ដោយៈ ស​រិ​ទ្ធ / សៀមរាបៈ បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់ ម្ចាស់​សណ្ឋាគារ បាត់​ធ័​ប្លាយ​ភី ជា​មនុស្ស​ភេទ​ទី​បី ស្រឡាញ់​ភេទ​ដូចគ្នា នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​កំពុង​ត្រូវ បាន​សមត្ថកិច្ច​នគរ​បាល ខេត្តសៀមរាប សាកសួរ ករណី​គំរាមកំហែង ហែកកេរ្តិ៍ ដើម្បី​កសាង សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាមច្បាប់​។​

​បុរស​ជនជាតិ​អាមេរិកាំង រូបនេះ ឈ្មោះ GANSHAW JOHN អាយុ ៤៧ ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​យកមក សាកសួរ ករណី​គំរាមកំហែង​ហែកកេរ្តិ៍ ។​

​សមត្ថកិច្ច​នគរបាល ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅ សមត្ថកិច្ច បានទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ចោម សម្បត្តិ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​នៅ​ភូមិ​សាលា កំរើក សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប មុខរបរ ចុងភៅ ប្តឹង​ឈ្មោះ GANSHAW JOHN EDARD ដែល​បាន​បង្ហោះ​រូបភាព អាសអាភាស​របស់ខ្លួន ឲ្យ​ទៅ​ខ្លួន ហើយ​និយាយ​គំរាមកំហែង ទារលុយ​ចំនួន ៨ ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការមិន​បង្ហោះ រូបភាព​អាក្រាត របស់ខ្លួន ជា​សាធារណៈ​។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង ពី​ជនរងគ្រោះ​រួចមក សមត្ថកិច្ច បាន​ចាប់​ជនសង្ស័យ​បាន​។ ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ បាន​សារភាពថា ខ្លួនគេ ពិតជា​បាន​ផ្ញើ​រូបភាព​អាក្រាត ឲ្យ​ឈ្មោះ ចោម សម្បត្តិ ពិតមែន ពីព្រោះ​ជនរងគ្រោះ ឈប់​ស្រឡាញ់​ខ្លួន​។​

​សមត្ថកិច្ច បានបញ្ជាក់​បន្ថែមថា ជនសង្ស័យ ជា​មនុស្ស​ភេទ​ទី​បី ស្រឡាញ់​ភេទ​ដូចគ្នា​។​

​តាមរយៈ​ការស្រាវជ្រាវ របស់​សមត្ថកិច្ច បាន​ពិនិត្យ​ឆែកឆេរ​ផ្ទះ ជនសង្ស័យ ដោយ​រកឃើញ វត្ថុតាង​មាន កុំព្យូទ័រ​យួ​ដៃ ចំនួន ២​គ្រឿង អាយ​ផេ​ត ចំនួន ២​គ្រឿង កាមេរ៉ា កាណុង ចំនួន ១ គ្រឿង លិង្គ​សិប្បនិម្មិត ចំនួន ១ និង​ស្រោមអនាម័យ ប្រើប្រាស់​រួច មួយចំនួនទៀត​៕​PC