉ុន្តែ​កម្លាំងចិត្ត​នៅ​ជាមួយ​ប្រជាពលរដ្ឋ​។ អ្វីដែល​សំខាន់​គឺ​ទឹកចិត្ត និង​សកម្មភាព​ជាក់ស្តែង​។ យុវជន​ស្ម័គ្រចិត្ត​ម្នាក់ ក៏​អាចជួយ​ជាតិ ដោយ​គ្រាន់តែ​ចំណាយ​ពេលវេលា និង​កម្លាំង ឬ​ប្រថុយ​គ្រោះថ្នាក់​ជួយ​ប្រជាពលរដ្ឋ​របស់​យើង​ក្នុង​គ្រា​លំបាក​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ទោះ​ក្នុងប្រទេស​ធំ ឬ​តូច គ្រោះធម្មជាតិ​យើង​មិនអាច​គ្រប់គ្រង​បានឡើយ ប៉ុន្តែ​ការជួយ​ប្រជាពលរដ្ឋ គឺ​អ្វីដែល​យើង​ត្រូវ​ធ្វើឱ្យបាន​។ សម្តេច​យកចិត្តទុកដាក់​ណាស់ ហើយ​បាន​បញ្ជា​អាជ្ញាធរ​គ្រប់ផ្នែក និង​កងកម្លាំង​ទាំងអស់ ព្រមទាំង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យចូល​រួម​ក្នុង​ចលនា​មនុស្សធម៌​នេះ ទាំង​ក្នុងដំណាក់កាល​សង្គ្រោះ និង​ការ​ស្តារឡើងវិញ ហើយ​ដែល​នឹង​បន្ត​ជាប់​រហូត​។ ទោះ​តិច ឬ​ច្រើន អ្វីដែល​សំខាន់ គឺ​យើង​អាចជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែលជា​អាទិភាព​ចម្បង​បំផុត​ពេល​គ្រោះទឹកជំនន់ ហើយ​នៅក្នុង​គ្រប់​គ្រោះមហន្តរាយ​ទាំងអស់ គឺ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ជា​អាទិភាព​ចម្បង​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​, អាជ្ញាធរ​ដែនដី​, កងកម្លាំងប្រដាប់អាវុធ​, ក្រុមយុវជន​ស្ម័គ្រចិត្ត និង​ក្រុមការងារ​ពាក់ព័ន្ធ ក៏ដូចជា​សប្បុរសជន​ជាតិ​-​អន្តរជាតិ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​តាមរយៈ​ការចុះ​ជួយ​ផ្ទាល់​, តាមរយៈ​សម្តេច​តេ​ជោ​, យន្តការ​កាកបាទក្រហម និង​យន្តការ​ផ្សេងៗ​ក្តី គឺ​បានបង្ហាញ​អំពី​កម្លាំង​រួបរួមសាមគ្គី​ជួយ​គ្នា​។ ជាពិសេស គឺ​អរគុណ​ប្រជាពលរដ្ឋ​ផ្ទាល់ ដែល​បាន​ចូលរួម​សហការ​ល្អ​នៅ​ចំពោះមុខ​វិបត្តិ​នេះ ហើយ​ក៏មាន​ប្រជាពលរដ្ឋ​ខ្លះ ក៏បាន​ជួយ​គាំទ្រ​ស្មារតី​ដល់​កងកម្លាំង​យើង​ថែម​ទៀតផង​។ នេះហើយ ជា​ស្មារតី​រួមគ្នា ដែលជា​ជោគជ័យ​នៃ​និរន្តរភាព​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ធ្វើឱ្យ​ខ្មែរ​ត្រូវរ៉ូវ​គ្នា ដែលជា​បំណងប្រាថ្នា​របស់​សម្តេច​តេ​ជោ​។ ថ្នាក់ដឹកនាំ​នយោបាយ​បានបញ្ចប់​សង្គ្រាម ប៉ុន្តែ​សង្គ្រាម​មិន​បញ្ចប់ ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​រួមគ្នា​ក្នុង​ធ្លុង​សាមគ្គី ជឿ​ង​ទុកចិត្ត​គ្នា ស្រឡាញ់​ជួយ​គ្នា​ដោយ​គ្មាន​រើសអើង​។​

​លោក​បាន​បញ្ជាក់ថា ចំពោះ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ កន្លងមកនេះ ដោយសារ​ការអនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក និង​វិធាន​សុខាភិបាល​បានល្អ យើង​ទទួលជោគជ័យ ជាពិសេស​កាលៈទេសៈ​ដែល​ព្រួយបារម្ភ​បំផុត គឺ​អំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។ ទន្ទឹមនឹង​ហានិភ័យ​នៅ​បន្ត​មាន ដូច​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ហើយ​ប្រទេស​មួយចំនួន​ក៏​កំពុង​បន្ត​រងគ្រោះ​ខ្លាំង និង​មាន​ប្រទេស​ខ្លះ​បានចាប់ផ្តើម​បិទ​ប្រទេស​ឡើងវិញ​។ ចំពោះមុខ​នេះ យើង​បាន​ក៏​ចាប់ផ្តើម​ពង្រឹង​ឡើងវិញ​។ អ្វីដែល​ត្រូវ​ជឿជាក់ គឺ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ គណៈកម្មាធិការ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ថ្នាក់ជាតិ ថ្នាក់​ខេត្ត​, ក្រសួងសុខាភិបាល ព្រមទាំង​អាជ្ញាធរ​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​យ៉ាង​ពេញទំហឹង​។ ដូច្នេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការប្រុងប្រយ័ត្ន និង​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ការពារ​ខ្លួន​, គ្រួសារ និង​សហគមន៍ ព្រោះ​ហានិភ័យ​នៃ​ជំងឺ​នេះ​អាច​ប្រែប្រួល​លឿន ដូច​មាន​ឧទាហរណ៍​ស្រាប់​នៅក្នុង​ប្រទេស​មួយចំនួន​។ ការចូលរួម​របស់​ប្រជាពលរដ្ឋ ពិត​ជាមាន​សារៈសំខាន់​ណាស់ នៅក្នុង​ការរួម​គ្នា​ដើម្បី​ឈ្នះ​លើ​វិបត្តិ​កូ​វីដ​-១៩​នេះ​។​

​លោក​ហ៊ុន ម៉ា​ណែ​ត សូម​នាំមក​នូវ​ការ​ផ្តាំផ្ញើ​អរគុណ​ប្រជាពលរដ្ឋ ដែល​តែង​គាំទ្រ និង​បោះឆ្នោត​ជូន​សម្តេច​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​កន្លងមក និង​សូម​បន្ត​ដើម្បី​សម្តេច​ដឹកនាំ​បន្តទៀត សម្រាប់​ខ្មែរ​យើងទាំងអស់គ្នា ជាពិសេស​សូម​បន្ត​រួមគ្នា​ការពារ​សន្តិភាព ដែល​នេះ​ជា​កិច្ច​ការសំខាន់ និង​ជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​យើង​រួម​បន្ត​អភិវឌ្ឍ​ប្រទេស​យើង​ទៅមុខទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពលរដ្ឋ​ខេត្តតាកែវ សម្រុក​...

ដោយៈ តាកែវ / តាកែវៈ ប្រជា...

រថយន្ដ​និង​រថយន្ដបុក​គ្នា...

ដោយៈ​ស​រិ​ទ្ធ​/​កំពង់ស្ពឺ...

សកម្មភាព​រោងចក្រ​ចិន​កើន​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បញ្ជូន​សំណាក​អ្នកពាក់ព័ន្...

ដោយៈ​ស​រិ​ទ្ធ / ស្ទឹងត្រែ...