រថយន្ត ៤​គ្រឿង និង​ម៉ូតូ​មួយគ្រឿង​បុក​បន្តកន្ទុយ​គ្នា​នៅ​ផ្លូវជាតិ​លេខ​៦ របួសធ្ងន់​២​នាក់​

1503
ចែករម្លែក

​ដោយ​: ប្រុស​ម៉ៅ / ភ្នំពេញ​: រថយន្ត​ចំនួន​៤​គ្រឿង​នឹង​ម៉ូតូ​មួយគ្រឿង ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ បាន​បុក​បន្តកន្ទុយ​គ្នា នៅ​ចំណុច​ក្បែរផ្លូវ​បត់​ចូល​ស្ពាន​លី​យ៉ុង​ផាត់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១​រសៀល​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៨ បណ្តាល​ឲ្យ​មនុស្ស​២​នាក់ ត្រូវបាន​រងរបួស​ធ្ងន់​ធ្ង​រដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ត​បួន​គ្រឿង​ដែល​បុក​គ្នា​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ​ទី​១ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE 4076 ទី​២ រថយន្ត​ម៉ាក Vigo ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ទី​៣​រថយន្ត​ម៉ាក Sienna ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN 0048 និង​ទី​៤ រថយន្ត​ម៉ាក កា​ម៉ា​រី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2I 4361 ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1H 4527​។

​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ ដំបូង​ឡើយ​រថយន្ត​ទាំង​បួន​គ្រឿង បាន​បើកបរ​ទិសដៅ​ស្របគ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​6A លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​កា​ម៉ា​រី​ឆ្លាម បាន​បន្ថយ​លឿន​អែប​ជាប់​ជាមួយ​ខឿន​សួនច្បារ ក៏​បណ្តាល​ឲ្យ​រថយន្ត​បី​គ្រឿង ដែល​កំពុងបើក​ពី​តាម​ក្រោយ​បុក​ចំ​គូទ​រថយន្ត​កា​ម៉ា​រី​ឆ្លាម ជា​បន្តបន្ទាប់ បណ្តាល​ឲ្យ​រថយន្ត​ទាំង​៤​គ្រឿង​រង​ការខូចខាត​។

​ប្រភព​ដដែល​បន្តថា ក្រោយ​រថយន្ត​ទាំង​បួន​គ្រឿង​បុក​គ្នា​ហើយ ក៏មាន​បុរស​២​នាក់​កំពុង​ជិះ​ម៉ូតូ​គ្រឿង​ឌុប​គ្នា បាន​ជ្រុល​បុក​គូទ​រថយន្ត​ខាងលើ​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ត្រូវបាន​រងរបួស​ធ្ងន់ធ្ង​រ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាម ចំណែក​ម៉ូតូ​ត្រូវ​ខូចខាត​ខ្ទេច​ទាំងស្រុង​តែម្តង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​សហការ​ជាមួយ​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​វាស់វែង​អូស​យក​ទាំង​ថយ​ន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម