ដោយ:សរិទ្ធ/កណ្តាលៈជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចបាញ់បណ្តាលអោយរងរបួសជើងខាងឆ្វេង ដោយសារបានបាញ់មកលើសមត្ថកិច្ចជាង១០គ្រាប់ និង ត្រូវបានឃាត់ខ្លួនបានដោយជោគជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។
ប្រតិបត្តិការយ៉ាងក្តៅគគុក បានបញ្ចប់ដោយជោគជ័យ កាលពីវេលាម៉ោងជិត២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
ទោះបីយ៉ាងណា ពុំទាន់សុំការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។
ដោយឡែក លោក ពុយ ទ្រី នាយប៉ុស្តិ៍ត្រើយស្លា ថ្លែងប្រាប់ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា ជនសង្ស័យបានបាញ់មកលើសមត្ថកិច្ចជាង១០គ្រាប់ ទើបសមត្ថកិច្ចបានបាញ់ត្រូវជើងឆ្វេងជនសង្ស័យមួយគ្រាប់ ។
លោកនាយប៉ុស្តិ៍ត្រើយស្លា បន្តថាបច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ដើម្បីព្យាបាល និង បន្តនីតិវិធី ។
ជនសង្ស័យរូបនេះ គឺ ពាក់ព័ន្ធករណីគ្រឿងញៀនផង ប្រើប្រាស់អាវុធខុសច្បាប់ផង និង ដុតផ្ទះខ្លួនឯង ផងដែរ ៕