សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨

1237
ចែករម្លែក

ដោយ : វិបុល / ​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ ប្រចាំ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ រូ​ម​មានដូចជា ៖

*​ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​


​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ បាន​បន្ត​សម័យប្រជុំ​លើក​ទី​១១ ព្រឹទ្ធសភា នីតិកាល​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​មាន​វត្តមាន​សមាជិក​ព្រឹទ្ធសភា ចំនួន​៤៨​រូប​។​
​សេចក្តីព្រាងច្បាប់​ស្តីពី អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ មាន​គោលបំណង​លើកកម្ពស់​សិទ្ធិ​ទទួលបាន​នូវ​ផលិតផល​ឱសថ​សម្រាប់​សុខភាព​សាធារណៈ តាមរយៈ​ការផ្តល់​អាជ្ញា​បណ្ណ​បញ្ជា​ឲ្យ​ផលិត​នាំចេញ និង​នាំចូល​នូវ​ផលិតផល​ឱសថ​ក្នុង​កាលៈទេសៈ​ប្រទេសជាតិ​មាន​អាសន្ន ឬ​កាលៈទេសៈ​បន្ទាន់​ផ្សេងទៀត ឬ​ប្រើប្រាស់​ជា សាធារណៈ​មិនមាន​លក្ខណៈ​ពាណិជ្ជកម្ម ឬ​ស្ថានភាព​សុខភាព​សាធារណៈ​ផ្សេងទៀត ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល​។ សេចក្តីព្រាងច្បាប់​នេះ មាន​គោលដៅ​កំណត់​លក្ខខណ្ឌ បែបបទ និង​នីតិវិធី​នៃ​ការផ្តល់ និង​ការអនុវត្ត​អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ វិសាលភាព​ពាក់ព័ន្ធ​នឹង​ផលិតផល​ឱសថ ដែល​ការពារ​ដោយ​ប្រកាសនីយបត្រ​តក្កកម្ម ក្នុង​កាលៈទេសៈ​ប្រទេសជាតិ​មាន​ភាពអាសន្ន ឬ​កាលៈទេសៈ​បន្ទាន់​បំផុត ៕

*​រោងចក្រ​កាត់ដេរ​៣​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា ជាមួយ​ទុន​ជិត​១០​លាន​ដុល្លារ​អាមេរិក​
​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៣​ទៀត បានមក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា នៅក្នុង​ពាក់កណ្តាល ខែមេសា ឆ្នាំ​២០១៨​នេះ ដែល​គិត​ជា​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជិត​១០​លាន​ដុល្លារ​អាមេរិក​និង​ផ្តល់​ការងារ​ជិត​៣០០០​កន្លែង​។​
​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យដឹងថា នៅ​ពាក់កណ្តាល​ខែមេសា​នេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ចំនួន​បី គឺ​៖
១-NEWEST GAR MENT (CAMBODIA) CO.,LTD : សម្រាប់​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៤,២២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,២២៥​កន្លែង​។​
២-​ក្រុមហ៊ុន HUA CHENG YI WEN GARMENT CO.,LTD” : គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី​ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ២.៥៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៥៣​កន្លែង​។​
៣- ក្រុមហ៊ុន RUN YI (CAMBODIA) CO.,LTD” : វិនិយោគ​លើ​គម្រោង បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​បុស្ស​តា នៃ​ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​២.៧៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ បាន​ចំនួន ១,០៥៨​កន្លែង ៕

*​មនុស្ស​៤៧​នាក់​ស្លាប់​-​របួស​១៤៣​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅមុន​និង​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ពីថ្ងៃ​ទី​១៣-១៧ ខែមេសា​
​គ្រោះថ្នាក់​ចរាចរណ៍ នៅមុន​និង​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ គិត​ចាប់ពី​ថ្ងៃទី​១៣-១៧ ខែមេសា ឆ្នាំ​២០១៨ បាន​បណ្តាល​ឲ្យ​មន​សុ្ស​ចំនួន ៤៧​នាក់​បាន​ស្លាប់ និង​របួស​ចំនួន​១៤៣​នាក់​។ បើ​បៀ​ប​ធៀប​ទៅ​និង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០១៧ ចំនួន​អ្នកស្លាប់​មានការ​ថយចុះ ដោយ​ក្នុង​ឆ្នាំ​២០១៧ អ្នកស្លាប់​៥៥​នាក់ និង​របួស​២២៦​នាក់ ៕

*​រថយន្តក្រុង​របស់​សាលា​រាជធានី​បម្រើ​ប្រជាពលរដ្ឋ​បានល្អ​
​រថយន្តក្រុង​របស់​សាលា​រាជធានី​ចំនួន​៦០​គ្រឿង ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅដល់​ខេត្ត​នានា​ដោយ​មិន​យកប្រាក់ តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​មាន​អ្នក​ជិៈ​រហូតដល់​១៤​ពាន់​នាក់​ទាំង​ទៅ​និង​មក​។​
​លោក អ៊ាង សុ​ឃីម អភិបាល​រដ្ឋាករ​ស្វ​យ័​ត្ន​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​នៃ​រាជធានី​ភ្នំពេញ បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៨ ខែមេសា​នេះ​ថា ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​ទៅមក​តាម​រថយន្តក្រុង​របស់​សាលា​រាជធានី​ទៅតាម​បណ្តា​ខេត្ត​នានា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លងទៅនេះ​មាន​ចំនួន​១៤,០៧៨​នាក់​។ អភិបាល​រដ្ឋាករ​ស្វ​យ័​ត្ន​ខាងលើ​បាន​បញ្ជាក់ថា នៅក្នុង​ចំនួន​១៤,០៧៨​នាក់​នេះ​មាន​៨,៨៣៣​នាក់​ធ្វើដំណើរ​ចេញពី​ភ្នំពេញ និង​ចំនួន​៥,២៤៥​នាក់ ធ្វើដំណើរ​ពី​តាម​បណ្តា​ខេត្ត​នានា​ចូលមកក្នុង​ក្រុងភ្នំពេញ​វិញ ៕

*​រថយន្តក្រុង​បើក​ឡើង​ស្ពាន​អាកា​សដី​ហ៊ុយ​បុក​បា​រ៉ា​ស់​ជា​រថយន្ត​ទី​២
​រថយន្តក្រុង​មួយគ្រឿង​ទៀតហើយ​បើក​បុក​បា​រ៉ា​ស់​ហាមឃាត់​មិនឱ្យ​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​ស្ពាន​អាកាស​ដី​ហ៊ុយ​។​រថយន្ត​នោះ​ជា​របស់​ក្រុមហ៊ុន​ចាយ​អ៊ែន​បណ្តាលឱ្យ​បាក់​ធ្លាក់​គាប​ជាប់​លើ​រថយន្ត​ទៅមុខ​លែងរួច​ហើយក៏​ជា​រថយន្ត​ទី​២​ដែរ​។​
​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​មុខ​មណ្ឌល​សុខភាព​ទឹកថ្លា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់​ថ្ងៃទី​១៧​ខែមេសា ឆ្នាំ​២០១៨ ៕

*​រថយន្ត​បើក​ដាច់​ក្រឡេក​ង់​មុខ​បណ្តាលឱ្យ​ក្រឡាប់​ស្លាប់​មនុស្ស​ពីរ​អ្នក​និង​រងរបួស​ធ្ងន់​៥​នាក់​
​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង ដោយសារ​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង បើក​ដាច់​ក្រឡេក​ង់​មុខ​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ស្លាប់​មនុស្ស​ពីរ​អ្ន ក​និង​រងរបួស​ធ្ងន់​៥​នាក់​។ ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៥.១៩៦ ស្ថិតក្នុង​ភូមិ​ពាក់​ស្បែក​ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨៕

*​សីតុណ្ហភាព​ធ្លាក់ចុះ​ពី​៣​ទៅ​៤​អង្សា​សេ​ឯ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​
​សីតុណ្ហភាព​អតិបរមា​នឹង​ចាប់​ធ្លាក់ចុះ​ជា​មធ្យម​ពី​៣​ទៅ​៤​អង្សា​សេ​ពីថ្ងៃ​នេះ​(១៨​មេសា​)​រហូតដល់​ដំណាច់​ខែមេសា បើ​ធៀប​ទៅនឹង​ថ្ងៃ​ដើម​សប្តាហ៍​នេះ​។​តែ​ភ្លៀង​កក់ខែ​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​ទូទាំងប្រទេស​រហូតដល់​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៨​នេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម