ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មន្ត្រីអនុទ្យានុរក្ស តំបន់ការពារធម្មជាតិ បន្ទាយឆ្មារ នៃមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ ប្រចាំនៅតំបន់បេតិកភ័ណ្ឌ ភ្នំព្រះ ភ្នំវែង បានឃាត់ខ្លួន ជនសង្ស័យ បីនាក់ នៅចំណុចចុងភ្នំវែង ដោយបានដកហូតវត្ថុតាង រួមមាន មងដាក់សត្វស្លាប ៣ ក្បាល និងសត្វប្រចៀវចំនួន៤៥០ក្បាល ។
មន្ត្រីនៃមន្ទីរបរិស្ថាននេះ បានអោយដឹង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ថាៈ មន្ត្រីឧទ្យានុរក្ស បន្ទាយឆ្មារ ប្រចាំការ នៅតំបន់បេតិកភណ្ឌភ្នំព្រះ ភ្នំវែង បានចុះឃ្លាំមើលបទល្មើស នៅពេលយប់ តាមចំណុចផ្លូវចូលតំបន់ ក៏ប្រទះឃើញជនសង្ស័យ ចំនួនបីនាក់ នៅចំណុចចុងភ្នំវែង ។
ប្រភពបានបន្តថាៈ ដោយសួរនាំ និងឆែកឆេររកឃើញមងដាក់សត្វ ៣ ក្បាល សាក់កាដូ ចំនួន២ និងសត្វប្រចៀវ ចំនួន ៤៥០ ក្បាល។ មន្ត្រីឧទ្យានុរក្ស បាននាំអ្នកទាំង បី មកស្នាក់ការ ធ្វើកិច្ច សន្យា និងអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញ មិនកសាងសំណុំរឿង បញ្ជូនទៅតុលាការឡើយ ។ ដោយឡែក វត្ថុតាង ត្រូវបានដកហូតទុក និងសត្វប្រចៀវ (ដែលងាប់) ត្រូវបានដុតកម្ទេចចោល។
សូមរំលឹកថា នៅល្អាង ឬ រូងភ្នំព្រះ ភ្នំវែង ភ្នំកូនសេក ភ្នំពស់ នៅភូមិសាស្ត្រឃុំភូមិថ្មី ឃុំថ្នពួក និងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងភ្នំចង្ក្រានយក្ស ភូមិសាស្ត្រឃុំបេង ស្រុកបន្ទាយអំពិល ខេត្តបន្ទាយ មានជ័យ ជាតំបន់កាពារព្រៃឈើ និងសត្វព្រៃដែលធ្លាប់ គ្រប់គ្រង ដោយរដ្ឋបាលព្រៃឈើ ហើយចុងក្រោយ ប្រគល់អោយបរិស្ថាន គ្រប់គ្រងវិញ ។ នៅទីនោះ មានសត្វព្រៃ ពិសេសសត្វប្រចៀវច្រើន ។ ប៉ុន្តែកន្លងមក និងពេលនេះបទល្មើស ប្រមាញ់សត្វព្រៃ និងការលួចកាប់ឈើ នៅតែកើតមាន ជាបន្តបន្ទាប់ ៕PC