ដោយៈ សរិទ្ធ / ភ្នំពេញៈ សវនាការជំនុះជម្រះ សំណុំរឿងឧបឃាត ដែលមានលោក សមរង្ស៊ី និង គូកនមួយចំនួនទៀត ជាជនជាប់ចោទ បានត្រូវលើកពេល ទៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះវិញ ដោយយោងតាមការស្នើសុំ ពីមេធាវីរបស់ក្រុមជនជាប់ចោទ។
សវនាការជំនុំជម្រះនេះ មានលោក ឌុច សុខសារិន ជាប្រធានក្រុមប្រឹក្សា, លោក សុង ប៊ុណ្ណារិទ្ធិ និងលោក ធាម ច័ន្ទពិសិដ្ឋ ជាមាជិកក្រុមប្រឹក្សា ព្រមទាំងលោក សេង ហៀង ជាតំណាង អយ្យការ។
តាមការកំណត់សវនាការជំនុំជម្រះនេះ ត្រូវប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែដោយមានការស្នើសុំ ពីមេធាវីរបស់ក្រុមជនជាប់ចោទ តុលាការក៍បានលើកពេលសវនាការ នេះ ទៅថ្ងៃក្រោយវិញ។
សូមបញ្ជាក់ថា សវនាការនេះ មានមនុស្សចំនួន ៩ នាក់ ដែលគេស្គាល់ថា ជាអតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិ ហើយភាគច្រើន កំពុងរត់គេចខ្លួន នៅក្រៅប្រទេស ត្រូវបានតុលាការ ចេញដីកាបិទប្រកាស ឱ្យចូលខ្លួន មកកាន់សាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីដោះសារ លើបទចោទ ក្នុងសំណុំរឿង «ឧបឃាត» ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
ជនជាប់ចោទ ចំនួន ៩ នាក់នោះ មាន ១.ឈ្មោះ សម រង្ស៉ី , ២.ឈ្មោះ អេង ឆៃអ៊ាង, ៣.ឈ្មោះ មួរ សុខហួរ, ៤.ឈ្មោះ អ៊ូ ច័ន្ទឬទិ្ធ, ៥.ឈ្មោះ ហូរវ៉ាន់, ៦.ឈ្មោះ ឡុង រី , ៧.ឈ្មោះ ម៉ែន សុថាវរិន្ទ្រ, ៨.ឈ្មោះ ជូឡុង សួមួរ៉ា និង៩.ឈ្មោះ នុត រំដួល ៕PC