Home ព័ត៌មានជាតិ សង្គម រដ្ឋបាល​ខេត្ត...

រដ្ឋបាល​ខេត្តកោះកុង កំពុង​ពិនិត្យមើល​លម្អិត​ពី​ផែនការ​វិនិយោគ​៣​ឆ្នាំ​រំកិល​

ដោយ​: សុ​ផានី​តា / កោះកុង​: អភិបាលរង​ខេត្តកោះកុង ដឹកនាំ​វេទិកា​ពិគ្រោះ​យោបល់​ស្តីពី​ការកសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល សម្រាប់​កិច្ចការ​អភិវឌ្ឍន៍​ឆ្នាំ​២០២១-២០២៣ ដោយមាន​ការបង្ហាញ​ពី​ផែនការ​សំខាន់ៗ​របស់​មន្ទីរ អង្គភាព​ជំនាញ​។​

​លោក អ៊ុក ភ័​ក្ត្រា អភិបាលរង​ខេត្តកោះកុង ឱ្យដឹង​នៅ​ថ្ងៃទី​ថ្ងៃទី​១១ ខែវិច្ឆិកា ២០២០​នេះ​ថា ការរៀបចំ​ផែនការអភិវឌ្ឍន៍​០៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ​០៣​ឆ្នាំ​រំកិល របស់​ក្រុមប្រឹក្សា​ខេត្ដ និង​ក្រុមប្រឹក្សា​ក្រុង ស្រុក គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​នានា​របស់​រដ្ឋបាល​ខេត្ដ និង​ក្រុង ស្រុក ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​មូលដ្ឋាន​របស់ខ្លួន​ឱ្យមាន លក្ខណៈសម្បត្តិ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជា​អាទិភាព​នានា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​។

​លោក​បន្ថែមទៀតថា ជាក់ស្តែង ការរៀបចំ​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​របស់​រដ្ឋបាល​ខេត្ដ ត្រូវ​ឆ្លងកាត់​ចំនួន ០៣ ជំហាន ដោយ​នៅក្នុង​ជំហាន​នីមួយៗ សុទ្ធតែ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​គោលការណ៍​ជា​មូលដ្ឋាន​ដូចជា​៖ ការចូលរួម​ពិគ្រោះ​យោបល់ ការចែករំលែក​ព័ត៌មាន ការធានា សមធម៌ គណនេយ្យភាព​តាមបែប​ប្រជាធិបតេយ្យ​។​ល​។

​ហើយ​ជាពិសេស ការប្រមូល​ព័ត៌មាន​អំពី​តម្រូវការ​នានា សម្រាប់​រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​រដ្ឋបាលខេត្ត នឹងត្រូវ​បានរៀបចំ​ឡើង ដោយ​ផ្អែកលើ​តម្រូវការ​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់ ស្របតាម​តម្រូវការ​របស់​រដ្ឋបាល​ឃុំ សង្កាត់ ដែល​លើកឡើង​តាមរយៈ​រដ្ឋបាល​ក្រុង ស្រុក តម្រូវការ​របស់​រដ្ឋ​បាល​ក្រុង ស្រុក តម្រូវ ការ​របស់​មន្ទីរ អង្គភាព​ជំនាញ​នានា តម្រូវការ​របស់​អង្គការ​សង្គម​ស៊ីវិល និង វិស័យ​ឯកជន​ជាដើម​។​

ដំណើរការ​នៃ​វេទិកា​ពិគ្រោះ​យោបល់​សម្រាប់​ឆ្នាំ​២០២១​នេះ លោក​អភិបាលរង​ខេត្ត ស្នើឱ្យ​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ត្រូវយក​ចិ​ត្ដ​ទុកដាក់​ពិនិត្យ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដោយ​ត្រូវ​ធ្វើយ៉ាងណា​កុំឱ្យ​មានការ​ខ្វះចន្លោះ​កើតឡើង​ជាយថាហេតុ ព្រោះថា​វេទិកា​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​តម្រូវឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​វិស័យ​ឯកជន អង្គការ​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​នានា ត្រូវ​រួមគ្នា​ពង្រឹង​កិច្ចសហការ​ជាមួយ​រដ្ឋបាលខេត្ត ក្រុង ស្រុក ជាពិសេស​ធ្វើការ​សម្របសម្រួល និង​បន្ស៊ី​គ្នា​រវាង​គម្រោង នៃ​កម្មវិធី​វិនិយោគ​របស់​រដ្ឋបាលខេត្ត​ជាមួយនឹង គម្រោង នៃ​កម្មវិធី​វិនិយោគ​របស់​រដ្ឋបាល​ក្រុង ស្រុក​។​

​លោក អ៊ុក ភ័​ក្ត្រា ជឿជាក់​ទុកជាមុន​ថា ក្រោយ​វេទិកា​ពិគ្រោះ​យោបល់​នេះ​បញ្ចប់ទៅ នឹង​ទទួលបាន​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ពិចារណា​គាំទ្រ​សកម្មភាព ដែល​បានលើកឡើង​ក្នុង​ដំណើរការ​វេទិកា​ពិគ្រោះ​យោបល់​របស់​រដ្ឋបាលខេត្ត ដែល​ក្រុមការងារ​បានធ្វើ​បទ​បង្ហាញ​ប្រកបដោយ​ប្រសិទ្ធភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១- ២០២៣) របស់​រដ្ឋបាល​ខេត្តកោះកុង​នាពេលនេះ គឺមាន​គោលបំណង សំខាន់ៗ​ដូចខាងក្រោម ៖
​ទី​១-​សម្របសម្រួល និង​បន្ស៊ី​គ្នា​រវាង​គម្រោង នៃ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ រំកិល​ខេត្ត​ជាមួយនឹង​កម្មវិធី​វិនិយោគ​ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង គម្រោង​របស់​បណ្តា​មន្ទីរ​វិស័យ​នានា​ក្នុង​ខេត្ត​។​
​ទី​២-​ពង្រឹង​កិច្ចសហការ​រវាង​រដ្ឋ​បាល​ខេត្ត​ជាមួយ​រដ្ឋបាល​ក្រុង ស្រុក ដៃគូ អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​នានា​។​
​ទី​៣-​កៀគរ​ធនធាន​សម្រាប់​គាំទ្រ​ដល់​គម្រោង​វិនិយោគ​នានា ដែល​បាន លើកឡើង​ដោយ​រដ្ឋបាលខេត្ត និង​រដ្ឋបាល​ក្រុង ស្រុក​។​
​ទី​៣-​បញ្ចូល​នូវ​គម្រោង​នានា ដែល​បានលើកឡើង​ដោយ​មន្ទីរ​វិស័យ ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង ស្រុក អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​នានា​ទៅក្នុង​កម្មវិធី​វិនិយោគ​របស់​រដ្ឋបាលខេត្ត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រ...

​ប្រែ​សម្រួលៈ​វាសនា​/​ញូវ...

អ្នកបើក​រ៉ឺម៉ក​លក់​ផ្កា ស...

ដោយៈ វណ្ណៈ/ព្រះសីហនុៈ បុរ...

កម្មការិនី​រោងចក្រ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ក...

អធិការនគរបាល ខណ្ឌ​កំបូល ន...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ ដោយ...