ដោយៈ បូកគោ / កំពតៈ សាធារណជនទូទៅ ចង់ឃើញអាជ្ញាធរ និងគ្រប់ផ្នែកពាក់ព័ន្ធ រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងផ្សារកំពង់ត្រាច ប្រកបដោយតម្លាភាពដើម្បីសោភ័ណ ភាព ក៏ដូចជា បញ្ចៀសនូវបញ្ហាវិវាទផ្សេងៗ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងរបស់អាជ្ញាធរ ស្រុកកំពង់ត្រាចបានចុះ រុះរើសំណង់ រៀបឥដ្ឋ សង់ចេញពីខឿនចាស់ មកលើដី សាធារណៈ ក្នុងផ្សារកំពង់ត្រាច ខេត្តកំពត ដោយសារម្ចាស់តូប មួយកន្លែង មិនព្រមអនុវត្តតាម សេចក្តីជូនដំណឹងពីរដ្ឋបាល ស្រុក។ ប្រតិបត្តិការនេះ ក៏មានពាក្យរិះគន់ មួយចំនួន ព្រោះតែអាជ្ញាធរមិនបានបង្ក្រាបលើ រូបភាព បែបអនាធិបតេយ្យ ដូចគ្នា ដែលបានកើតឡើង។
ស្ត្រីឈ្មោះ អ៊ុក ស្រីលី អាជីវករលក់គ្រឿងអលង្ការ ដែលជាម្ចាស់តូប ត្រូវបានអាជ្ញាធរចុះរុះរើ សំណង់ ខាងលើ បានរៀបរាប់ថាៈ គាត់មានការងឿងឆ្ងល់ណាស់ ក្នុងផ្សារកំពង់ត្រាច តែមួយ ហេតុអ្វីតូបគេរៀបឥដ្ឋបាន ឯគាត់ធ្វើមិនបាន។ មុននឹងធ្វើគាត់ បានសុំការអនុញ្ញាត ត្រឹមត្រូវ ដោយលោកប្រធានផ្សារ ប្រាប់ថា ធ្វើដូចគេទៅ តែកុំចេញក្រៅច្រើនពេក។ តូបលក់មាស ទាំងអស់ សុទ្ធតែធ្វើលយចេញពីសសរ។
អ្នកលក់អលង្ការដដែល បានបន្តថាអាជ្ញាធរស្រុកធ្វើបែបនេះ គាត់ពិតជាមិនយល់ទេ។ បើក្នុងផ្សារទាំងមូល គាត់ធ្វើតែម្នាក់ឯងនោះ ពិតជាខុសមែន ប៉ុន្តែសំណង់ថ្មីៗ គេធ្វើគ្រប់គ្នា ហេតុអ្វីមិនវាយកម្ទេច ដូចរបស់គាត់ផង។
អ្នកនាង ហេង គឹមហ៊ អ្នកលក់អលង្ការ ក្បែរគ្នា បានប្រតិកម្មថាៈ ក្នុងថ្ងៃដែល អាជ្ញាធរ ចុះមករុះរើនោះ ម្ចាស់សំណង់ បានឡាយវីដេអូ ចោទប្រកាន់ថា ក្រុមគ្រួសារខ្លួនជាអ្នកទៅប្តឹង អាជ្ញាធរ។ តាមពិត នេះជាសំណង់ថ្មី ដែលគេបានមកហាមឃាត់ ជាញឹកញយ ហើយថែមទាំង មានសេចក្តីជូនដំណឹង មុននឹងចុះមករុះរើទៀតផង។ ប្រសិនបើគាត់ មានភស្តុតាងថានាងជា អ្នកដាក់បណ្តឹង ទៅសាលាស្រុកនោះ សូមឱ្យគាត់ បង្ហាញឯកសារមកចុះ តែនេះជារឿង មិនពិតទាល់តែសោះ។
ហេង គឹមហ៊ បានបញ្ជាក់ថាៈ ក្រៅពីការដៀលជេរ ដោយពាក្យអសុរោះ ក្នុងថ្ងៃអាជ្ញាធររុះរើនោះ ភាគីខាងស្ត្រី អ៊ុក ស្រីលី ក៏ធ្លាប់គំរាមចង់សម្លាប់នាង ទៀតផង។ ដូច្នេះ ខ្លួនត្រូវតែរកផ្លូវច្បាប់ ដើម្បីការពារខ្លួនហើយ ព្រោះឯកសារ និងភស្តុតាងទាំងឡាយ មានគ្រប់គ្រាន់។
បុរស ទូច វិបុល អ្នកលក់មាស ក្នុងផ្សារកំពង់ត្រាច បានរៀបរាប់ថាៈ អ្នកលក់គ្រឿងអលង្ការ ទាំងពីរ តែងមានវិវាទនឹងគ្នា ជាញឹកញយ។ ឈ្មោះ អ៊ុក ស្រីលី ចេះតែរករឿងភាគីម្ខាងទៀត ដោយចោទប្រកាន់ លើឈ្មោះ ហេង គឹមហ៊ ថាបាំងស័ង្កសី ធ្វើឱ្យភ្ញៀវមើលតូបគាត់ មិនឃើញ។ តាមពិតស័ង្កសីនោះ គេបានបាំង បីបួនឆ្នាំមកហើយ ដើម្បីសុវត្ថិភាពទ្រព្យសម្បត្តិរបស់គេ។ ចំណែកសំណង់ឥដ្ឋ ដែលអាជ្ញាធរ រុះរើ គឺទើបតែធ្វើឡើង ពេលថ្មីៗនេះទេ។ និយាយរួម ឈ្មោះ អ៊ុក ស្រីលី តែងរំខានគេរហូត ដោយពេលខ្លះ ឃើញខាងភាគីម្ខាងទៀត មានភ្ញៀវចូលទិញច្រើន ក៏ចាប់ផ្តើមចាក់ធុងបាស លាន់ឮទៀតផង។ សូម្បីរាល់ពេលសមត្ថកិច្ច ចុះហាមឃាត់កំពុង រៀបឥដ្ឋ ដែលមានទាំង អ្នកសារព័ត៌មាន ផងនោះ ក៏គាត់ដៀលជេរ គេឯងគ្រប់ៗគ្នាដែរ។
ពាក់ព័ន្ធការបាត់បង់ សណ្តាប់ធ្នាប់ ក្នុងផ្សារកំពង់ត្រាច អាជីវករ ទូច វិបុល បានបញ្ជាក់ថាៈ ភាពអនាធិបតេយ្យ ដែលកំពុងកើតមាន គឺជាមរតកបន្សល់ទុក ពីអភិបាលស្រុក អាណត្តិមុន។ អភិបាលស្រុក បច្ចុប្បន្ន បាន និងកំពុងព្យាយាម ទប់ស្កាត់ ការកើតឡើង នូវសំណង់ថ្មីៗ ទើបមានការចុះរុះរើ ដូចករណីថ្ងៃមុន។ ចំណែកការលុបបំបាត់ សំណង់កើតឡើងជាយូរមក ហើយនោះ អាជ្ញាធរ ជួបការលំបាក និងរអាក់រអួលខ្លះ ព្រោះជាការបន្សល់ទុកពីមុន។
ជាអ្នករស់នៅក្បែរផ្សារ បុរសឈ្មោះ សំណាង បានរៀបរាប់ថាៈ ផ្សារកំពង់ត្រាចមានភាពអនា ធិបតេយ្យ ពេញបន្ទុក ទាំងក្នុងបរិវេណ និងនៅជុំវិញផ្សារ។ អ្នកលក់តែងដាក់ទំនិញលយចូល ចំណែកផ្លូវ ធ្វើឱ្យមានការប៉ះពារ ពេលភ្ញៀវ ដើរឆ្លងកាត់។ អ្នកខ្លះទៀត ធ្វើខឿនបំពានលើផ្លូវ សម្រាប់អតិថិជន និងបង្កឱ្យបាត់បង់ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈពិសេសពេល ពិធីបុណ្យទានម្តងៗ។
ពលរដ្ឋដដែលនេះ បានអំពាវនាវថា ក្នុងនាមជាអ្នករស់នៅក្បែរ និងបានឃើញផ្ទាល់ភ្នែក រាល់ថ្ងៃ ខ្លួនសំណូមពរ ដល់គ្រប់ផ្នែកពាក់ព័ន្ធ មេត្តាចុះមកពនិត្យមើល និងរៀបចំសោភ័ណភាព ឱ្យស័ក្តិសមជាស្រុកមួយ ដែលមានសកម្មភាព រស់រវើកផ្នែកដោះដូរទំនិញនេះផង។ លើស ពីនោះ ក៏សូមឱ្យមានចំណាត់ការ របស់អាជ្ញាធរ មានភាពស្មើគ្នា ចំពោះអ្នកបំពាន។
ជាមួយនឹងការបរិយាយ ខាងលើ អាជីវករទូច វិបុល អ្នកលក់គ្រឿងអលង្ការ អ៊ុក ស្រីលី និង ហេង គឹមហ៊ ក៏បានគាំទ្រឱ្យមានការរៀបចំ សណ្តាប់ធ្នាប់ ក្នុងផ្សារកំពង់ត្រាចដោយវិធាន ស្មើភាព ដូចៗគ្នា ផងដែរ។
ពាក់ព័ន្ធនឹងករណី ខាងលើនេះ លោក ហាម បាវ ប្រធានផ្សារកំពង់ត្រាច បានបញ្ជាក់តាម ទូរស័ព្ទ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ថាៈ លោកមិនអាចបំភ្លឺ ជាមួយអ្នកសារព័ត៌មាន បានទេ ព្រោះលោកជាប់រវល់។
ចំណែកអភិបាលស្រុកកំពង់ត្រាច លោក អូន ខន ពេលទំនាក់ទំង តាមទូរស័ព្ទនាព្រឹកថ្ងៃ ដដែលនេះ លោកឆ្លើយតបថា លោកកំពុងជាប់រវល់ការងា រជាមួយលោកអភិបាលខេត្តកំពត៕PC