ដោយៈសរិទ្ធ/ក្រចេះ:នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះកំពុងធ្វើការសាកសួរបុរសម្នាក់ដែលបានធ្វើសកម្មភាពបោកប្រាស់ប្រាក់រាប់ម៉ឺនដុល្លារតាមរូបភាព ធានានាំចូលបម្រើការងារក្នុងក្របខណ្ឌយោធា នៃបញ្ជាការដ្ឋានទ័ពជើងគោកដើម្បីកសាងសំណុំរឿងទៅតុលាការចាត់ការបន្តតាមច្បាប់។
បុរសរូបនេះឈ្មោះហ៊ាងកុសល្យមានទីលំនៅក្នុងឃុំសំបូរស្រុកសំបូរខេត្តក្រចេះបានត្រូវកម្លាំងអាវុធហត្ថស្រុកសំបូរ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២០ពេលជននេះបានគេចខ្លួនបាត់ពីផ្ទះអស់ជាច្រើនខែទើបវិលមកផ្ទះវិញ។ពេលនេះមានជនរងគ្រោះជាច្រើននាក់ដែលត្រូវគេឆបោក កំពុងតែមកដាក់ពាក្យបណ្តឹងនៅអាវុធហត្ថស្រុកសំបូរជាបន្តបន្ទាប់ផងដែរ។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថាបុរសរូបនេះនេះ បានធ្វើសកម្មភាពរយៈពេលជិតមួយឆ្នាំមកហើយ មិនត្រឹមតែបោកបញ្ឆោតអ្នកក្នុងខេត្តក្រចេះនេះទេថែមទាំងមានអ្នកនៅតាមបណ្តាខេត្តផ្សេងមួយចំនួនទៀតផងដែរ។
បុរសរូបនេះ បានសារភាពថាគេជាអ្នករត់ការឲ្យចូលបម្រើរការងារក្នុងក្របខណ្ឌយោធានៃបញ្ជាការដ្ឋានទ័ពជើងគោកដោយយកប្រាក់ជនរងគ្រោះក្នុងម្នាក់ៗ ចាប់ពី៤ពាន់ដុល្លារឡើងទៅ។បន្ទាប់មកកម្លាំងអាវុធហត្ថស្រុកសំបូរបានបញ្ជូនបុរសរូបនេះទៅកងរាជអាវុធហត្ថខេត្តក្រចេះដើម្បីធ្វើការសាកសួរ៕