ដោយៈ ញ៉ែម សុផល/ភ្នំពេញៈ នៅក្នុងផេកហ្វេសប៊ុកនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក សួស យ៉ារ៉ា សមាជិករដ្ឋសភា បាននិយាយថាក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ស្ថានភាពរបស់គាត់នៅ ធម្មតាមិនទាន់មានការវិវឌ្ឍណាមួយដែលគួរបារម្ភទេ។លោកបានអនុវត្តចត្តាឡីស័កយ៉ាងម៉ឺងម៉ាត់ មិនដូចការបំផ្លើសថាលោកបានទៅទិវាបុណ្យឯករាជ្យនាថ្ងៃ៩វិច្ឆិកាឬទៅទីណាផ្សេងៗឡើយ។ សូមជនខិលខូចកុំយកបញ្ហាកូវីដ១៩ ដែលជាជំងឺសកលធ្វើជាល្បែងនយោបាយ ដើម្បីកេងប្រយោជន៍និងបំភិតបំភ័យប្រជាជន។
តំណាងរាស្ត្រ សួស យ៉ារ៉ា(រូបថតឯកសារ)
សូមជម្រាបថាសារនៅក្នុងហ្វេសប៊ុករបស់លោកនាថ្ងៃពុធទី១១ខែវិច្ឆិកានេះមានខ្លឹមសារដូចខាងក្រោម
ខ្ញុំបាទសួស យ៉ារ៉ា សូមគោរពថ្លែងសារដូចតទៅ១- សូមអរគុណមិត្ត និងញាតិគ្រប់គ្នាដែលបានផ្តល់សារលើកទឹកចិត្ត ខ្ញុំសូមចងចាំទុកក្នុងចិត្ត។២- ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ស្ថានភាពខ្ញុំនៅ ធម្មតាមិនទាន់មានការវិវឌ្ឍណាមួយដែលគួរបារម្ភទេ។៣- ខ្ញុំបានអនុវត្តចត្តាឡឺស័កយ៉ាងម៉ឺងម៉ាត់ មិនដូចការបំផ្លេីសថាខ្ញុំបានទៅទិវាបុណ្យឯករាជ្យឫទីណាផ្សេងៗឡើយ។៤- មេរោគ COVID-19 ជាមេរោគរាតត្បាតសកល សូមកុំយកវាធ្វើជាល្បែងនយោបាយ ឫភូតកុហក ឫប្រឌិតដើម្បីបំភ័យសាធារណជន។៥- ត្រូវប្រុងប្រយ័ត្នបំផុតមេរោគ COVID-19 អាចឆ្លងតាមខ្យល់ក្នុងបន្ទប់ម៉ាសុីនត្រជាក់ ដែលពុំមានលំហគ្រប់គ្រាន់។ ដូច្នេះគ្រប់គ្នាត្រូវពាក់ម៉ាស់ដាច់ខាត។៦- សូមអរគុណការយកចិត្តទុកដាក់ពីបណ្តាមិត្តអង្គទូតនិងមិត្តអន្តរជាតិទាំងឡាយ។ពិសេសស្ថានទូតចិនដែលបានផ្ញើសំភារសំខាន់ៗសម្រាប់ថែរក្សាសុខភាព។៧- សូមប្រជាជនទាំងអស់គោរពតាមបទបញ្ជារបស់ក្រសួងសុខាភិបាល ដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល។៨- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាមេដឹកនាំល្អ និងជាទីទុកចិត្តបំផុតក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងគ្រាលំបាក ហើយជាពិសេសគឺ លោកទាំងពីរ បានយកសុខទុក្ខប្រជាជនជាចម្បង។៩-សូមថ្នាក់ដឹកនាំមន្ត្រីនិងប្រជាជនរួមសាមគ្គីគ្នាអនុវត្តវិធានការក្រសួងសុខាភិបាលយកឈ្នះព្រឹត្តិការណ៍៣វិច្ឆិកានេះ ដោយមិនមានការឆ្លងទៅសហគមន៍៕
ដោយគោរព និងសូមការយោគយល់អំពីខ្ញុំបាទ-សួសយ៉ារ៉ា