ចំហាយ​ព្យុះ ធ្លាក់​តំបន់​ទំនាប ប៉ែក​ខាងត្បូង រួមទាំង​ភ្នំពេញ​ផង​

ដោយៈ ប​.​ខុន / ភ្នំពេញៈ សម្ពាធ​ទាប ( Low ) របស់​ព្យុះ​អ៊ី​តូ បាន​ដើរ​ទៅដល់​លើ​ខ្ពង់រាប ភាគ​ខាងជើង នៃ​ប្រទេស​កម្ពុជា នា​ព្រឹក​ព្រលឹម ថ្ងៃទី​១១ ខែវិច្ឆិកា តែ​មិន​បង្កឱ្យមាន​ភ្លៀង ធ្លាក់​ច្រើន​ទេ រាប់ទាំង​នៅ​តំបន់ ទំនាប​កណ្តាល ប៉ែក​ខាងត្បូង​ផង បន្ទាប់ពី​ដើរ​ឆ្លងកាត់ តំបន់​ខ្ពង់រាប​ភាគ​ឦសាន ក្រោយពី​ពេល​ព្យុះ​នេះ បាន​រលាយ ពេលមកដល់​កៀក​ឆ្នេរ លើ​ខេត្ត​ញ៉ា​ត្រាង ប្រទេស​វៀតណាម កាលពី​រសៀល ថ្ងៃទី​១០ ខែវិច្ឆិកា​។ នេះ​បើតាម​មន្ត្រី​ជំនាញ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា​។​

​ប្រភព​ខាងលើ បាន​និយាយ​ឱ្យដឹងថា បណ្តា​ខេត្ត នៅ​តំបន់​ទំនាប​កណ្តាល ចាប់ពី​ខេត្តកំពង់ធំ ចុះទៅ​ប៉ែក​ខាងត្បូង នៃ​ប្រទេស ផ្ទៃមេឃ មាន​សភាព​អាប់អួរ ខ្យល់​បក់ ក្នុង​ល្បឿន ពី​មធ្យម​ទៅ​បង្គួរ ធាតុអាកាស ចុះ​ត្រជាក់ ក្នុង​រង្វង់ ២០ អង្សា​សេ ជាមួយនឹង​ភ្លៀង​ផ្សែង​ក្រូច រុញ​ពី​ឦសាន ទៅ​ភាគខាងត្បូង​។​

​នៅឯ​ខេត្តមណ្ឌលគិរី ដែល​ទទួលរង​ឥទ្ធិពល ពី​ព្យុះ​ទី​២១ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា​នោះ លោក ខែម ភារ​ម្យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​នេះ បាន ប្រាប់​ឱ្យ​រស្មី​កម្ពុជា ឱ្យដឹង​នៅ​ព្រឹក ថ្ងៃទី​១១ វិច្ឆិកា នេះ​ថាៈ នៅ​ក្រុង​សែន​មនោ រម្យ​ព្រឹក​នេះ (១១​វិច្ឆិកា​) ផ្ទៃមេឃ​មាន​ពន្លឺ​ថ្ងៃ​វិញ​ហើយ បន្ទាប់ពី​អាប់អួរ និង​មាន​ភ្លៀងរលឹម ពេញ​មួយ​ថ្ងៃទី​១០ ខែវិច្ឆិកា ជាមួយនឹង​អាកាសធាតុ ចុះ​ត្រជាក់​ដល់​ក្រោម កម្រិត ២០ អង្សា​សេ រួចមក​។​

​លោក ខែម ភារ​ម្យ បានបញ្ជាក់​ថាៈ ភ្លៀង​ដោយសារ​ឥទ្ធិពល​ព្យុះ បាន​រាំង នៅ​ម៉ោង ២ រំលងអធ្រាត្រ ចូល​ថ្ងៃទី​១១ ខែវិច្ឆិកា បន្ទាប់ពី​បាន​ធ្លាក់​ពេញ​មួយថ្ងៃ មាន​កម្រិត ៤៥ មី​លី​ម៉ែត្រ នៅ​ក្រុង​សែន​មនោ​រម្យ តែ​នៅតាម​ស្រុក មាន​កម្រិត​ពី ២០ ទៅ ៣០ មី​លី​ម៉ែត្រ ។ កាលពី​រំលងអធ្រាត្រ ធាតុអាកាស បាន​ចុះ​ដល់ ១៨ អង្សា​សេ តែ​នៅ​ព្រឹក​នេះ បាន​កើន​ឡើងដល់ ២០ អង្សា​សេ​វិញ និង​មិនមាន​ខ្យល់ បក់បោក​ខ្លាំង​ទេ​។​

​លោក ចាន់ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​រតនគ​រី បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ព្រឹក​ថ្ងៃទី​១១ វិច្ឆិកា នេះដែរ​ថាៈ ផ្ទៃមេឃ​លើ ក្រុង​បាន​លង់ មាន​ពន្លឺ​ថ្ងៃ​វិញ​ហើយ នៅ​ព្រឹក​នេះ (១១​វិច្ឆិកា​) អាកាសធាតុ ក៏​លែង​ត្រជាក់​ដែរ បន្ទាប់ពី​មាន​ភ្លៀងរលឹម ដល់​កម្រិត ១៤ មី​លី​ម៉ែត្រ នៅ​ក្រុង និង​ដល់ ៤៣ មី​លី​ម៉ែត្រ នៅតាម​បណ្តា​ស្រុក ដែល​ស្ថានភាព​បែបនេះ មិន​ធ្លាប់មាន​ជាច្រើន​ឆ្នាំ មកហើយ នៅ​ខេត្តរតនគិរី ដែលមាន​ភ្លៀង ធ្លាក់​បែបនេះ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១១ ដល់ទី​១៧ ខែវិច្ឆិកា​ថា ព្យុះ​ទី​២១ ឈ្មោះ អេ​តូ ( ETAU ) បាន​នឹង​កំពុង​បន្ដដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច ។ ព្យុះ​នេះ នឹង​ចូលដល់ លើ​ភាគខាងត្បូង​នៃ ប្រទេស​វៀតណាម និង​ភាគ​ខាងកើត របស់​ប្រទេស​កម្ពុជា មុននឹង​ថមថយ​ឥទ្ធិពល ជា​វិ​សម្ពាធ និង​សម្ពាធ​ទាប នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ។

​នៅក្នុង​សេចក្តីជូនដំណឹង ខាងលើ បាន​សរសេរ​ទៀតថាៈ នៅលើ​សមុទ្រ​ខាងកើត ប្រទេស​ហ្វីលីពីន កើត​នូវ​ព្យុះ​ទី​២២ ឈ្មោះ វ៉ា​ម​កូ ( VAMCO ) ។ តាម​ការ​ព្យាករ ព្យុះ​នេះ នឹង​វិ​វត្ត​ខ្លួន​ជា​លំដាប់ ទៅជា​ព្យុះ​ទី​ហ្វុ​ង នៅពេល​ឆ្លង​ចូលមក ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ដំណើរ​របស់​ព្យុះ​នេះ នឹង​ចូល​មកដល់ លើ​ភាគ​កណ្តាល ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ហើយ​ថមថយ​ឥទ្ធិពល មកជា​វិ​សម្ពាធ​ទាប មុននឹង​ថមថយ​មកជា សម្ពាធ​ទាប នៅលើ​ភាគ​ឦសាន ប្រទេស​កម្ពុជា ។​

​ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា មាន​ពី ២១-២៣ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​២៨-៣០ អង្សា​សេ​។​

​នៅ​ថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន ។​
​នៅ​ថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង ក្នុង​កម្រិត​តិច ទៅ​មធ្យម ។​

​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២១ អង្សា​សេ​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩​អង្សា​សេ​។​នៅ​ថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន ។ នៅ​ថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​-​ខ្យល់​ក្នុង​កម្រិត​មធ្យម ។​

​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៨-៣០ អង្សា​សេ​។​នៅ ថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង ក្នុង​កម្រិត​តិច ទៅ​បង្គួរ​។ នៅ​ថ្ងៃទី​១៥- ១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង ក្នុង​កម្រិត មធ្យម ព្រមទាំង​រលក​សមុទ្រ អាចមាន​កម្ពស់ ខ្ពស់​ជា​បង្គួរ ។​

​អាស្រ័យ​ស្ថានភាព​ធាតុអាកាស ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន ជ្រាប​ជា​ព័ត៌មាន និង​មានការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ ដែល​នឹង​អាច​កើតមាន ជាយថាហេតុ ណាមួយ ៕/V

រូបភាព​ផែនទី​ប្រទេស​កម្ពុជា​ ពី​ផ្កាយរណប​ នៅ​ម៉ោង ​៩ ​ព្រឹក ​ថ្ងៃទី​១១​វិច្ឆិកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...