ដោយៈ សរិទ្ធ / ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ កំពុងសាកសួរ ជនសង្ស័យម្នាក់ដែលជាប់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ទម្ងន់ជាង ៦គីឡូក្រាម។
ជនសង្ស័យរូបនេះ បានត្រូវសមត្ថកិច្ច នគរបាល មន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី១០ វិច្ឆិកា ដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យ ឈ្មោះ ស្រ៊ាន គឹមស្រួច ភេទប្រុស អាយុ២៧ឆ្នាំ បានត្រូវឃាត់ខ្លួន កាលពីថ្ងៃទី៨ វិច្ឆិកា វេលាម៉ោង ៩និង៤០នាទីយប់ នៅចំណុចបន្ទប់ផ្ទះជួល លេខ៦ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ការបង្ក្រាបជនសង្ស័យនេះ មានកម្លាំងជំនាញ (ក១១) របស់មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញព្រមទាំងមានការ សម្របសម្រួល ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ និងបានរឹបអូសយកវត្ថុតាង ជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៦គីឡូ ២០២ក្រាម និងជញ្ជីងថ្លឹង ១គ្រឿង៕PC