ដោយៈ គ្រញូង / បាត់ដំបងៈ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងការិយាល័យ ព្រហ្មទណ្គម្រិតស្រាល ខេត្តបាត់ដំបង បានកសាងសំណុំរឿង បញ្ជូនចោរលួចគោ ទៅតុលាការ ដើម្បីផ្ដន្ទាទោស តាមច្បាប់ ក្រោយពេលជនសង្ស័យនោះ បានលួចគោអ្នកស្រុក ចំនួន ២ ក្បាល កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអូរយាយសំ ស្ថិតក្នុងភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន និងបានគេចខ្លួនទៅបាត់ក៏ប៉ុន្តែត្រូវប៉ូលិស ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបាននោះ ។
លោកវរសេនីយ៍ឯក ឈឿន គឹមសុ ងនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថាៈ ម្ចាស់គោ ឈ្មោះ សុខ ស្រីសួង ភេទស្រី អាយុ៤៥ ឆ្នាំរស់នៅចំណុចកើតហេតុ ខាងលើ ចងគោទុក នៅខាងមុខផ្ទះ ។ ក្រោយពេលដឺងថា គោរបស់ខ្លួន ត្រូវបានចោរ លួចយកទៅបាត់ ម្ចាស់បានរាយការណ៍ ប្រាប់សមត្ថកិច្ចនគរបាល មូលដ្ឋានភ្លាមៗហើយឆ្លង តាមរយៈព័ត៌មាននេះ សមត្ថកិច្ចនគរបាល បានចាត់វិធានការ ស្រាវជ្រាវជាបន្ទាន់រហូតដល់ វេលាម៉ោង ១០និង៣០នាទី ដោយមានការសហការល្អ ជាមួយសមត្ថកិច្ចនគរបាល ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទើបស្វែងរកជនសង្ស័យនោះ ឃើញនៅចំណុច ភ្នំយាយសំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួន នៅរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ព្រមទាំងដកហូត បានគោ ចំនួន ២ ក្បាលមកវិញ ។
លោកនាយការិយាល័យ បានឲ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ឆុង ឈឹម ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ពេលនេះ គោទាំងពីរក្បាល បានប្រគល់ជូនម្ចាស់វិញ រីឯជនសង្ស័យ ត្រូវការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕PC