Home ព័ត៌មានជាតិ សង្គម ផ្ទៃមេឃ​អាប់អ...

ផ្ទៃមេឃ​អាប់អួ​រហូតដល់​ល្ងាច​តែ​មិនមាន​ភ្លៀង​ទេ​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈផ្ទៃមេឃ​នៅលើ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន​នា​ប៉ែក ខាងត្បូង​ប្រទេស​បន្ត​អាប់អួ​ពេញ​មួយ​ល្ងាច​នេះ​ទៀត ដោយសារ​ឥទ្ធិពល​ព្យុះ​ទី​២១ ដែល​បាន​រលាយ​បាត់ទៅហើយ តែ​មិនមាន​ភ្លៀង​ធ្លា​ក់មក​ច្រើន​ទេ​។ លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​បញ្ជាក់​​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១១​ខែវិច្ឆិកា​នេះ​យ៉ាង​ដូច្នេះ ។​

​លោក​ចាន់​យុ​ត្ថា បាន​និយាយថា​ព្យុះ​ទី​២១ បាន​រលាយ​អស់​បាត់ទៅហើយ តែ​បាន​បន្សល់ទុក​នូវ​ផ្ទៃមេឃ​អាប់អួរ​ភ្លៀង​ផ្សែង​ក្រូច​នៅ​ស្ទើរ​ពេញ​ផ្ទៃ ប្រទេស​តាំងពីព្រឹក​ព្រលឹម​ថ្ងៃនេះ​មក​។ ភ្លៀង​រដូវវស្សា​នៅ​មិនទាន់​អស់​នៅ​ឡើយ​​​​​​​ទេ ឯ​ខ្យល់មូសុង​ឦសាន​ក៏​មិនទាន់បាន​ធ្លាក់​ចុះមក​ពេញលេញ​នៅឡើយ​ដែរ ។​

​ចំណែកឯ​ព្យុះ​ទី​២២​ឈ្មោះ​វ៉ា​ម​កូ (VAMCO) វិញ លោក​ចាន់ យុ​ត្ថា បានបញ្ជាក់ ថា​នៅ​លៀស​ថ្ងៃនេះ​វា​បាន​បង្កើន​​​ឥទ្ធិពល​ទៅជា​ព្យុះ​ទី​ហ្វុ​ង ស្ថិតនៅលើ​ប្រទេស ហ្វីលីពីន ដោយ​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​។ ព្យុះ​នេះ​នឹង​ដើរ​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយមាន​ការប្រែប្រួល​គោលដៅ​ឡើងគោក តែ​នៅលើ​ប្រទេស​វៀតណាម​ដដែល​ទេ​។​

​នៅឯ​ខេត្តមណ្ឌលគិរី ដែល​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ​ទី​២១ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា​នោះ លោក ខែម ភារ​ម្យ ប្រធាន​​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​នេះ បាន ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា នៅ​ក្រុង​សែន​មនោ​រម្យ​ព្រឹក​នេះ (១១​វិច្ឆិកា​) ផ្ទៃមេឃ​មាន​ពន្លឺ​ថ្ងៃ​វិញ​ហើយ បន្ទាប់ពី​អាប់អួរ​និង​មាន​ភ្លៀង រលឹម​ពេញ​មួយ​ថ្ងៃទី ១០ ខែវិច្ឆិកា ជាមួយនឹង​អាកាសធាតុ​ចុះ​ត្រជាក់​ដល់​ក្រោម​កម្រិត​២០​អង្សា​សេ​រួចមក​។

​លោក​ខែម ភារ​ម្យ បានបញ្ជាក់​ទៀតថា​ភ្លៀង​ដោយសារ​ឥទ្ធិពល​ព្យុះ បាន រាំង​នៅ​ម៉ោង​២​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា បន្ទាប់ពី​បាន​ធ្លាក់​ពេញ​មួយថ្ងៃ​មាន​កម្រិត​៤៥ មី​លី​ម៉ែត្រ​នៅ​ក្រុង​សែន​មនោ​រម្យ តែ​នៅតាម​ស្រុក​មាន​កម្រិត​ពី​២០​ទៅ​៣០​មី​លី​ម៉ែត្រ ។ កាលពី​រំលងអធ្រាត្រ​ធាតុអាកាស​បាន​ចុះ​ដល់​១៨​អង្សា​សេ តែ​នៅ​ព្រឹក​នេះ​បាន កើន​ឡើង​ដល់​២០​អង្សា​សេ​វិញ និង​មិនមាន​ខ្យល់​បក់បោក​ខ្លាំង​ទេ​។​

​លោក​ចាន់ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​រតនគ​រី​បាន ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា​ថា ផ្ទៃមេឃ​លើ​ក្រុង​បាន​លុង​មាន ពន្លឺ​ថ្ងៃ​វិញ​ហើយ​នៅ​ព្រឹក​នេះ (១១​វិច្ឆិកា​) អាកាសធាតុ​ក៏​លែង​ត្រ​ជាក់​ដែរ បន្ទាប់ពី មាន​ភ្លៀងរលឹម​ដល់​កម្រិត​១៤​មី​លី​ម៉ែត្រ​នៅ​ក្រុង និង​ដល់​៤៣​មី​លី​ម៉ែត្រ​នៅតាម​បណ្តា​ស្រុក ដែល​ស្ថានភាព​បែបនេះ​មិន​ធ្លាប់មាន​ជាច្រើន​ឆ្នាំ​មកហើយ​នៅ​ខេត្តរតនគិរី​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ជូនដំណឹង​ស្តីពី ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១១ ដល់ ទី​១៧ ខែវិច្ឆិកា​ថា ព្យុះ​ទី​២១ ឈ្មោះ អេ​តូ (ETAU) បាន​នឹង​កំពុង​បន្ដ​ដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច​។ ព្យុះ​នេះ​នឹង​ចូលដល់​លើ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម និង​ភាគ​ខាងកើត​របស់​ប្រទេស​កម្ពុជា​មុននឹង​ថមថយ​ឥទ្ធិ ពល​ជា​វិ​សម្ពាធ និង​សម្ពាធ​ទាប​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​។

​នៅក្នុង​សេចក្តីជូនដំណឹង​ខាងលើ​បាន​សរសេរ​ទៀតថា​នៅលើ​សមុទ្រ​ខាង កើត​ប្រទេស​ហ្វីលីពីន កើត​នូវ​ព្យុះ​ទី​២២ ឈ្មោះ វ៉ា​ម​កូ ( VAMCO ) ។ តាម​ការ​ព្យាករ ព្យុះ​នេះ​នឹង​វិ​វត្ត​ខ្លួន​ជា​លំដាប់​ទៅជា​ព្យុះ​ទី​ហ្វុ​ង នៅពេល​ឆ្លង​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ដំណើរ​របស់​ព្យុះ​នេះ​នឹង​ចូល​មកដល់​លើ​ភាគ​កណ្តាល​ប្រទេស​វៀត​ណាម នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ហើយ​ថមថយ​ឥទ្ធិពល​មកជា​វិ​សម្ពាធ​ទាប​មុននឹង​ថមថយ​មកជា សម្ពាធ​ទាប​នៅលើ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មា​សីតុណ្ហភាព អប្បបរមា​មាន​ពី​២១-២៣ អង្សា​សេ សី​តុ ណ្ហ​ភាព​អតិបរមា មាន​ពី​២៨-៣០ អង្សា​សេ​។ នៅ​ថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។ ហើយ​នៅ​ថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​តិច​ទៅ​មធ្យម ។​

​រីឯ​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២១ អង្សា​សេ​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩​អង្សា​សេ​។ នៅ​ថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន ។ ហើយ​នៅ​ថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​-​ខ្យល់​ក្នុង​កម្រិត​មធ្យម ។​

​ដោយឡែក​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៨-៣០ អង្សា​សេ​។ នៅ ថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​តិច​ទៅ​បង្គួរ​។ ហើយ​នៅ​ថ្ងៃទី​១៥- ១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត មធ្យម ព្រមទាំង​រលក​សមុទ្រ​អាចមាន​​កម្ពស់​​​​ខ្ពស់​​​ជា​បង្គួរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...