ដោយៈចាន់តូ/ភ្នំពេញ: ផ្ទះលក់ចាប់ហួយមួយល្វែងកម្ពស់២ជាន់បានឆ្លងចរន្តអគ្គីសនី ផ្ទុះខ្ទាតទៅប៉ះអាកុល ឆាបឆេះយ៉ាងសន្ធោរសន្ធៅ កាលពីវេលា ម៉ោង៨និង៣០នាទីយប់ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ត្រង់ចំណុចបុរីពិភពថ្មី តាមបណ្តោយផ្លូវបេតុង ច្រកចូលវត្តសំរោងអណ្តែត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថាមុនកើតហេតុ រូបគាត់រវាល់លក់ដូរនៅជាន់ក្រោម លុះដល់ម៉ោងកើតហេតុខាងលើក៏ឮសូរសម្លេងផ្ទុះចេញពីឡាវតឿជាន់ទីមួយ បន្ទាប់មកក៏ឮសម្លេងកូនរបស់គាត់ដែលនៅក្នុងផ្ទះនោះបានស្រែកប្រាប់ថាឆេះហើយៗរាលដាលដល់ប៊ីដុងដាក់អាកុលដែលនៅក្បែនោះបង្កជាអណ្តាតភ្លើងឆាបឆេះសន្ធោរសន្ធៅនិងផ្សែងខ្មួខ្មាញ់ ភ្ញាក់ផ្អើលដល់សន្តិសុខបុរីពិភពថ្មី៤ទៅ៥នាក់បានចូលទៅជួយយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ជាច្រើនបំពង់ប្រហែល៦០ទៅ៧០បំពង់។សំណាងល្អដែលម្ចាស់ផ្ទះមានលក់បំពង់ពន្លត់អគ្គីសភ័យជាច្រើន ទើបអគ្គីភ័យបានអន់ថយរួចបានរាយការណ៏ប្រាប់សមត្ថកិច្ចឲ្យហៅរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងចុះមកជួយអន្តរាគមន៏បាញ់ទឹកអស់ចំនួន២ឡានប្រើវេលាជិតមួយម៉ោងទើបរលត់ទៅវិញទាំងស្រុង។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាករណីអគ្គីភ័យខាងលើនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែរងការខូចខាតតទ្រព្យសម្បត្តិបន្តិចបន្តួចតែប៉ុណ្ណោះ៕