ប្រែសម្រួលៈវាសនា/ហាណូយ៖ មនុស្ស២នាក់បានស្លាប់កាលពីព្រឹកថ្ងៃអង្គារនៅពេលព្យុះ អេតូ បានចូលមកដល់ដីគោកវៀតណាមត្រង់ឆ្នេរកណ្តាលឈៀងខាងត្បូង។
ជនរងគ្រោះម្នាក់ជាស្ត្រីអាយុ៤៥ឆ្នាំ នៅក្នុងខេត្ត ក្វាងណាម។ផ្ទះរបស់នាងត្រូវដីបាក់សង្កត់ដោយសារតែការធ្លាក់ភ្លៀងខ្លាំង។
នៅពេលទទួលដំណឹងអំពីការបាក់ដី អាជ្ញាធរមូលដ្ឋានបានបញ្ជូនកម្លាំងទៅជួយសង្គ្រោះភ្លាម តែជនរងគ្រោះបានស្លាប់ពេលពួកគេជីកកាយទៅដល់។
នៅខេត្ត ប៊ិញ ឌិញ បុរសអាយុ៥៧ឆ្នាំម្នាក់ ក៏បានស្លាប់ដោយសារធ្លាក់ពីដំបូលផ្ទះនៅពេលគាត់ឡើងគ្របដំបូលការពារព្យុះ។
អេតូ ជាព្យុះទី១២ដែលបានវាយប្រហារវៀតណាមនៅឆ្នាំនេះ។វាបានចូលមកដល់ដីគោកវៀតណាមកាលពីព្រឹកថ្ងៃអង្គារទី១០វិច្ឆិកា និងបានចុះខ្សោយទៅជាវិសម្ពាធត្រូពិចមួយ។វាបានបំផ្លាញផ្ទះ៣១និងបង្កការជន់លិចមួយផ្នែកនៃខេត្ត ខាញ់ ហ័រ ។
ការធ្លាក់ភ្លៀងខ្លាំង ដែលបង្កឡើងដោយព្យុះនេះ ក៏បានជន់លិចផ្លូវហាយវ៉េ19Cមួយផ្នែកក្នុងខេត្ត ភូយេន ។រលកសមុទ្រធំៗបានពន្លិចនាវានេសាទមួយនៅខាញ់ហ័រ តែនាវិកក្នុងនាវាត្រូវបានជួយសង្គ្រោះ។
អ្នកព្យាករណ៍អាកាសធាតុបាននិយាយថា បណ្តាខេត្តចាប់ពី ក្វាង ទ្រី ដល់ ខាញ់ហ័រ និងខ្ពង់រាបកណ្តានឹងមានការធ្លាក់ភ្លៀងកំរិត២៥០មីលីម៉ែត្រ នៅថ្ងៃពុធនេះនិងថ្ងៃព្រហស្បតិ៍។
ការធ្លាក់ភ្លៀងកំរិត១៨០មីលីម៉ែត្រក្នុងមួយថ្ងៃ អាចចាត់ទុកថាជាភ្លៀងខ្លាំង។
អេតូជាព្យុះទី២ដែលបានវាយប្រហារវៀតណាមនៅខែវិច្ឆិកានេះ។កាលពីខែមុន តំបន់កណ្តាលរបស់វៀតណាម បានបាត់បង់អាយុជីវិតមនុស្ស១៥៩នាក់ដោយសារឧបទ្ទវហេតុនានាបង្កឡើងដោយព្យុះចំនួន៤ និងវិសម្ពាធមួយ នៅពេលពួកវាបង្កទឹកជំនន់ និងការបាក់ដីសង្កត់យ៉ាងតិច១៣កន្លែង។ មនុស្ស៧១នាក់ទៀតនៅបាត់ខ្លួននៅឡើយពីគ្រោះធម្មជាតិនេះ។
ឥឡូវព្យុះមួយទៀតឈ្មោះ វ៉ាមកូ កំពុងសំដៅចូលសមុទ្រខាងកើត(សមុទ្រចិនខាងត្បូង) ក្នុងល្បឿនខ្យល់១១៨ទៅ១៣៣គីឡូម៉ែត្រក្នុងមួយម៉ោង៕
ដំបូលផ្ទះប៉ើងធ្លាក់លើផ្លូវ និងដើមឈើរលំដោយសារព្យុះអេតូ នៅក្នុងខេត្តខាញ់ហ័រកាលពីថ្ងៃ១០វិច្ឆិកា