ដោយៈប.ជ័យ / បន្ទាយមានជ័យៈសាច់មាន់ដែលនាំចូល ដឹកជញ្ជូន ចែកចាយគ្មានច្បាប់អនុញាតិ និង ខូចគុណភាពផង ទម្ងន់ ជិត៤០០គីឡូក្រាមដែលដឹកតាមរ៉ឺម៉ក ត្រូវបានមន្ត្រីជំនាញសហការបង្ក្រាបកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៨ ស្ថិតភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ក) សាខាខេត្ត និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងកាលពីថ្ងៃទី១១ ខែវិច្ឆិកាថា ក្រោយធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាសមត្ថកិច្ចក៏ឈានដល់ឃាត់ បានម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងលើកំណាត់ផ្លូវជាតិលេខ៥៨ រកឃើញសាច់មាន់ជាច្រើនស្បោងស្មើនឹងទម្ងន់៣៥០គីឡូក្រាម ។
សមត្ថកិច្ចបានបន្តថា ៖ ផលិតផលបក្សីទាំងនេះ ត្រូវឈ្មួញលួចនាំចូលតាមច្រករបៀងអូរបីជាន់ស្ថិតនៅភូមិ/ឃុំអូរបីជាន់ ស្រុកអូរ ជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងគោលដៅមក ចែកចាយនៅទីផ្សារក្នុងក្រុងប៉ោយប៉ែ ត និងនៅក្នុងខេត្តបន្ទាយមានជ័យ ។
ករណីនេះ សមត្ថកិច្ចបង្ក្រាបរឹបអូសបានតែវត្ថុតាង តែជនល្មើសមិនត្រូវបានឃាត់ខ្លួនបាននៅឡើយ ៕